មន្ត្រី​អាល្លឺម៉ង់​ជួប​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ពិភាក្សា​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​

ជា​បន្តបន្ទាប់​គណបក្ស​សង្គ្រោះ​ជាតិ​និង​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ត្រូវបាន​សហគមន៍​អន្តរជាតិ​សម្តែង​ការគាំទ្រ​និង​សាកសួរ​សុខទុក្ខ​ជា​បន្តបន្ទាប់​នៅ​គ្រា​ដែល​ស្ថានភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា​មិនទាន់មាន​ភាពប្រក្រតី​នៅឡើយ ដោយសារតែ​គណបក្សជំទាស់​និង​មន្ត្រី​សង្គម​ស៊ីវិល​នៅតែ​រង​ការគាបសង្កត់​និង​ធ្វើទុក្ខបុកម្នេញ​ពី​រដ្ឋាភិបាល​តាមរយៈ​ម​ធ្យោ​បាយ​ផ្សេងៗ​ដែល​ប៉ះពាល់​ខ្លាំង​ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​។​

ជាក់ស្តែង​នៅ​ចុង​សប្តាហ៍​នេះ លោក ជរ​ជេន គុប​ប៉េ​លិ​ន​(Jürgen Koppelin) អតីត​សមាជិកសភា​សហព័ន្ធ នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​និង​លោក ហា​ន្ស​-​ហ្គេ​អក យ៉ូ​ណិ​ក​(Hans-Georg Jonek) នាយក​មូលនិធិ ហ្រី​ឌ្រិ​ច​-​ណៅ​ម៉ាន់ ដើម្បី​សេរីភាព​(Friedrich Naumann Foundation for Freedom) ប្រចាំ​ប្រទេស​វៀតណាម​និង​កម្ពុជា បាន​អញ្ជើញ​មកជួប​ពិភាក្សា​ការងារ​ជាមួយ​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ផ្សេងទៀត​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ​។ ក្នុងជំនួប​ខាងលើនេះ​ភាគី​ទាំង​ពីរបាន​ពិភាក្សា​អំពី​ស្ថានភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន កិច្ចសហប្រតិបត្ដិការ​មូលនិធិ​អាល្លឺម៉ង់​ជាមួយ​រដ្ឋសភា​កម្ពុជា​និង​កិច្ច​ការដែល​គណ​សង្គ្រោះ​ជាតិ​នឹង​ត្រូវធ្វើ​បន្ដ​ដែល​ក្នុងនោះ​រួមមាន​៖ ទី​១-​កិច្ចការ​បោះឆ្នោត ទី​២-​ការតស៊ូ​មតិ​ដោយ​អហិង្សា និង​ទី​៣-​ការពង្រឹង​គណបក្ស​តាមរយៈ​ការបណ្ដុះបណ្ដាល​និង​ការកែទម្រង់​ផ្ទៃក្នុង​ជាអាទិ៍​។​

គួរ​បញ្ជាក់ថា បច្ចុប្បន្ននេះ ស្ថានភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា​ហាក់​មាន​ភាពស្រពេចស្រពិល​នៅឡើយ បើទោះជា​គណបក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្សជំទាស់​ព្យាយាម​សម្រុះសម្រួល​ដោះស្រាយ​ជាមួយ​រដ្ឋាភិបាល​ដើម្បី​បញ្ចប់​បញ្ហានយោបាយ​ឲ្យ​បាន​មុន​ការបោះឆ្នោត​នាពេលខាងមុខ​ក៏ដោយ​។ យ៉ាងណាក្តី​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ជាច្រើនរូប​បាន​សង្កត់ធ្ងន់ថា បើទោះជា​មាន​ឧបសគ្គ​ប៉ុនណា​ក៏ដោយ ក៏​គណបក្ស​សង្គ្រោះ​ជាតិ នឹងមិន​បោះបង់​គោលដៅ​ជា​យុទ្ធសាស្ត្រ​របស់ខ្លួន​ឡើយ​នោះ​គឺ ដំណើរ​ឆ្ពោះទៅរក​ការបោះឆ្នោត​ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​នៅ​កម្ពុជា​។ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា កិច្ច​ការដែល​ត្រូវ​ធ្វើជា​អាទិភាព​នៅពេលនេះ គឺ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​៕

14572429_1485271398156821_5037460487508056071_n