អស្ចារ្យ! ជិត១០០គ្រឿង​ចាំអស់​រាប់ម៉ោង ទំរាំតែសម្រេច

ខេត្តមណ្ឌលគិរី ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៨ តុលា ២០១៦ ស្ថិតផ្លូវជាតិ​លេខ​៧៦​ ត្រង់ចំណុច​អូរ​​ទេ ក្នុងភូមិ​ពូ​តាំង សង្កាត់​រម្យ​នា ក្រុង
​សែ​នមនោ​រម្យ បាន​​ផ្អាក​ចរាចរ​ណ៍​ទាំងស្រុង​​អស់​រយៈពេល​ប្រមាណ​៤​​ម៉ោង ចាប់ពី​ម៉ោង​៦​ព្រឹក រហូត​ដល់​ម៉ោង​១០​ព្រឹក​ ។

ការផ្អាកចរាចរណ៍នេះ ក៏​ព្រោះតែ​សមត្ថកិច្ច​បាន​បញ្ជា​ឱ្យ​រថយន្តទៅស្ទូចយករថយន្ត​ដឹក​បង្គោល​អគ្គិសនី​មួយ​​គ្រឿង ដែល​បាន​ក្រឡាប់​កណ្តាលផ្លូវ កាលពី​ល្ងាច​ថ្ងៃ​ទី០​៧ តុលា​ ។ សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ទម្រាំ​តែ​អាច​ស្ទូច​រថយន្ត​ក្រឡាប់​នោះ​​បាន គេ​ត្រូវ​ប្រើ​ពេលវេលា​សឹង​អស់​មួយ​​កំណាត់​ព្រឹកទៅហើយ​ និង​បិទផ្លូវ​ជាតិ​លេខ​៧៦​​បណ្តោះ​អាសន្ន​ទៀត ។​

សមត្ថកិច្ច​បន្ត​ថា យ៉ាង​ហោច​ណាស់​ ក៏​មាន​រថយន្ត​អ្នកដំណើរ​ប្រមាណ​ជិត​១០០​គ្រឿង ត្រូវ​បាន​ខកខាន​ដោយសារ​ស្ទះផ្លូវនេះ ​ប៉ុន្តែ​ដោយ​មានការ​យកចិត្តទុកដាក់​ពី​អាជ្ញាធរ នៅ​វេលា​ម៉ោង​១០​ព្រឹកថ្ងៃដដែល ​​ត្រូវ​បាន​បើកឱ្យ​ដំណើរការ​ជា​ប្រក្រតី​ឡើង​វិញ​ ។

សូមរំលឹកថា រថយន្ត​ធុន​ធំ​១​គ្រឿង ដឹក​បង្គោល​ភ្លើង​ពី​ខេត្តកំពង់ស្ពឺ ទៅ​មណ្ឌលគិរី បាន​បើក​ឡើង​ភ្នំ​មិន​រួច​ ក៏​រអិល​ថយក្រោយ​ក្រឡាប់​ផ្ងារ​ជើង​នៅ​នឹង​ផ្លូវ កាលពី​រសៀល​ថ្ងៃ​ទី​០៧ ​តុលា ​​២០១៦ នៅ​​ចំណុចខាងលើនោះ ។

អ្ន​ក​បើក​មានឈ្មោះហ៊ែ​ល រ៉ា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​បច្ចុប្បន្ន​រស់នៅ​ភូមិ​តាំង​សាំង ឃុំ​ព្នេ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​ ​បើករថយន្ត​ម៉ាក​ហ៊ី​យ៉ាន់ដាយ​សណ្ដោងរ៉ឺម៉ក ពាក់​ស្លាក​លេខ​ភ្នំពេញ​3C-1492 ​។ ចំពោះ​​មូលហេតុ គឺ​ឡើង​ភ្នំ​មិន​រួច​ធ្វើ​ឱ្យ​​ថយក្រោយ​ក្រឡាប់​ដោយ​ខ្លួនឯង តែករណី​នេះ មិន​បណ្ដាល​ឱ្យ​​មាន​មនុស្ស​គ្រោះថ្នាក់​នោះ​ទេ ។