លោក ហ៊ុន ម៉ា​ណែ​ត មិន​បារម្ភ​ពី​គម្រោង​ធ្វើ​បាតុកម្ម​នៅ​អូស្ត្រាលី

រាជធានី​ភ្នំពេញ ៖ កូនប្រុស​ច្បង​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​គឺ លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​នៅ​មុន​ពេល​ដឹកនាំ​គណៈប្រតិភូ​ក្រុមការងារ​យុវជន​ក្រៅប្រទេស ទៅ​បំពេញបេសកកម្ម​នៅ​ប្រទេស​អូស្ត្រាលី និង​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់ នា​ល្ងាច​ថ្ងៃ​ទី​៦ ខែតុលា ថា លោក​មិន​បារម្ភ​អំពី​គម្រោង​ធ្វើ​បាតុកម្ម​នៅ​ប្រទេស​អូស្ត្រាលី​នោះ​ទេ ប៉ុន្តែ​សូម​ឲ្យ​បាតុកម្ម​នោះ កុំ​លើស​ព្រំដែន​ច្បាប់ ។

លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ដូច្នេះ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សមាជិក​សភា​នៅ​ប្រទេស​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​គឺ​លោក ហុង លី​ម ដែល​គ្រោង​ធ្វើ​បា​តុ​ម្ម​ប្រឆាំង​នឹង​ក្រុមការងារ​របស់​លោក ខណៈ​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់ ប្រទេស​អូស្ត្រាលី និង​នូ​វែ​ល​ហ្សេ​ឡង់ ។

លោក ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​ថា គាត់​មាន​សិទ្ធិ​ធ្វើ​បាតុកម្ម ប៉ុន្តែ​សូម​ឲ្យ​ការ​ធ្វើ​បាតុកម្ម​នោះ​គោរព​សិទ្ធិ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អ្នក​ទៅ​ពី​ក្នុង​ប្រទេស និង​អ្នក​ដែល​នៅ​អូស្ត្រាលី​ផង​ដែរ ដែល​មាន​សិទ្ធិ​ចូលរួម​ស្តាប់​ក្នុង​ពិធី​សំណេះសំណាល ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ។ អ្នកមាន​សិទ្ធិ​ធ្វើ​បាតុកម្ម ប៉ុន្តែ​សូមកុំ​ធ្វើ​អ្វី​ឲ្យ​លើស​ពី​ព្រំដែន​នៃ​ច្បាប់ បើសិន​ធ្វើ​លើស​ពី​ច្បាប់​នៅ​ទីនោះ នឹង​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ។

លោក ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ឲ្យ​ដឹងផង​ដែរ អំពី​គោលបំណង​នៃ​ការ​ដឹកនាំ​គណៈប្រតិភូ​ក្រុមការងារ​យុវជន​ក្រៅប្រទេស គឺ​ដើម្បី​ជួបជុំ​សួរសុខទុក្ខ​បងប្អូន​ប្រជាជន​ខ្មែរ​ដែល​រស់នៅ​ប្រទេស​អូស្ត្រាលី និង​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់ និង​ជួប​មន្ត្រី​រដ្ឋាភិបាល និង​សមាជិក​សភា​អូស្ត្រាលី  ព្រមទាំង​មន្ត្រី​រដ្ឋាភិបាល​នូ​វែ​ល​ហ្សេ​ឡង់ ក្នុង​គោលបំណង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​អូស្ត្រាលី និង​នូ​វែ​ល​ហ្សេ​ឡង់​បន្ថែម​ទៀត ដើម្បី​បង្ហាញ​អន្តរជាតិ​ថា កម្ពុជា​បាន​វិវត្តន៍​ដល់​ណា​ហើយ ៕