ករណីថា ធាក់ម៉ូតូដួលបោកក្បាល​ស្លាប់ ការពិត​​​ឃាតកម្ម​​សោះ

ខេត្តពោធិ៍សាត់ ៖ ទឹក​នៅ​ល្អក់ ចឹ​ង​មិន​ទាន់​មើលឃើញ​អ្វី​ដែល​នៅ​បាត​ក្រោម​នោះ​ទេ ប៉ុន្តែ​ឥឡូវនេះ ទឹក​រង​ថ្លា​ទើប​ដឹង​ថា នៅ​ខាង ក្រោម​មាន​អ្វីខ្លះ ។

ជាក់ស្ដែង ករណី​បុរស​ម្នាក់​ដែល​គេ​និយាយ​ថា ស្រវឹងស្រា​ធាក់​ម៉ូតូ​ទប់ខ្លួន​មិន​ជាប់ ដួល​បោក​ក្បាល​នឹង​ជើង​តាង បណ្តាល​ឱ្យ​ស្លាប់​កាលពី​យប់​ថ្ងៃ​ទី​០៥ តុលា ស្ថិត​នៅ​ភូមិ​កំពង់​ឡ ឃុំ​កំពង់​ពោធិ៍ ស្រុក​ក្រគរ​នោះ តាម​ពិត​ក្រោយ​ពី​សមត្ថកិច្ច​ស្រាវជ្រាវ​ទៅ ទើប​ដឹង​ថា វា​ជា​រឿង​ឃាតកម្ម​សោះ បន្ទាប់​ពី​ធ្លាយ​រឿង​ ។ ​​

សមត្ថកិច្ច​​កំណត់​មុខសញ្ញាបាន រហូតឈាន​ទៅ​ឃាត់ខ្លួន​ជន​ដៃដល់​ កាលពី​ថ្ងៃ​ទី​០៦​ តុលា ​យក​មក​សាកសួរ​ ។ លោក​វរសេ​នីយ៍ទោ ម៉ូ លី​ដា ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​​​ឃាត់ខ្លួន​ឈ្មោះ​​ហ៊ី​ម ​ម៉ា​ន ​ភេទ​ប្រុស ​អាយុ​៣៧​ឆ្នាំ ​ខ្មែរ-អិស្លាម​ ជា​ម្ចាស់ផ្ទះ​​នៅ​ភូមិ​កំពង់​ឡ​ ឃុំ​កំពង់​ពោធិ៍​ ស្រុក​ក្រគរ ​។

គួរ​បញ្ជាក់​ថា​ កាលពី​យប់​ថ្ងៃ​ទី​០៥​ តុលា​ (ថ្ងៃកើតហេតុ) ​នៅផ្ទះ​របស់​ឈ្មោះហ៊ី​ម ​ម៉ា​ន ​(​ជនសង្ស័យ​) ​មានផឹកស៊ី​ជួបជុំ​គ្នា​​​ ដែល​មាន​គ្នា​ពី​​៤​ ទៅ​​៥​នាក់ ​។ ​ក្រោយមក ​ម្នាក់​ឈ្មោះ​សាំង កុសល ​ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ ​(ជនរង​គ្រោះ​) បាន​ស្លាប់​ដោយ​មិនដឹង​ពី​​មូល​ហេតុ ។

ពេល​​សមត្ថកិច្ច​ចុះ​ទៅ​សួរ​ក្រុម​អ្នក​ផឹក​ជាមួយ​គ្នា​ ពួក​គេ​បាន​ប្រាប់​ថា ​ឈ្មោះ​សាំង​ កុសល​ ស្រវឹងស្រា​ខ្លាំង​ឡើង​ ធាក់​ម៉ូតូ​ទប់ខ្លួន​មិន​ជាប់ ​បណ្ដាល​ឲ្យ​ដួល​បោក​ក្បាល​នឹង​ជើង​តាង​សសរផ្ទះ​ស្លាប់​ ។​ ក្រោយ​កើតហេតុ​ សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​បាន​ស្រាវជ្រាវ​ឃើញ​ខុស​ប្រក្រតី ​មិនមែន​ជា​ការ​ដួល​បោក​ក្បាល ​ត្រូវ​នឹង​ជើង​តាង​នោះ​ទេ ​គឺ​មាន​ស្នាម​វាយ​នឹង​ដំបង​ឈើ​ជ្រុង​ បណ្ដាល​ឲ្យ​ស្លាប់​។

​នៅ​ពេល​សមត្ថកិច្ច​ស្រាវជ្រាវ​​ដឹង​បែប​នេះ ​អ្នក​ផឹក​ជាមួយ​ប៉ុន្មាន​នាក់​ ដឹងខ្លួន​គេច​បាត់​អស់ ​។ ​នៅ​សល់​តែ​ម្ចាស់ផ្ទះ​​ឈ្មោះ​​ហ៊ី​ម ម៉ា​ន​សមត្ថកិច្ច​ក៏​ធ្វើការ​ឃាត់ខ្លួន​នៅព្រឹក​​ថ្ងៃ​ទី​០៧​ តុលា តែម្តង។ ជនសង្ស័យ​ឈ្មោះ​ហ៊ី​ម ម៉ា​ន​ មិន​ឆ្លើយ​​ថា​ ខ្លួន​ជា​ឃាតករ​ ឬ​អ្នក​ណា​មួយ​ក្នុង​ចំណោម​នោះ​ទេ ​ដូច្នេះ​ សមត្ថកិច្ច​​​មិន​ទាន់​ដឹង​ថា​ អ្នក​ណា​ជា​ជន​ដៃដល់​ពិតប្រាកដ ​នៅឡើយ​ដែរ​ ។ ​បច្ចុប្បន្ន ឈ្មោះ​ហ៊ី​ម​ម៉ា​ន​ បាន​កសាង​​​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ​ដើម្បី​ចាត់ការ​បន្ត​​ ។