រឹបអូស​ឈើហុប​សុ​ក្រំ​របស់​ឧកញ៉ា លាក់​ទុក​ក្នុង​រោងចក្រ​អារឈើ​«​វៀតណាម​ម៉ាង​យ៉ាង​»

ខេត្តរតនគិរី ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ដ បាន​ចាប់​ឈើ​សុ​ក្រំ​មានមុខ​កាត់​ធំ​ៗ​បាន​ជិត​៥០​កំណាត់ ដែល​ឈ្មួញ​លាក់​ទុក​នៅ​ក្នុង​ក្រុមហ៊ុនចម្ការកៅស៊ូ​វៀតណាម​ម៉ាង​យ៉ាង ស្ថិត​ក្នុងភូមិ​ប៉ុង ឃុំ​ប៉ុង ស្រុក​វើ​ន​សៃ ប្រគល់​ឱ្យ​រដ្ឋបាល​ព្រៃឈើ​ចាត់ការ​តាម​ច្បាប់​នៅ​រសៀល​ថ្ងៃ​ទី​៥ តុលា កន្លង​មកនេះ ។

យោង​តាម​ប្រភព​បានឱ្យ​ដឹង​ថា កាល​ដើមឆ្នាំ​២០១៦ ឈ្មួញ​មួយ​ក្រុម​មាន​ងារ​ជា​ឧកញ៉ា​បាន​ដាក់​កម្លាំង​ចូល​កាប់​ឈើ​ល្អ​ៗ​នៅ​ក្នុង​ព្រៃ​សហគមន៍​ភូមិ​ទៀម​ក្រោម ឃុំ​ភ្នំ​កុក ស្រុក​វើ​ន​សៃ រួច​ដឹក​ចូល​រោងចក្រ​ក្នុង​ក្រុមហ៊ុនចម្ការកៅស៊ូ​ម៉ាង​យ៉ាង​ដើម្បី​អារច្រៀក​លក់​ធ្វើ​អាជីវកម្ម​។

ប្រភព​បាន​បន្ដ​ទៀ​ថា តាម​ពិត​ក្រុមហ៊ុន​វៀតណាម​ម៉ាង​យ៉ាង នេះ​បាន​បញ្ចប់​ការ​ឈូស​ឆាយ​ជា​យូរ​មក​ហើយ​ប៉ុន្ដែ​គេ​នៅ​តែ​បន្ដ​អារឈើ​ដោយ​លួចលាក់​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ធ្វើ​ឱ្យ​គេ​សង្ស័យ​ថា មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​មួយ​ផង​ដែរ ។

លោក គឹ​ម រស្មី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ដ បាន​បញ្ជា​កម្លាំង​របស់​ខ្លួន​ឱ្យ​ចាប់​ប្រមូល​យក​ឈើ​ដែល​ឈ្មួញ​បាន​លាក់​ទុក​នៅ​ក្បែរ​រោងចក្រ​ក្រុមហ៊ុន​ម៉ាង​យ៉ាងនោះ​ហើយ​ប្រគល់​ឱ្យ​ជំនាញ​បន្ត​នីតិវិធី ។

កម្មករ​ម្នាក់​ឈ្មោះ​ឃៀង ជា​អ្នក​អារឈើ​នៅ​រោងចក្រ​នោះ​បាន​បញ្ជាក់​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​៥ តុលា ថា ឈើ​ដែល​អារ​កន្លង​មក​គឺ​ឈើ​ចាស់​មានច្បាប់ ។ ឯ​ម្ចាស់​រោងចក្រ​នោះ​បាន​បន្ទរ​តាម​ក្រោយ​ថា ឈើ​ដែល​អារ​កន្លង​មក​គឺជា​ឈើ​ដែល​នៅ​សេសសល់ ចំណែក​ឈើ​ថ្មី​គឺជា​ឈើ​របស់​ឧកញ៉ា​ម្នាក់​ដែល​គាត់​ប្រគល់​ឱ្យ​យើង​មើល​ការ​ខុស​ត្រូវ ។

នៅ​រសៀល​ថ្ងៃ​ដដែល​នោះ លោក កង នី នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​វើ​ន​សៃ បានឱ្យ​ដឹង​ថា ឈើ​ទាំងនោះ​មិន​ទាន់​បាន​វាស់វែង​ឱ្យ​ដឹង​ថា​មាន​ចំនួន​ប៉ុន្មាន​ម៉ែ​ត្រ​គូប​នៅឡើយ​ទេ​។

លោកនាយ​សង្កាត់​បាន​បន្ដ​ថា ឈើ​ទាំងនោះ​ត្រូវ​ដឹក​យក​ទៅ​ផ្ញើ​នៅ​រោងចក្រ​របស់​ក្រុមហ៊ុន​មួយ​រយៈ​សិន​ដោយសារ​គ្មាន​មធ្យោបាយ​សម្រាប់​ដឹក​ជញ្ជូន ។ ករណី​នេះ​ធ្វើ​ឱ្យ​គេ​បារម្ភ​ថា ការ​ដែល​មេព្រៃ​សម្រេច​យក​ឈើ​ទៅ​ផ្ញើ​នៅ​កន្លែង​អារឈើ​នោះ​មិន​មាន​អី្វ​គួរ​ឱ្យ​ទុកចិត្ដ​ឡើយ​ព្រោះ​ដូច​ជា​យក​ស្ករ​ទៅ​ផ្ញើ​នឹង​សត្វ​ស្រមោច​អ៊ីចឹង ៕