លោក សម រង្ស៊ី បញ្ជាក់​ថាបើ​វៀតណាម​នៅ​កម្ពុជា​បោះឆ្នោត​ឲ្យ​គណបក្សកាន់អំណាច​ក៏​មិនអាច​ឈ្នះ​គណបក្ស​សង្គ្រោះ​ជាតិ​បានដែរ​

នៅក្នុង​ដំណើរការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ខាងមុខនេះ បើទោះជា​ប្រជាពលរដ្ឋ​វៀតណាម​ទាំងអស់​ដែល​ចូលមក​រស់នៅ​ក្នុងប្រទេស​កម្ពុជា​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​គណបក្សកាន់អំណាច​ក៏ដោយ ក៏​មិនអាច​ឈ្នះ​គណបក្ស​សង្គ្រោះ​ជាតិ​បានដែរ ព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ចំនួន​ច្រើនជាង​ប្រជាពលរដ្ឋ​វៀ​ណា​ម​ឆ្ងាយ​ណាស់ នេះ​ជាការ​រំពឹងទុក​របស់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​លោក​ជឿថា​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ទទួលបាន​ជោគជ័យ​មិន​ខាន​។​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្មីៗ​នេះ​បាន​សម្តែង​ការសោកស្តាយ​ថា​មិនគួរណា​រដ្ឋាភិបាល​គណ​បក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ដឹកនាំ​ប្រទេស​កម្ពុជា​ជិត​៤០​ឆ្នាំ​មកនេះ បណ្តែតបណ្តោយ​ឲ្យ​ជនជាតិ​វៀតណាម​ហូរ​ចូលមក​រស់នៅក្នុង​កម្ពុ​ជាមាន​ចំនួន​កាន់តែ​ច្រើនឡើងៗ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ​កម្ពុជា និង​ប្រទេស​កម្ពុជា ពិសេស​អធិបតេយ្យភាព​កម្ពុជា​ដែលជា​អាយុជីវិត​ជាតិ​។ លោក សម រង្ស៊ី បាន​បញ្ជាក់ថា ប្រវត្តិសាស្ត្រ​បានបង្ហាញ​ថា​វៀតណាម​បានធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​ទឹកដី បែកបាក់​ជាតិ និង​មាន​សង្គ្រាម​នៅ​កម្ពុជា ហើយ​បច្ចុប្បន្ន​ពលរដ្ឋ​វៀតណាម​រាប់សែន​នាក់​កំពុង​រស់នៅ​ប្រទេស​កម្ពុជា ខណៈ​ពួកគេ​មាន​សិទ្ធិសេរីភាព​ដូច​ប្រជាពលរដ្ឋ​កម្ពុជា ពិសេស​សិទ្ធិ​បោះឆ្នោត​រើស​មេដឹកនាំ​។​

​លោក សម រង្ស៊ី បាន​ពន្យល់ថា​អ្នកបោះឆ្នោត​តែងតែ​បោះឆ្នោត​ឲ្យ​គណបក្ស​ណា​ដែល​បម្រើ​ផលប្រយោជន៍​របស់​ពួកគេ​ដូចនេះ​ជនជាតិ​វៀតណាម​អាច​នឹង​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែលជា​គណបក្សកាន់អំណាច ព្រោះ​គណបក្ស​មួយ​នេះ​មិន​ហ៊ាន​ប៉ះពាល់​ដល់​ផលប្រយោជន៍​វៀតណាម​ឡើយ ហើយក៏​មិនបាន​បម្រើ​ផលប្រយោជន៍​ខ្មែរ​ឲ្យ​បាន​ពេញលេញ​ផងដែរ​។ លោក សម រង្ស៊ី បាន​សង្កត់ធ្ងន់ថា គណបក្ស​សង្គ្រោះ​ជាតិ ជា​គណបក្សជំទាស់​គ្មាន​គោលនយោបាយ​រើសអើង​ជាតិ​សាសន៍ ឬ​ជ្រុលនិយម​ឡើយ តែ​យើង​ចាំបាច់​ត្រូវការពារ​ផលប្រយោជន៍​ខ្មែរ ហើយ​វា​ជាការ​គួរ​ឲ្យ​បារម្ភ​ខ្លាំងណាស់​នៅពេលដែល​បរទេសជិតខាង​កម្ពុជា​ធ្លាប់​ឈ្លានពាន​កម្ពុជា​អាច​បន្លំ​ធ្វើជា​ខ្មែរ ហើយ​មាន​សិទ្ធិ​សម្រេច​ជោគវាសនា​ប្រទេស​កម្ពុជា​៕​

14292363_1191730824216982_4078810725796077191_n