សង្គម​ស៊ីវិល​ទទួល​បាន​ប័ណ្ណ​លើក​ទឹក​ចិត្ត​ដល់​មន្ត្រី​សិទ្ធិមនុស្ស​ជាប់​ឃុំ​ជាង​៤០០​សន្លឹក

មក​ដល់​ថ្ងៃ​៨ ខែ​តុលា ឆ្នាំ​២០១៦ យុទ្ធនាការ​ដោះលែង​អ្នក​ទាំង​ប្រាំ (#FreeThe5) ដែល​បង្កើត​ឡើង​ដោយ​សម្ព័ន្ធ​អង្គការ​សង្គម​ស៊ីវិល​បាន​ដំណើរការ ៨​សប្តាហ៍​ហើយ។ ទោះបីជា​មិន​ទាន់​មាន​សញ្ញា​បង្ហាញ​ថា រដ្ឋាភិបាល​នឹង​អាច​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស​ទាំង ៥ យ៉ាង​ណា​ក៏ដោយ យុទ្ធនាការ​ដោះលែង​អ្នក​ទាំង​ប្រាំ បន្ត​ផ្ដល់​កម្លាំង​ចិត្ត​ដល់​អ្នក​នៅ​ក្នុង​ការ​ឃុំឃាំង។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទទួល​បាន​លិខិត​លើក​ទឹក​ចិត្ត ឬ​ហៅ​ថា កាត ប៉ូស្តាល់ (Card Postal) ជាង ៤០០​សន្លឹក​ពី​ក្រុម​សហគមន៍ និង​បណ្ដា​មិត្ត​ទាំង​ជាតិ និង​អន្តរជាតិ នៅ​ក្នុង​រយៈពេល ៨​សប្ដាហ៍​មក​នេះ ដែល​ក្នុង​លិខិត​ទាំង​នោះ​មាន​ពាក្យ​លើក​ទឹក​ចិត្ត ការ​ដឹង​គុណ និង​ការ​នឹករលឹក​សម្រាប់​ផ្ញើ​ទៅ​ឲ្យ​មន្ត្រី​សិទ្ធិមនុស្ស ៥​រូប ដែល​កំពុង​ឋិត​ក្នុង​ពន្ធនាគារ។

​ក្នុង​ចំណោម​នោះ តំណាង​សហគមន៍​នៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ សរសេរ​ក្នុង​កាត ប៉ូស្តាល់ ទៅ​កាន់​មន្ត្រី​អាដហុក (ADHOC) ដែល​កំពុង​ជាប់​ឃុំឃាំង​ដោយ​មាន​អត្ថន័យ​ថា៖ "ដី​របស់​ប្រជាពលរដ្ឋ ១១​គ្រួសារ​នៅ​ក្នុង​ភូមិ​របស់​យើង​ត្រូវ​បាន​មន្ត្រី​យោធា​រំលោភ​នៅ​ចុង​ឆ្នាំ​២០០៧។ ខ្ញុំ​ទៅ​រក​អង្គការ​អាដហុក ដើម្បី​សុំ​កិច្ច​អន្តរាគមន៍។ អង្គការ​អាដហុក បាន​ផ្ដល់​ជំនួយ​ផ្នែក​ច្បាប់ ជំនួយ​ជា​សម្ភារៈ និង​មេធាវី។ អរគុណ​ដល់​អង្គការ​អាដហុក ព្រោះ​ដី​ភាគ​ច្រើន​ដែល​រង​ការ​រំលោភ​បំពាន​ត្រូវ​ប្រគល់​មក​ឲ្យ​គ្រួសារ​ដែល​រង​គ្រោះ​វិញ"

កន្លង​មក កាត ប៉ូស្តាល់ ចំនួន ១៧៥ បាន​បញ្ជូន​​ទៅ​ដល់​ដៃ​លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត លោក នី សុខា និង​អ្នកស្រី លឹម មុន្នី និង​លោក នី ចរិយា នៅ​គុក​ព្រៃ​សរ ម្ដង​រួច​មក​ហើយ ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ដោះលែង​អ្នក​ទាំង​ប្រាំ របស់​សង្គម​ស៊ីវិល។

​ស្ថាប័ន​ចំនួន ៥៤ មាន​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក អង្គការ​អន្តរជាតិ និង​បណ្ដា​សហគមន៍​របស់​ប្រជាពលរដ្ឋ ចូល​រួម​គ្នា​បង្កើត​យុទ្ធនាការ​នេះ​ឡើង នៅ​ថ្ងៃ​ទី​៨ ខែ​សីហា ដើម្បី​សម្ដែង​ការ​មិន​ពេញ​ចិត្ត និង​ទាមទារ​ឲ្យ​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស​ទាំង​ប្រាំ​នាក់។

ការ​សរសេរ​កាត​នេះ ត្រូវ​បាន​មន្ត្រី​សម្របសម្រួល​គម្រោង​អ្នក​ការពារ​សិទ្ធិមនុស្ស​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា កញ្ញា ឆាយ ឈុនលី បកស្រាយ​ថា ជា​ការ​ផ្ញើ​សារ​មួយ​ទៅ​មន្ត្រី​សិទ្ធិមនុស្ស​ទាំង ៥​នាក់​នោះ​ថា ពួកគេ​មិន​ទាន់​ត្រូវ​បាន​សង្គម​បំភ្លេច​ចោល​ទេ។

​កញ្ញា​បន្ត​ថា ពាក្យ​លើក​ទឹក​ចិត្ត​ទៅ​ដល់​អ្នក​ទាំង​ប្រាំ គឺ​មាន​សារសំខាន់​សម្រាប់​ជួយ​សម្រួល​បញ្ហា​ផ្លូវ​ចិត្ត​របស់​ពួកគេ ដែល​កើត​មក​ពី​ការ​ជាប់​ពន្ធនាគារ៖ «ធម្មតា​គាត់​អ្នក​ស្អាតស្អំ យក​គាត់​ទៅ​ដាក់​ក្នុង​បន្ទប់​ជាមួយ​អ្នកខ្លះ​ជា​ឃាតក​ជាប់​គុក​មួយ​ជីវិត។ សួរ​ថា​អារម្មណ៍​គាត់​យ៉ាង​ម៉េច​ដែរ? ពេល​ទៅ​ចូល​ទៅ​ដំបូង​គឺ​ពិបាក​សម្រាប់​គាត់ គឺ​មិន​អាច​ទទួល​យក​ស្ថានភាព​បែប​ហ្នឹង​បាន​ទេ»

មន្ត្រី​សិទ្ធិមនុស្ស​អាដហុក អ្នកស្រី លឹម មុន្នី ដែល​ជា​អ្នក​ជាប់​ពន្ធនាគារ​មួយ​រូប​ក្នុង​ចំណោម​ប្រាំ​រូប បន្ទាប់ពី​បាន​ទទួល​កាត ប៉ូស្តាល់ បាន​ឆ្លើយ​តប​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក របស់​យុទ្ធនាការ​ដោះលែង​អ្នក​ទាំង​ប្រាំ ថា ពាក្យពេចន៍​ក្នុង​កាត​ទាំង​នោះ ធ្វើ​ឲ្យ​អ្នកស្រី​មាន​កម្លាំង​ចិត្ត និង​ជំរុញ​ឲ្យ​លោកស្រី​មាន​ភាព​រឹងមាំ។

​ចូល​រួម​ក្នុង​យុទ្ធនា​ការ​ដោះលែង​អ្នក​ទាំង​ប្រាំ​នោះ​ដែរ គឺ​មន្ត្រី​កម្មវិធី​ទទួល​បន្ទុក​ផ្នែក​ដីធ្លី និង​ធនធាន​ធម្មជាតិ​របស់​អង្គការ អាកសិន អេដ (Action Aid) លោក សយ ហ្សឺឌី។ លោក​ឲ្យ​ដឹង​ថា ការ​ចូលរួម​យុទ្ធនាការ​នេះ​ពី​សំណាក់​អង្គការ អាកសិន អេដ ក៏​ដូចជា​ស្ថាប័ន​សង្គម​ស៊ីវិល​ជា​ច្រើន​ទៀត គឺ​ដោយសារ​ពួកគេ​មិន​អាច​បែរ​ខ្នង​ដាក់​អំពើ​អយុត្តិធម៌​បាន​ទេ។ ការ​មិន​អើពើ​ទៅ​នឹង​បញ្ហា​នេះ​ក្នុង​ពេល​បច្ចុប្បន្ន អាច​ធ្វើ​ឲ្យ​វា​រីក​រាលដាល​ធំ​ឡើង​នៅ​ថ្ងៃ​មុខ៖ «ភាព​អយុត្តិធម៌​ហ្នឹង​បច្ចុប្បន្ន​នេះ​ពួកគាត់​ជា​អ្នក​រង​គ្រោះ ប៉ុន្តែ​ថ្ងៃ​មុខ​មិន​ដឹង​ថា ក្រុម​សង្គម​ស៊ីវិល​ណា​ផ្សេង​ទៀត​ដែល​នឹង​ក្លាយ​ជា​ជន​រង​គ្រោះ​ក្នុង​រូបភាព​ប្រហាក់ប្រហែល​គ្នា ក្នុង​ការ​តស៊ូ​មតិ​ក្នុង​ការ​ការពារ​សិទ្ធិ​សេរីភាព ដែល​យើង​ធ្វើ​ស្រដៀង​នឹង​អង្គការ​អាដហុក កន្លង​មក»

​មន្ត្រី​សិទ្ធិមនុស្ស ទាំង ៥​រូប ត្រូវ​បាន​ជាប់​ឃុំ​តាំង​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៦ ជុំវិញ​រឿង​ក្ដីក្ដាំ​ស្នេហា​លោក កឹម សុខា និង នាង ខុម ចាន់តារាទី ហៅ​ស្រីមុំ។ សង្គម​ស៊ីវិល និង​សហគមន៍​អន្តរជាតិ បាន​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា ថា​ការ​ដាក់​ទោស​មន្ត្រី​សិទ្ធិមនុស្ស​នេះ មាន​ភាព​អយុត្តិធម៌ និង​មាន​ចេតនា​នយោបាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។