អ្នក​ចំការលើ​និយម​ដាំ​ស្រកានាគ​ ដើម្បី​លក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ

ខេត្តកំពង់ចាម ៖ ដំណាំ​ស្រកានាគ​ពូជ​តៃវ៉ាន់​ដែល​ផ្លែ​មាន​រសជាតិ​ផ្អែម ត្រូវ​បាន​អ្នក​ភូមិ​តាំង​ក្រង ឃុំ​ស្វាយ​ទាប ស្រុក​ចំការលើ និយម​ដាំ​ដើម្បី​បំពេញតម្រូវការ​ទីផ្សារ ។
បុរស​ឈ្មោះ អឿ​ន វ៉ា អាយុ​៦៣​ឆ្នាំ និយាយថា ដោយ​មើលឃើញ​ដើម​ស្រកានាគ​ពូជ​ខាងលើ​ងាយ​ដាំ ហើយ​ធន់​នឹង​អាកាសធាតុ​ផង​នោះ ដំបូង​គាត់​បាន​ចែក​ទិញ​ពី​គេ​មក​ដាំ​នៅ​ចំហៀង​ផ្ទះ​បាន​៥​ទៅ​៦​ជន្លង់ និង​បាន​ហុច​ផល​មាន​ផ្លែ​ទុំ​ល្អ​ពេល​បេះ​យក​មក​ទទួលទាន​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ មាន​សាច់​ក្រហម ហើយ​ក៏​បាន​កាត់​ដើម​ពង្រីក​ដាំ​បន្ថែម​ឲ្យ​កាន់តែ​ច្រើន​ឡើង​ៗ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ  ។

បុរស​ចំណាស់​រូប​នេះ​បន្ត​ថា ដំណាំ​ស្រកានាគ​មិន​ពិបាក​ក្នុង​ការ​ថែទាំ​ទេ គឺ​ក្នុង​១​អាទិត្យ​បូមទឹក​ស្រោច​ម្តង ហើយ​នៅ​តាម​គល់​នីមួយ​ៗ​ដាក់​ជីលា​មក​គោ គឺ​ប្រើ​ជីធម្មជាតិ​១០០​ភាគរយ​ទើប​ហុច​ផល​មាន​ផ្លែ​ចេញ​មក​ល្អ ។ ចាប់តាំងពី​ដាំ​ដំបូង​រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​៤​ឆ្នាំ​ហើយ ដែល​បាន​កើន​ដល់​ជាង​១០០​ជន្លង់ ។

គាត់​រៀបរាប់​ទៀត​ថា ចាប់ពី​ពេល​ចេញ​ផ្កា​មក​ក្នុង​រយៈពេល​៤៥​ថ្ងៃ​នឹង​ហុច​ផល​បាន​ផ្លែ​ហូប​ហើយ ។ ចំពោះ​ស្រកានាគ​របស់​គាត់​នេះ ជា​មធ្យម​ក្នុង​១​ថ្ងៃ​អាច​បេះ​បាន​ពី​២០​ទៅ​៣០​គីឡូក្រាម និង​លក់​បាន​ក្នុង​១​គីឡូក្រាម​ចាប់ពី​៥.០០០​រៀល​ទៅ​៧.០០០​រៀល ភាគច្រើន​អ្នក​ធ្វើ​ដំណើរ​តាម​ម៉ូតូ​និង​រថយន្ត​ទិញ​យក​ទៅ​ទទួលទាន ។ ដោយសារ​ទទួល​ជោគជ័យ​ក្នុង​ការ​ដាំ​ដើម​ស្រកានាគ​នេះ ក្នុង​ពេល​ខាង​មុខ​គាត់​មាន​គម្រោង​ពង្រីក​ការ​ដាំ​ដុះ​បន្ថែម​ទៀត  ។

ចំណែក​ស្ត្រី​ឈ្មោះ ជួ អ៊ា​ង អាយុ​៦៥​ឆ្នាំ នៅ​ភូមិ​តាំង​ក្រង​ដែរ​និយាយ​ថា ដំបូង​គាត់​ដាំ​តែ​២​ជន្លង់​ទេ លុះ​ពេល​បាន​ផល​មក​ល្អ​ក៏​កាត់​ដើម​ដាំ​ពង្រីក​បន្ថែម​នៅ​ចំហៀង​ផ្ទះ មុខ​ផ្ទះ និង​ក្រោយ​ផ្ទះ ដែល​ពេល​នេះ​កើន​រហូត​ដល់​ជិត​២០០​ជន្លង់ ហើយ​។ ក្នុង​ពេល​ដែល​ផ្លែ​ស្រកានាគ​ទុំ​ម្តង គាត់​អាច​លក់​បាន​ប្រាក់​ចំនួន​ជិត​១​លាន​រៀល​ដែរ ។

គាត់​រំពឹង​ថា នៅ​ឆ្នាំ​២០១៦​នេះ នឹង​ទទួល​បាន​ផល​ច្រើន​ជាង​ឆ្នាំទៅ​មិ​ញ ដោយសារ​មាន​ទឹកភ្លៀង​ធ្លាក់​ជោកជាំ ហើយ​នៅ​ពេល​ខាង​មុខ​គាត់​នឹង​ពង្រីក​ការ​ដាំ​ដុះ​បន្ថែម​ទៀត ៕