នៅតែចាប់ខ្លួន ទោះប្រាប់ថា គ្រាន់តែស៊ីឈ្នួល​​ដឹកឱ្យគេប៉ុណ្ណោះ

ខេត្តក្រចេះ ​៖ បុរស២នាក់​​ត្រូវ​​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួនបញ្ជូន​​ទៅ​តុលាការ ​ក្រោយ​ពី​មានការ​សង្ស័យ​ថា មាន​​ជាប់​ពាក់​ព័​ន្ធ​​ជំនួញ​រត់​​ព​​ន្ធ​​ឈើប្រណីត​ខុស​ច្បាប់មួយរថយន្ត ដែល​មន្ត្រី​អាវុធហត្ថ​ចុះ​បង្ក្រាប​បាន​នៅ​លើ​ផ្លូវជាតិ​លេខ​៧ ក្នុងស្រុក​ចិត្រ​បុរី ខេត្តក្រចេះ កាលពី​​ព្រឹក​ថ្ងៃ​ទី​៨ តុលា​ ២០១៦ ។

មន្ត្រី​អាវុធហត្ថ​ស្រុក​ចិត្រ​បុរី​ឱ្យ​​ដឹង​ថា បុរស​ទាំង២​នាក់ ​ម្នាក់​ជា​អ្នក​បើករថយន្ត ​និង​ម្នាក់​ទៀត​ជា​ព្រូ ត្រូវ​បាន​​ធ្វើការ​ឃាត់ខ្លួន​ជាមួយ​និង​រថយន្ត​ដឹកឈើ​ប្រណីត​ល្មើសច្បាប់ ​ពណ៌​ត្រេ​អ៊ី​មួយគ្រឿង មាន​​ចំនួន​ជាង​៣០​កំណាត់ ​ស្មើ​​និង​ជាង​១ម៉ែ​ត្រ​គូប​ សុទ្ធ​សឹង​ជា​ឈើ​ធ្នង់​ និង​ឈើ​នាងនួន​ ។

​បុរសទាំង២នាក់ម្នាក់​​ឈ្មោះ​ថន ប៊ុ​ន​ធា ជា​អ្នក​បើកឡាន និង​ម្នាក់​ទៀត​ឈ្មោះនៅ ធា​រ៉ា ជា​ព្រូ​រថយន្ត ​​ទាំង​២​នាក់ ​មាន​ទីលំនៅ​ក្នុង​ស្រុក​ស្នួល ខេត្តក្រចេះ ។

បើ​តាម​ចម្លើយ​​សារភាព​​ជន​ជាប់​​ពាក់​​ព័ន្ធ និង​ជំនួញ​រត់​ពន្ធ​​ឈើ​ទាំង​២​នាក់ខាងលើ​បាន​ឲ្យ​ដឹង​ថា ការ​នាំ​ឈើ​របស់​ពួក​គេ ​គ្រាន់តែ​ជា​ការ​​ស៊ីឈ្នួល​ដឹក​ជញ្ជូន​តែ​ប៉ុណ្ណោះ​ ។ ហើយ​ឈើ​ទាំងនេះ​ ត្រូវ​បាន​ពួកគេ​នាំ​ចេញពី​ចំណុច​កោះ​ខ្ញែរ​ ក្នុង​ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ក្នុង​គោលដៅ​នាំ​ទៅ​ព្រំដែន​វៀតណាម​ ។ ពួក​គេ​បាន​និយាយ​ថា ​ឈើ​ទាំងនេះ មាន​​អ្នកបញ្ជា​ឲ្យ​ដឹក​ជញ្ជូន​ដោយ​សម្អាង​​ថា បាន​រត់ការ​ជាមួយ​សមត្ថកិច្ច​អស់ហើយ​ ។

គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​សមត្ថកិច្ច​នឹង​​មាន​វិធានការ​យ៉ាងណា​ ចំពោះ​អ្នក​នៅ​ពី​ក្រោយ​រថយន្ត​ដឹកឈើ​ខុសច្បាប់​មួយ​នេះ​ យ៉ាងណា​នៅឡើយ​ទេ ។ ​​ទោះបីជា​គេ​បាន​ស្គាល់​អត្តសញ្ញាណ​ថា មានឈ្មោះ​ឈី ជា​មេ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​នៅ​​ចំណុច​​កោះ​ខ្ញែរ​ ក្នុង​ឃុំ អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ​។