ជំនន់​ទឹកភ្លៀង​ខេត្តកំពង់ស្ពឺ ឯកឧត្តម លឹ​ម គាន​ហោ ចុះ​ទៅ​បញ្ជា​ឲ្យ​បើកផ្លូវ​ទឹក

ខេត្តកំពង់ស្ពឺ ៖ ភ្លៀង​បន្ត​​ធ្លាក់​យ៉ាង​គំហុក​១០​ថ្ងៃ​ជាប់​ៗ​គ្នា ​ចាប់តាំងពី​ថ្ងៃ​ទី​៣០ កញ្ញា ២០១៦ រហូតដល់​ព្រលប់​ថ្ងៃ​ទី​៧ តុលា នេះ ​​នៅ​ជួរ​ភ្នំ​ឱ​រ៉ា​ល់ ក្រុង​ច្បារមន ស្រុក​ថ្ពង ឧដុង្គ សំរោង​ទង និង​ក្នុង​ខេត្តកំពង់ស្ពឺ ធ្វើអោយបរិមាណទឹកភ្លៀងមាន​ ពី​២០០ទៅ៣៥០​មី​ល្លី​ម៉ែត្រ ដែលជាហេតុធ្វើ​ឲ្យ​ទឹក​នៅ​ទំនប់​អូរ​ស្យា ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំ​យា​អង្គ ស្រុក​ថ្ពង និង​ទំនប់​ចាន់​ថ្នាល ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំ​ក្រាំងចេក ស្រុក​ឧដុង្គ បន្ត​កើនឡើងជា​ជំនន់​ទឹកភ្លៀង​ នៅ​ភាគ​ខាងជើង​ខេត្តកំពង់ស្ពឺ ។

នា​ព្រឹក​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ ២០១៦ ដោយសារ​ភ្លៀង​នៅ​បន្ត​ធ្លាក់ ហើយ​ទឹក​នៅ​ក្នុង​អាង​អូរ​ស្សា និង​អាង​ចាន់​ថ្នាល នៅ​តែ​បន្ត​ឡើង ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បានអញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​ និងជួយអន្តរាគមន៍រំដោះទឹកជំនន់​ នៅ​ខេត្តកំពង់ស្ពឺ ។

នៅ​ក្នុង​ការ​ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់ ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជា​ឱ្យ​អ្នកបច្ចេកទេស បើកផ្លូវ​ទឹក​២​បន្ថែម​ទៀត ដោយ​ផ្លូវ​ទឹកទី​១ បើក​បន្ថែម​នូវ​ទ្វារ​ទឹក​ប្រឡាយ​មេ​រលាំង​ជ្រៃ​ខាងជើង ដែល​នៅ​ផ្នែក​ក្រោម​ទំនប់​បង្ហៀរ​អូរ​ក្រាំង​អំបិល ដើម្បី​បញ្ជូន​ទឹក​ទៅ​បែងចែក​តាម​ប្រឡាយ​នានា ក្នុងភូមិ​សាស្ត្រ​ឃុំ​ដំណាក់​អំពិល សំរោង​លើ និង​ឃុំ​ឆក់​ឈើ​នាង រួច​បន្ត​ធ្លាក់​តាម​អូរ​ធម្មជាតិ​ឆ្ពោះទៅ​កាន់​បឹង​តា​មោក រាជធានី​ភ្នំពេញ ។ និង​ផ្លូវ​ទឹកទី​២ បើក​បន្ថែម​នូវ​ទ្វារ​ទឹក​ប្រឡាយ​មេតា​ហោ ដើម្បី​បញ្ជូន​ទឹក​តាម​ប្រឡាយ​មេនេះ ទៅ​បែងចែក​តាម​ប្រឡាយ​រង​នានា ក្នុងភូមិ​សាស្ត្រ​ឃុំ​លំហាច ព្រៃ​ពួច និង​ឃុំ​ត្រាំ​ម្កាក់ រួច​បន្ត​ធ្លាក់​ទៅ​ស្ទឺ​ង​ព្រែក​ត្នោត ដើម្បី​បង្វែរ​ទឹកជំនន់​នេះ​មក​ផ្នែក​ខាងក្រោម​ទើប​ស្ថានភាព​ជំនន់​មិន​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ។

ដោយឡែក​ចំពោះ​ស្ថានភាព​ជំនន់ នៅ​អាង​ទឹក​តា​សាល ឯកឧត្តម​រដ្ឋមន្ត្រី លឹ​ម គាន​ហោ បាន​បញ្ជា​ឱ្យ​បើក​បន្ថែម​ទ្វារ​ទឹក ដើម្បី​ទំលាក់​ទឹក​មក​ស្ទឺ​ង​ព្រែក​ត្នោត ហូរ​ទៅ​កាន់​ទំនប់​៧​មក​រា (​កំពង់ទួល​) និង​បន្ត​ចែកចាយ​ទៅ​តាម​ព្រែក​ហូរ ព្រែក​កំពឹស ស្ទឺ​ង​តូច និង​ប្រឡាយ​៧៨ ដែល​ទើបនឹង​សាងសង់​រួច មួយ​ផ្នែក និង​មួយ​ផ្នែក​ទៀត ដើម្បី​ទំលាក់​ទឹក​តាម​ប្រឡាយ​មេ​រលាំង​ជ្រៃ​ខាងត្បូង ហូរ​តាម​ប្រឡាយ​ដីក្រហម ធ្លាក់​ទៅ​ស្ទឹងតូច និង​បន្ត​ទៅ​កាន់​ទន្លេបាទី ។

ចំពោះ​ជំនន់​នៅ​អាង​ទឹក​ក្រាំង​ពន្លៃ ក៏​ត្រូវ​បាន​ឯកឧត្តម​រដ្ឋមន្ត្រី បញ្ជា​ឱ្យ​បើកទ្វារ​ទឹក​បន្ថែម ដើម្បី​ទំលាក់​ទឹក​តាម​ស្ទឺ​ង​ក្រាំង​ពន្លៃ ចូល​ទៅ​ទំនប់​យុទ្ធសាស្ត្រ និង​បន្ត​បែងចែក​តាម​ស្ទឺ​ង ប្រឡាយ​នានា ឱ្យ​ហូរ​ធ្លាក់​ទៅ​ផ្នែក​ខាងក្រោម​ផ្លូវជាតិ​លេខ​៥ ៕