ធ្វើ​យ៉ាង​ម៉េច​ឲ្យ​រួច​ពី​បំណុល​បាន​លឿន​?

មានមនុស្សជាច្រើនដែលបានចំណាយលុយកាក់របស់ខ្លួន ដោយភ្លេចគិតពីការសងបំណុលគេ ហើយបន្តិចម្ដងៗ បំណុលនេះក៏កាន់តែច្រើនឡើងៗ ដែលធ្វើឲ្យគេមិនដឹងថា ត្រូវដោះស្រាយដោយរបៀបណា មិនដឹងថាយកគណនីណាទៅសង សងបំណុលមួយណាមុន មួយណាក្រោយ ដើម្បីឲ្យរួចបំណុលអស់។ បើមានការលំបាកដូចនេះ អ្នកអាចធ្វើតាមវិធីខាងក្រោមនេះ ដើម្បីឲ្យរួចពីបំណុលបាន៖

១. គណនាបំណុលសរុបរបស់អ្នក

កិច្ចការដំបូងដែលអ្នកត្រូវធ្វើគឺ ធ្វើការកត់បញ្ជីថា អ្នកណាខ្លះជាម្ចាស់បំណុលរបស់អ្នក ជំពាក់សរុបប៉ុន្មាន ការប្រាក់ប៉ុន្មាន និងត្រូវបង់សងប្រចាំខែចំនួនប៉ុន្មាន។

២. កំណត់អាទិភាពនៃបំណុលថាមួយណាត្រូវសងមុន មួយណាសងក្រោយ

បន្ទាប់ពីអ្នកធ្វើបាននូវបញ្ជីបំណុលដូចក្នុងចំណុច១ហើយ អ្វីដែលអ្នកត្រូវធ្វើបន្ទាប់គឺ ធ្វើចំណាត់ថ្នាក់បំណុលពីខ្ពស់ទៅទាប ដោយផ្អែកលើអត្រាការប្រាក់។ ឧទាហរណ៍ ចំពោះបំណុលដែលមានការប្រាក់ខ្ពស់ជាងគេអ្នកដាក់ចំណាត់ថ្នាក់លេខ១ និងចំណាត់ថ្នាក់បន្តបន្ទាប់។ ការធ្វើបែបនេះនិងជួយឲ្យអ្នកដឹងថា ត្រូវសងបំណុលតាមលំដាប់លំដោយរបៀបណា ហើយផ្ដល់ប្រយោជន៍ដល់រូបអ្នក។ ប៉ុន្តែអ្វីដែលពិបាកនោះគឺ ប្រសិនបើបំណុលដែលមានអត្រាការប្រាក់ខ្ពស់ក៏ជាបំណុលដែលមានទំហំទឹកប្រាក់ច្រើនដែរ ដែលធ្វើឲ្យមនុស្សភាគច្រើនជ្រើសសងបំណុលដែលមានទំហំទឹកប្រាក់តិចមុន ព្រោះងាយស្រួលជាង។

យ៉ាងណាក៏ដោយ អ្នកត្រូវជ្រើសរើសវិធីសងបំណុលណា ដែលជំរុញទឹកចិត្តរបស់អ្នកឲ្យចង់បន្តសងបំណុល។ ឧទាហរណ៍ បើអ្នកគិតគូរខ្លាំងពីអត្រាការប្រាក់ នោះអ្នកជ្រើសរើសសងតាមរបៀបខាងលើ ប៉ុន្តែបើអ្នកហត់នឿយនិងការសងបំណុលដែលមានទឹកប្រាក់ច្រើនក្នុងរយៈពេលយូរពេក នោះអ្នកអាចជ្រើសសងបំណុលដែលមានទឹកប្រាក់តិចមុន។ ម្យ៉ាងទៀត បើអ្នកយល់ថា មានម្ចាស់បំណុលណាមួយដែលអ្នកចង់ ឬត្រូវសងឲ្យបានឆាប់នោះ អ្នកអាចសងបំណុលនោះមុនបាន។

៣. កំណត់ពីចំនួនទឹកប្រាក់ដែលអ្នកអាចសងបាន

ចំណុចសំខាន់មួយទៀតដែលអ្នកត្រូវគិតដើម្បីសងបំណុលគេឲ្យឆាប់រួច គឺគិត និងប៉ាន់ប្រមាណអំពីចំនួនប្រាក់ដែលអ្នកអាចបង់សងគេជាប្រចាំខែ។ ដំបូងអ្នកធ្វើការគណនានូវប្រាក់ចំណូលសរុបរបស់អ្នកដែលមកពីប្រភពផ្សេងៗដែលច្បាស់លាស់ ដូចជា ប្រាក់ខែជាដើម។ បន្ទាប់មក អ្នកធ្វើការកាត់ចេញនូវទឹកប្រាក់សម្រាប់ចំណាយចាំបាច់ប្រចាំខែដូចជា អាហារ ការស្នាក់នៅ ការធ្វើដំណើរ ការប្រាក់ដែលត្រូវបង់ប្រចាំខែ និងការប្រើប្រាស់ចាំបាច់ផ្សេងទៀត។ ទឹកប្រាក់ដែលនៅសល់ពីការទូទាត់នេះហើយ ជាទឹកប្រាក់ដែលអ្នកត្រូវយកទៅសងបំណុលគេ ប៉ុន្តែសូមកុំភ្លេចថា អ្នកក៏ត្រូវមានប្រាក់បម្រុងខ្លះ សម្រាប់ការចំណាយមិនទៀងទាត់ណាមួយ ដែលកើតឡើងភ្លាមៗផងដែរ។

៤. ធ្វើផែនការសង

បន្ទាប់ពីអ្នកកំណត់បាននូវចំនួនទឹកប្រាក់ដែលអាចសងបំណុលបានហើយ អ្នកត្រូវយកទឹកប្រាក់ទាំងអស់នេះទៅសងបំណុលអាទិភាពដែលបានកំណត់ដូចក្នុងចំណុច២ ខាងលើ ព្រមទាំងសម្រាប់បង់សងអប្បបរមាខ្លះៗលើបំណុលផ្សេងទៀតផងដែរ។ បន្ទាប់ពីអ្នកបង់សងបំណុលអាទិភាពទី១រួចហើយ បន្តចូលទៅបំណុលអាទិភាពទីពីរ ហើយបន្តធ្វើបែបនេះរហូតរួចបំណុលអស់។ ជាមួយគ្នានេះដែរ អ្នកក៏អាចធ្វើការគណនានូវរយៈពេលដែលអ្នកត្រូវចំណាយដើម្បីសងបំណុលផងដែរ ហើយការដឹងពីរយៈពេលនេះ អាចជួយជំរុញឲ្យអ្នកកាន់តែប្រឹងប្រែងសងបំណុល។

៥. បន្ទាប់ពីមានផែនការសងហើយ ដល់ពេលដែលត្រូវអនុវត្តតាមផែនការនោះ

ផែនការគ្រាន់តែជាផ្នែកមួយជួយឲ្យអ្នកដឹងថា រួចពីបំណុលដោយរបៀបណាប៉ុណ្ណោះ អ្វីដែលសំខាន់នោះគឺ ការអនុវត្តតាមផែនការដែលអ្នកបានធ្វើឡើង។ មួយវិញទៀត អ្នកត្រូវពិនិត្យ និងកែប្រែនូវផែនការរបស់អ្នកជាប្រចាំផងដែរ ជាពិសេសនៅពេលដែលស្ថានភាពហិរញ្ញវត្ថុរបស់អ្នកមានការផ្លាស់ប្ដូរ ឧទាហរណ៍ ចំណូលរបស់អ្នកមានការកើនឡើង ឬធ្លាក់ចុះជាដើម។ បន្ថែមលើនេះទៀត ចូរអ្នកដាក់បញ្ចូលនៅប្រាក់បន្ថែមសម្រាប់ការសងបំណុលអោយបានច្រើនតាមដែលអាចធ្វើបាន ព្រោះថាបើអ្នកអាចសងបានកាន់តែច្រើន នោះអ្នកនឹងរួចពីបំណុលកាន់តែលឿនដែរ។

ប្រែសម្រួល៖ Sophany
ប្រភព៖

  • ធ្វើ​យ៉ាង​ម៉េច​ឲ្យ​រួច​ពី​បំណុល​បាន​លឿន​?已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:កីឡា
Tags: