វីដេអូ​បែក​ធ្លាយ​របស់​លោក​ Donald Trump​ ធ្វើ​ឲ្យ​លោក​ធ្លាក់​ក្នុង​ការ​ប្រកួត​ប្រជែង​ទាំង​ស្រុង​

យុទ្ធនាការប្រកួតប្រជែងដំណែងប្រធានាធិបតី សហរដ្ឋអាមេរិក ដល់ផ្លូវបត់មួយដ៏សំខាន់ ក្រោយពីបេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) បញ្ចេញវីដេអូសុំអភ័យទោសចំពោះពាក្យសម្ដីដែលលោកបាននិយាយអំពីសកម្មភាពរួមភេទ និងការប្រើឥទ្ធិពលដើម្បីបំពានផ្លូវភេទស្ត្រីជាច្រើនរូប ក្នុងនោះមានការស្ទាបអង្អែល និងរួមភេទដោយបង្ខំផងដែរ ។

វីដេអូមួយដែលថតក្នុងឆ្នាំ ២០០៥ បង្ហាញអំនួតអួតអាងរបស់លោក ត្រាំ អំពីការរួមភេទជាមួយស្ត្រីមានប្ដីម្នាក់ ក្នុងនោះមានពាក្យដែលលោកនិយាយថា ដោយសារតែលោកជាមនុស្សមានឥទ្ធិពល លោកអាចស្ទាបប្រដាប់ភេទស្ត្រីបាន ។

“ខ្ញុំមិនធ្លាប់និយាយថា ខ្ញុំជាមនុស្សល្អឥតខ្ចោះឡើយ ហើយខ្ញុំក៏គ្មានបំណងធ្វើជាមនុស្សម្នាក់ដែលល្អឥតខ្ចោះ ដែលខ្លួនខ្ញុំគ្មាន ។ ខ្ញុំធ្លាប់និយាយថា ខ្ញុំបានធ្វើអ្វីច្រើនយ៉ាងដែលខ្ញុំមានវិប្បដិសារី ក្នុងនោះមានពាក្យសម្ដីដែលខ្ញុំបាននិយាយកាលពី ១៣ ឆ្នាំ មុន ។ អ្នកដែលស្គាល់ខ្ញុំ ប្រាកដជាដឹងថា ពាក្យសម្ដីទាំងនោះ មិនឆ្លុះបញ្ចាំងពីខ្លួនខ្ញុំឡើយ ប៉ុន្តែខ្ញុំពិតជាបានធ្វើខុស ហើយខ្ញុំសុំអភ័យទោស ។” លោក ដូណាល់ ត្រាំ និយាយដូច្នេះ ក្នុងវីដេអូសុំអភ័យទោសរបស់លោក ។

មន្ត្រីជាន់ខ្ពស់ក្នុងគណបក្សសាធារណរដ្ឋ បញ្ជាក់ថា លោក ដូណាល់ ត្រាំ អាចត្រូវបានដកចេញពីបេក្ខភាពប្រធានាធិបតី ។ ប្រធានសភាលោក Paul Ryan ដកខ្លួនចេញពីពិធីជួបជុំក្នុងរដ្ឋ វីស្កន់សឹន ដែលលោកត្រូវអង្គុយជាប់ជាមួយលោក ដូណាល់ ត្រាំ ដោយនិយាយថា លោកឈឺដោយសារតែសម្ដីរបស់លោក ត្រាំ ។

សមាជិកព្រឹទ្ធសភា មីត ម៉ាកខូណែល មេដឹកនាំសំឡេងភាគច្រើនក្នុងសភា ប្រាប់ឲ្យលោក ដូណាល់ ត្រាំ បង្ហាញពីកំហុសខុសឆ្គងរបស់ខ្លួន ។ ចំណែកមន្ត្រីគណកម្មការជាតិគណបក្សសាធារណរដ្ឋ បានបើកកិច្ចប្រជុំក្នុងទីក្រុង វ៉ាស៊ីនតោន ដើម្បីពិភាក្សាអំពីការដកលោក ដូណាល់ ត្រាំ ពីបេក្ខភាពប្រធានាធិបតី ។

លោកស្រី ហ៊ីឡារី ក្លិនតុន ដែលជាគូរប្រជែង និយាយថា នេះគឺជាអ្វីដែលគួរឲ្យខ្លាច ហើយមិនត្រូវឲ្យបុរសដូច្នេះ ធ្វើជាប្រធានាធិបតីឡើយ ។

ប្រភព៖ independent, kqube

  • វីដេអូ​បែក​ធ្លាយ​របស់​លោក​ Donald Trump​ ធ្វើ​ឲ្យ​លោក​ធ្លាក់​ក្នុង​ការ​ប្រកួត​ប្រជែង​ទាំង​ស្រុង​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:ជីវិតនិងសង្គម
Tags: