“សំណើ​ដាក់​វិន័យ​តំណាងរាស្ត្រ​មិន​ចូល​ប្រជុំ​នឹង​ដល់​ដៃ​សភា​ក្នុង​ពេល​​ដ៏​ខ្លី​ខាង​មុខ”

គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា សម្រេច​ស្នើ​កែប្រែ​បទបញ្ជា​ផ្ទៃក្នុង​រដ្ឋ​សភា​ដើម្បី​ដាក់​បញ្ចូល​ប្រការ​ដែល​អាច​ដាក់​វិន័យ​តំណាងរាស្ត្រ​ដែល​មិន​ចូល​ប្រជុំ​សភា​បំពាន​រដ្ឋធម្មនុញ្ញ និង​បទបញ្ជា​ផ្ទៃក្នុង​សភា។

អ្នក​នាំ​ពាក្យ​រដ្ឋ​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន និយាយ​ថា នៅ​ពេល​សំណើ​នេះ​បាន​ទៅ​ដល់ដៃ​គណៈកម្មការ​ទី​២ និង​ទី​៦ នៃ​សភា ហើយ​នឹង​ត្រូវ​ដាក់​ចូល​ក្នុង​កិច្ច​ប្រជុំ​សភា​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។

តំណាងរាស្ត្រ លោក ឈាង វុន ថ្លែង​បញ្ជាក់​ថា សមាជិក​សភា​បក្ស​កាន់​អំណាច​ត្រូវ​តែ​ធ្វើ​សំណើ​នេះ ព្រោះ​ប្រាក់ខែ​តំណាងរាស្ត្រ​កើត​ចេញ​ពី​ញើស​ឈាម​របស់​ពលរដ្ឋ ដូច្នេះ​តំណាងរាស្ត្រ​ត្រូវ​ចូល​សភា​ធ្វើ​ការងារ មិន​មែន​ចាយ​ប្រាក់​ខែ​រដ្ឋ បែរ​ជា​ធ្វើ​ពហិការ​មិន​ធ្វើ​ការ​​នោះ​ឡើយ។ លោក​បន្ត​ថា តាម​ពិត​សំណើ​នេះ សភា​បាន​ធ្វើ​ជា​យូរ​មក​ហើយ មិន​មែន​ទើបតែ​ធ្វើ​នៅ​ពេល​នេះ​ទេ៖ «យើង​បាន​ដាក់​ជូន​គណៈកម្មការ​ជំនាញ​ធ្វើការ​ពិនិត្យ​រួច​ហើយ គណៈកម្មការ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​វិញ ដើម្បី​សម្រេច យើង​ត្រូវ​តែ​ដោះស្រាយ​រឿង​ហ្នឹង ហើយ​ត្រូវ​ដោះស្រាយ​ឲ្យ​បាន​ល្អ​ដើម្បី​ជា​ឧទាហរណ៍​ចំពោះ​អ្នក​ស៊ី​ប្រាក់​ខែ​ជាតិ»

លោក ឈាង វុន ប្រាប់​ថា សំណើ​នេះ​កើត​ចេញ​ពី​សំណេរ​របស់​គណៈកម្មការ​ទី​២ ទទួល​បន្ទុក​សេដ្ឋកិច្ច និង​សវនកម្ម​នៃ​រដ្ឋសភា​របស់​លោក ជាម យៀប។

អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​ប្រធាន​គណៈកម្មការ​ទី​២ រដ្ឋ​សភា លោក ជា យៀប និង​ប្រធាន​គណៈកម្មការ​ទី​៦ រដ្ឋសភា លោក ប៉ែន បញ្ញា ថ្ងៃ​ទី​៨ ខែ​តុលា បាន​ទេ។ ចំណែក​អ្នក​នាំ​ពាក្យ​រដ្ឋ​សភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ទាក់ទង​សំណើ​ដាក់​វិន័យ​តំណាងរាស្ត្រ ប្រាប់​ថា សំណើ​នេះ​មិន​ចាំបាច់​ត្រូវ​ធ្វើ​ទេ ព្រោះ​សព្វថ្ងៃ​នេះ​រដ្ឋ​សភា​មាន​បទបញ្ជា​ផ្ទៃក្នុង​រដ្ឋ​សភា និង​លក្ខន្តិកៈ​តំណាងរាស្ត្រ​រួច​ហើយ៖ «យើង​យល់​ឃើញ​ថា ជា​ការ​រឹតត្បិត​បន្ថែម​លើ​អ្វី​ដែល​មាន​ចែង​លើ​រដ្ឋធម្មនុញ្ញ និង​បទបញ្ជា​ផ្ទៃក្នុង​សភា​ដែល​មាន​ស្រាប់​ទៅ​សិទ្ធិ​សេរី​របស់​តំណាងរាស្ត្រ»

បើ​តាម​ការ​បញ្ជាក់​របស់​លោក យ៉ែម បុញ្ញឫទ្ធិ សំណើ​នេះ នឹង​ដាក់​វិន័យ​តំណាងរាស្ត្រ​ណា​មិន​ទៅ​ប្រជុំ និយាយ​កាត់​គេ​ពេល​ប្រជុំ ហើយ​ការ​ពិន័យ​ត្រូវ​នោះ ត្រូវ​កាត់​ប្រាក់ខែ ឬ​ធ្វើ​កំណត់ហេតុ​ជាដើម។ លោក​ថា សំណើ​នេះ​គ្រាន់តែ​ជា​សេចក្ដី​សម្រេច​ផ្ទៃក្នុង​នៅ​សភា​ប៉ុណ្ណោះ។

ទាក់ទង​រឿង​នេះ សមាជិក​គណៈកម្មការ​ទី​៦ ទទួល​បន្ទុក​នីតិកម្ម​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ និយាយ​ថា លោក​មិន​ទាន់​ឃើញ​សំណេរ​នេះ​នៅ​ឡើយ​ទេ រហូត​មក​ដល់​ពេល​នេះ។ តែ​ទោះ​យ៉ាង​ណា​ក្តី លោក​ឲ្យ​ដឹង​ថា ប្រធាន​គណៈកម្មការ​របស់​លោក បាន​កោះហៅ​លោក​ទៅ​ប្រជុំ​ផ្ទៃ​ក្នុង​ទាក់ទង​សេចក្ដី​ព្រាង​ច្បាប់​មួយ​ចំនួន​នៅ​ថ្ងៃ​ទី​១០ និង​ទី​១២ ខែ​តុលា ខាង​មុខ។ លោក​យល់​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​អាច​នឹង​មាន​ជជែក​ទាក់ទង​សំណើ​មួយ​ដាក់​វិន័យ​តំណាងរាស្ត្រ។ តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​រូប​នេះ លើក​ឡើង​ថា នេះ​ជា​រឿង​មួយ​មិន​ត្រូវ​ចំពោះ​ការ​វិន័យ​លើ​តំណាងរាស្ត្រ​ដែល​ចូល​ប្រជុំ ព្រោះ​ការ​មិន​ចូល​ប្រជុំ​របស់​តំណាងរាស្ត្រ​គឺ​មាន​ហេតុ​ផល​របស់​តំណាងរាស្ត្រ​នោះ។

អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត សង្កេត​ឃើញ​ថា ការ​តាក់តែង​ច្បាប់​មួយ​ចំនួន​សំដៅ​ទៅ​លើ​ស្ថានភាព​នយោបាយ។ ចំណែក​សំណើ​ដាក់​វិន័យ​តំណាងរាស្ត្រ លោក​យល់​ថា សំណើ​មាន​ចរិត​បម្រើ​ផលប្រយោជន៍។ លោក​ថា ច្បាប់​នេះ​ក៏​មិន​អាច​ចាប់​បង្ខំ​ឲ្យ​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ ចូល​ប្រជុំ​សភា​គ្រប់​ស្ថានការណ៍​បាន​ដែរ ប្រសិនបើ​បញ្ហា​នយោបាយ​មិន​ត្រូវ​បាន​ដោះស្រាយ៖ «ខ្ញុំ​នឹង​ឃើញ​ដល់​ច្បាប់​មួយ​ហៅ​ថា ច្បាប់​ឯកពន្ធនភាព ក៏​ធ្វើ​ក្នុង​កាលៈទេសៈ​មួយ​សម្រាប់​បម្រើ​ផលប្រយោជន៍​នយោបាយ ហើយ​ក្រោយ​មក​ច្បាប់​នោះ​អនុវត្ត​អត់​សូវ​មាន​ប្រសិទ្ធភាព»

​ការ​បង្ហាញ​តម្រុយ​នៃ​ការ​អនុម័ត​សំណើ​ដាក់​វិន័យ​តំណាងរាស្ត្រ​កាន់​តែ​ច្បាស់​បែប​នេះ ខណៈ​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​តាម​រយៈ​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា បញ្ជាក់​ជំហរ​មិន​ទាន់​ចូល​ប្រជុំ​សភា​របស់​ក្រុម​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ក្រោម​ហេតុផល​ថា ការ​គំរាម​ធ្ងន់ធ្ងរ​មក​លើ​ក្រុម​តំណាងរាស្ត្រ​បក្ស​នេះ។ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ស្នើ​ទៅ​តំណាងរាស្ត្រ​បក្ស​កាន់​អំណាច​គួរ​តែ​នាំ​គ្នា​ពិនិត្យ ឬ​គិតគូរ​បញ្ហា​ជាតិ ជា​ជាង​ការ​បង្កើត​វិធានការ ឬ​បញ្ជា​ផ្ទៃក្នុង​ណា​មួយ​ដែល​ដាក់​គំនាប​តំណាងរាស្ត្រ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។