បក្ស​ប្រជាជន​ចោទ​ថា​មាន​បក្ស​នយោបាយ​នៅ​ពី​ក្រោយ​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន ម៉ាណែត

គណបក្ស​ប្រជាជន​កម្ពុជា ឆ្លើយ​តប​ទៅ​នឹង​បាតុកម្ម​ប្រឆាំង​កូន​ប្រុស​ច្បង​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ដោយ​ចោទ​ប្រកាន់​ថា បាតុកម្ម​ដែល​ដឹក​នាំ​ដោយ​តំណាងរាស្ត្រ​ប្រទេស​​អូស្ត្រាលី ហុង លីម ធ្វើ​ក្រោម​ខ្សែ​ញាក់​របស់​គណបក្ស​នយោបាយ​មួយ​ដែល​មាន​មជ្ឈដ្ឋាន​អ្នក​ប្រឆាំង។

សេចក្ដី​ប្រកាស​ព័ត៌មាន​ចុះ​នៅ​ថ្ងៃ​ទី​៨ ខែ​តុលា របស់​គណបក្ស​ប្រជាជន​កម្ពុជា លើក​ឡើង​ថា លោក ហុង លីម ដែល​បោះបង់​សញ្ជាតិ​ខ្លួន​ឯង​ពុំ​មាន​សិទ្ធិ​បញ្ចេញ​មតិ​លើ​អធិបតេយ្យ​កម្ពុជា និង​មិន​តំណាង​ឲ្យ​សំឡេង​ខ្មែរ​ពិត​ប្រាកដ​ដូច​ដែល​អ្នក​ចូល​រួម​បាតុកម្ម​ចង់​បាន​នោះ​ទេ។

បញ្ជាក់​បន្ថែម​លើ​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឲ្យ​អាស៊ីសេរី ដឹង​ថា មជ្ឈដ្ឋាន​អ្នក​ប្រឆាំង​ដែល​ជា​ខ្សែ​ញាក់​ធ្វើ​ឲ្យ​មាន​បាតុកម្ម​នេះ ជា​ចង្កោម​អ្នក​ប្រឆាំង​គណបក្ស​ប្រជាជន​កម្ពុជា។ ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​លើ​លោក ហុង លីម វិញ​ម្ដង លោក សុខ ឥសាន បន្ត​ថា លោក ហុង លីម អស់​សិទ្ធិ​ជា​ពលរដ្ឋ​ខ្មែរ ព្រោះ​បុគ្គល​រូប​នេះ​ប្រមាថ​ជាតិ​ឯង​ជា​របប​តិរច្ឆាន៖ «គាត់​ប្រមាថ​គេ​ថា តិរច្ឆាន​ទូទាំង​ប្រទេស គាត់​ហ្នឹង​តិរច្ឆាន​ជាង​គេ​ទៅ​ទៀត។ ខ្លួន​ឯង​ជប់លៀង​ក្នុង​រង្វង់​បុណ្យ ១០០​ថ្ងៃ​លោក​បណ្ឌិត កែម ឡី បាន ដល់​ពេល​គេ​ធ្វើ​ទៅ​ជា​ចង្អៀតចង្អល់ តើ​ជា​អ្នក​ប្រជាធិបតេយ្យ​ដែរ ឬ​ទេ? គួរ​ឲ្យ​ខ្មាស​គេ​ណាស់​ដែល​ខ្លួន​ជា​តំណាងរាស្ត្រ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ ធ្វើ​ប្រឆាំង​នឹង​លទ្ធិប្រជាធិបតេយ្យ»

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត ទៅ​ប្រទេស​អូស្ត្រាលី សហគមន៍​ខ្មែរ​នៅ​ទីក្រុង​ម៉ែលប៊ន (Melbourne) ប្រមាណ​ជាង​ ៥០០​នាក់ នាំ​គ្នា​តវ៉ា​​កាល​ពី​រាត្រី​ថ្ងៃ​ទី​៧ ខែ​តុលា។ ការ​តវ៉ា​នេះ គឺ​ដើម្បី​ប្រឆាំង​នឹង​លោក ហ៊ុន ម៉ាណែត ព្រមទាំង​ទាមទារ​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី ដែល​ត្រូវ​ឃាតក​បាញ់​សម្លាប់​កាល​ពី​ខែ​កក្កដា កន្លង​ទៅ និង​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន និង​សមាជិក​សភា​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ពន្ធនាគារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។