អ្នក​មាន​បញ្ហា​​ដីធ្លី​៧៧​សហគមន៍​ប្រតិកម្ម​នឹង​អាជ្ញាធរ​មិន​ឲ្យ​ប្រារព្ធ​ទិវា​សិទ្ធិ​នៅ​លំនៅឋាននៅ​ដីក្រហម

សាលា​រាជធានី​ភ្នំពេញ បាន​បដិសេធ​មិន​ឲ្យ​សហគមន៍​មាន​វិវាទ​ដីធ្លី​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅឋាន​ពិភពលោក លើក​ទី​៣១ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​១០ ខែ​តុលា ក្នុង​តំបន់​ដី​ក្រហម រាជធានី​ភ្នំពេញ ដែល​ជា​តំបន់​មាន​វិវាទ​ដីធ្លី។ ជុំវិញ​ការ​បដិសេធ​នេះ សហគមន៍​ចំនួន​៧៧ កំពុង​មាន​ភាព​មិន​ច្បាស់លាស់​ក្នុង​ការ​រៀបចំ​ទិវា​នេះ​នៅ​ឡើយ។

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី និង​ពលរដ្ឋ​រង​ការ​បណ្ដេញ​ចេញ​មក​ពី ៧​ខេត្ត និង​រាជធានី​ភ្នំពេញ គ្រោង​ជួប​ប្រជុំ​គ្នា​ពិភាក្សា​អំពី​ជំហរ​របស់​ខ្លួន​ក្នុង​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​នៅ​លំនៅឋាន​ពិភពលោក​លើក​ទី​៣១ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ច័ន្ទ ទី​១០ ខែ​តុលា។

ប្រធាន​កម្មវិធី​បច្ចេកទេស​របស់​អង្គការ​សមាគម​ធាង​ត្នោត លោក សៅ កុសល មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៨ ខែ​តុលា ថា ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី និង​ពលរដ្ឋ​រង​ការ​បណ្ដេញ​ចេញ​ចំនួន ៧៧​សហគមន៍​ជជែក​គ្នា នៅ​ថ្ងៃ​ទី​៩ ខែ​តុលា ថា តើ​នឹង​បន្ត​ធ្វើ​នៅ​តំបន់​ដីក្រហម ក្បែរ​ស្ថានទូត​រុស្សី ក្នុង​ខណ្ឌ​ចំការមន ឬ​ធ្វើ​ទៅ​តាម​ការ​តម្រូវ​របស់​សាលា​រាជធានី នៅ​ទីលាន​ប្រជាធិបតេយ្យ។

លោក​ថា មូលហេតុ​ដែល​សហគមន៍​ទាំង​អស់​ចង់​ធ្វើ​នៅ​តំបន់​ដី​ក្រហម ដោយសារ​តែ​តំបន់​នោះ​ជា​ទី​ដែល​អាជ្ញាធរ​បណ្ដេញ​ពលរដ្ឋ​មាន​វិវាទ​ដីធ្លី​ជា​ច្រើន​រយ​គ្រួសារ​ចេញ ដោយ​គ្មាន​សំណង​សមរម្យ និង​រំលោភ​សិទ្ធិ​មនុស្ស៖ «មូលហេតុ​គាត់​ថា មាន ៣​ចំណុច ទី​១ ជិត​ស្ថានទូត​រុស៊្សី ប៉ះពាល់​សន្តិសុខ​របស់​ស្ថានទូត ទី​២ ស្ទះ​បញ្ហា​ចរាចរណ៍ ទី​៣ ធ្វើ​នៅ​ក្រៅ​ទីលាន​ប្រជាធិបតេយ្យ​អាច​មាន​បញ្ហា​អសន្តិសុខ​ជ្រៀត​ចូល​ផ្សេងៗ។ ហេតុផល​២ ៣ នេះ ជា​លេស»

ក្នុង​ពេល​ប្រារព្ធ​ទិវា​នោះ សហគមន៍​ដីធ្លី​គ្រោង​ហែ​ញត្តិ​ទៅ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​មាន​គោលបំណង​សំខាន់​គឺ​កុំ​ឲ្យ​ប្រើ​ប្រព័ន្ធ​តុលាការ​ចាប់​អ្នក​រងគ្រោះ​ដីធ្លី ស្នើ​ឲ្យ​អាជ្ញាធរ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ដីធ្លី និង​រាល់​ការ​អភិវឌ្ឍ​ផ្ដល់​សង​សំណង​សមរម្យ ឬ​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង។

សិទ្ធិ​លំនៅឋាន​ពិភពលោក លើក​ទី​៣១ ឆ្នាំ​នេះ មាន​ប្រធានបទ "សិទ្ធិ​ទទួល​បាន​លំនៅឋាន"។

ជា​ច្រើន​លើក​មក​ហើយ សហគមន៍​តែង​ជ្រើសរើស​យក​កន្លែង​ប្រារព្ធ​សិទ្ធិ​លំនៅឋាន​ពិភពលោក នៅ​តំបន់​ដី​ក្រហម។ ប៉ុន្តែ​នៅ​ពេល​សហគមន៍​ហែ​ញត្តិ​ដាក់​តាម​ស្ថាប័ន​នានា កង​កម្លាំង​ចម្រុះ​ប្រដាប់​ដោយ​អាវុធ បាន​ដាក់​បារ៉ាស់​រារាំង​ពួកគាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។