ទម្លាប់​១០​យ៉ាង​ដែល​ធ្វើ​ឲ្យ​អ្នក​​ក្លាយ​ជា​មនុស្ស​មាន​ភាព​​ទាក់ទាញ​

ការធ្វើខ្លួនជាមនុស្សមានភាពទាក់ទាញ និងទទួលបានការចាប់អារម្មណ៍ពីមនុស្សល្អដែលអាចជួយឲ្យអ្នកសប្បាយរីករាយ អាចរៀនសូត្រ និងលូតលាស់ មិនមែនជារឿងងាយនោះទេ ប៉ុន្តែយ៉ាងណាក៏ដោយ អ្នកអាចធ្វើខ្លួនឲ្យមានភាពទាក់ទាញ ដោយផ្ដើមចេញពីឥរិយាបថរបស់អ្នក ជាពិសេសទម្លាប់ទាំង១០ខាងក្រោម៖

១. ទំនាក់ទំនងជាមួយអ្នកដទៃ

ការធ្វើជាអ្នកស្ដាប់ដ៏ល្អ មានសារៈសំខាន់ណាស់ក្នុងទំនាក់ទំនងនេះ។ នៅពេលដែលអ្នកចាប់អារម្មណ៍លើអ្វីដែលអ្នកដទៃនិយាយច្រើនជាងនិយាយអំពីខ្លួនអ្នក នោះអ្នកដទៃនឹងមានអារម្មណ៍ថាអ្នកខ្វល់ពីអ្វីដែលគេនិយាយ។ អ្នកអាចនិយាយពីការងារ និងអាកាសធាតុដើម្បីឲ្យកិច្ចសន្ទនា និងទំនាក់ទំនងរបស់អ្នកមានដំណើរទៅមុខ ហើយបើកាន់តែល្អទៀតនោះ គឺនិយាយចែករំលែកអំពីក្ដីស្រមៃ គោលដៅ និងចំណង់ចំណូលចិត្ត ដើម្បីបង្កើតនូវទំនាក់ទំនងដែលពិតប្រាកដ។

២. ចាត់ទុកមិត្តភាពជាអាទិភាព

មិត្តពិតប្រាកដ គឺតែងតែនៅជាមួយអ្នកនៅពេលដែលអ្នកត្រូវការ ដូចនេះចូរកុំឲ្យមិត្តភាពរបស់អ្នកនៅក្រោយអ្វីផ្សេងទៀតដែលកើតមានក្នុងជីវិតរបស់អ្នក។ តាមរយៈការថែទាំនូវមិត្តភាពរបស់អ្នក មានពេលវេលាសម្រាប់មនុស្សដែលអ្នកខ្វល់ខ្វាយដល់ នោះអ្នកនឹងមានមនុស្សអស្ចារ្យជាច្រើននៅក្បែរអ្នកនៅក្នុងជីវិត។

៣. រស់នៅជាមួយនិងបច្ចុប្បន្ន

ជីវិតអាចជួបនឹងបញ្ហារ៉ាំរ៉ៃ ប៉ុន្តែត្រូវចាំថាធ្វើអ្វីៗតាមសម្រួល និងឲ្យតម្លៃលើអ្វីដែលខ្លួនបានឆ្លងកាត់ជាបទពិសោធន៍។ ភាពយកចិត្តទុកដាក់ គឺជាលក្ខណៈសម្បត្តិមួយដែលមានភាពទាក់ទាញ ដោយសារតែវាបង្ហាញពីការដឹងច្បាស់ពីខ្លួនឯង ហើយនាំឲ្យមនុស្សទទួលស្គាល់សម្រស់នៃភាពបច្ចុប្បន្នរបស់ខ្លួន។

៤. នៅរក្សាភាពសកម្ម

ការថែរក្សាខ្លួនរបស់អ្នកទាំងផ្នែករូបកាយខាងក្រៅ និងផ្លូវចិត្តខាងក្នុង មានសារៈសំខាន់ណាស់សម្រាប់សុខភាព សុភមង្គល និងសុខុមាលភាព។ ការធ្វើលំហាត់ប្រាណ អាចជួយឲ្យអ្នករក្សារាងកាយមានសុខភាពល្អ និងធ្វើឲ្យអ្នកមានភាពសុខស្រួលច្រើនផងដែរ។

៥. ស្គាល់ពីតម្លៃខ្លួនឯង

ការស្គាល់ពីតម្លៃខ្លួនឯងនឹងធ្វើឲ្យអ្នកមានទំនុកចិត្ត។ ចូរធ្វើខ្លួនឲ្យខ្ពង់ខ្ពស់ ប្រកបដោយសីលធម៌ និងគោរពនូវបទដ្ឋានសង្គម។ ការមានទំនុកចិត្តលើលក្ខណៈរបស់ខ្លួនឯង នឹងជួយឲ្យអ្នកស្វែងរកដៃគូដែលមានលក្ខណៈស្រដៀងនឹងអ្នកដែរ។

៦. ថែបំប៉នខ្លួនឯង

អាហារគឺជាថាមពលសម្រាប់រាងកាយអ្នក។ ការបរិភោគអាហារដែលមិនសូវល្អ នោះនឹងធ្វើឲ្យរាងកាយរបស់អ្នកដំណើរការមិនបានល្អ ហើយថែមទាំងអាចធ្វើឲ្យប៉ះពាល់ដល់រាងកាយទៀត។ ដូចនេះ ចូរជ្រើសរើសអាហារណាដែលស្រស់ អាហារសុខភាព ដើម្បីផ្ដល់ថាមពលដល់រាងកាយរបស់អ្នក។

៧. គេងឲ្យបានគ្រប់គ្រាន់

ការគេងមានសារៈសំខាន់សម្រាប់សុខភាព និងសុខុមាលភាពរបស់អ្នក។ ការសម្រាកពេលយប់បានល្អ នឹងជួយឲ្យអ្នកក្មេងឡើងវិញ ជួយរក្សាស្បែកឲ្យមើលទៅមានសុខភាពល្អ ព្រមទាំងភ្នែកភ្លឺល្អ។ មនុស្សដែលមានការសម្រាកល្អ អាចដោះស្រាយចំពោះបញ្ហាស្មុគស្មាញបានប្រសើរជាងអ្នកដទៃ។

៨. មានពេលវេលាសម្រាប់ខ្លួនឯង

ចូរកុំធ្វើឲ្យខ្លួនឯងមានភាពរវល់ខ្លាំង រហូតដល់គ្មានពេលសម្រាក និងស្រូបយកខ្យល់អាកាស។ គួរមានពេលវេលាជារៀងរាល់ថ្ងៃ ដើម្បីធ្វើអ្វីដែលអ្នកចង់ធ្វើ ឬធ្វើអ្វីដែលផ្ដល់ថាមពលដល់អ្នកឡើងវិញ។ អ្នកអាចរត់កីឡាពេលព្រឹក មុជទឹកពពុះនៅក្នុងពេលល្ងាច ឬអានសៀវភៅចំនួនពីរបីទំព័រជារៀងរាល់ថ្ងៃ។ ចូរស្វែងរកសកម្មភាពដែលជួយដល់ចិត្តគំនិតរបស់អ្នក។

៩. អត់អោន និងអធ្យាស្រ័យ

អ្នកអាចពិបាកក្នុងការបោះបង់ចោលនូវភាពច្រណែនឈ្នានីស។ មួយវិញទៀត អ្នកអាចចង់លាក់អោបនូវទុក្ខ និងការឈឺចាប់នៅនឹងខ្លួនអ្នក ដោយសារការចងចាំនូវចំណុចទាំងអស់នេះ នឹងអាចជួយមិនឲ្យ វាកើតឡើងម្ដងទៀត។ ជាការពិត ប្រសិនបើអ្នកនៅតែមានភាពច្រណែនឈ្នានីសក្នុងខ្លួនយូរប៉ុណ្ណា នោះអ្នកនឹងត្រូវព្យាបាលយូរប៉ុណ្ណោះដូចគ្នា។ ចូររៀនពីស្ថានភាពជុំវិញ នោះអ្នកនឹងមានពន្លឺក្នុងចិត្តជាងមុន ត្រៀមខ្លួនជាស្រេចក្នុងការបោះជំហានទៅមុខ។

១០. រីករាយនឹងរឿងរ៉ាវតិចតួច

អ្នកទទួលខុសត្រូវចំពោះសុភមង្គលរបស់ខ្លួនអ្នកផ្ទាល់។ ការជ្រើសរើសក្នុងការមានភាពរីករាយជាមួយនិងរឿងរ៉ាវសាមញ្ញនៅក្នុងជីវិត គឺជាវិធីធ្វើឲ្យអ្នកមានឥរិយាបថវិជ្ជមាន។ ចូរនៅជិតជាមួយនិងអ្វីដែលធ្វើឲ្យជីវិតរបស់អ្នកមានភាពរស់រវើក និងនៅក្បែរអ្នកដែលខ្វល់ខ្វាយពីអ្នក។

ប្រែសម្រួល៖ Sophany
ប្រភព៖ Life Box Today

  • ទម្លាប់​១០​យ៉ាង​ដែល​ធ្វើ​ឲ្យ​អ្នក​​ក្លាយ​ជា​មនុស្ស​មាន​ភាព​​ទាក់ទាញ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:ជីវិតនិងសង្គម
Tags: