​ស្ត្រី​មាន​ផ្ទៃពោះ ជា​កូនភ្លោះ គួរ​ត្រៀម​លក្ខណៈ​ពិសេស​អ្វី​ខ្លះ​ទៅ​?

​ស្ត្រី​មាន​ផ្ទៃពោះ ជា​កូនភ្លោះ គួរ​ត្រៀម​លក្ខណៈ​ពិសេស​អ្វី​ខ្លះ​ទៅ​?

​ធម្មតា​ការ​មាន​ផ្ទៃពោះ​គឺជា​រឿង​សំខាន់​មួយ​សម្រាប់​ស្ត្រី​គ្រប់រូប និង​មនុស្ស​នៅ​ជុំវិញ​ខ្លួន ប៉ុន្តែ​នៅពេល​ស្ត្រី​ដឹងថា​ខ្លួន​កំពុងតែ​ពរ​ពោះ​កូន​ពីរ​នាក់​ហើយ អញ្ជឹង​ការថែរក្សា​សុខភា​ពកា​ន់តែ​សំខាន់ និង​មាន​ការយកចិត្តទុកដាក់​ខ្ពស់​ជាង​គេ​ណាស់​ហើយ​។ ដូច្នេះ ការថែទាំ​សុខភាព​ឲ្យ​ល្អ​តាម​រយៈ​របៀប​រស់នៅ និង​របប​អាហារ​នានា​នឹង​ជួយ​អ្នក​ចៀសផុត​ពី​ផលវិបាក​ផ្សេងៗ និង​ល្អ​បំផុត​សម្រាប់​សុខភាព​កូន​ទាំង​ពីរ​ក្នុង​ផ្ទៃ​ផង​។

​យក​ល្អ​គួរតែ​មាន​ការថែរក្សា​មុន​ពេល​សម្រាល​ឲ្យបាន​ល្អផង​។ មានន័យ​ថា អ្នក​ត្រូវ​តែ​ជ្រើសរើស​ឆ្មប ដែល​មាន​ជំនាញ ឬ​គ្រូពេទ្យ​ដែល​មាន​បទពិសោធន៍​ខ្ពស់​ដើម្បី​ថែទាំ​អ្នក​គ្រប់ពេល​អ្នកត្រូវកា​រ ឬ​ពិគ្រោះ​យោបល​ជាមួយ​។

ការ​ដែល​មាន​របៀប​រស់នៅ និង​របប​អាហារ​ប្រកប​ដោយ​សុខភាព​ក្នុងពេល​មាន​ផ្ទៃពោះ​គឺជា​រឿង​សំខាន់​។ ដូច្នេះ​ចូ​រញ៉ាំ​អាហារ​ឲ្យបាន​គ្រប់គ្រាន់ ហាត់ប្រាណ​ថ្នមៗ ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន ហើយ​បើសិនជា​មាន​អារម្មណ៍​តានតឹង​ខ្លាំង ចូរ​សុំ​ជំនួយ​ពី​មិត្តភក្តិ និង​ក្រុមគ្រួសារ ឬ​អាច​និយាយ​រឿង​ទាំងនោះ​ជា​មួយ​ឆ្មប ឬ​គ្រូពេទ្យ​ដើម្បី​គេ​អាច​ជួយ​ដោះស្រាយ​។​

អ្នកខ្លះ​គិតថា បើសិន​ជា​អ្នក​មាន​កូនភ្លោះ​បែបនេះ អ្នក​ត្រូវ​តែ​ញ៉ាំ​អាហារ​បន្ថែម​ឲ្យបាន​ច្រើន ប៉ុន្តែ​វា​មិន​អញ្ចឹង​ឡើយ​។ ប្រភេទ​អាហារ​ដែល​អ្នក​គួរ​ញ៉ាំ​គឺ​សំខាន់​ជាង​ទៅវិញ​ទេ​ជាង​ចំនួន​ដែល​អ្នក​ញ៉ាំ​ទៅទៀត​។ ក្រៅពីនេះ អ្នក​ប្រហែលជា​ត្រូវបាន​គ្រូពេទ្យ​ណែនាំ​ឲ្យ​ញ៉ាំ​ថ្នាំ​បំប៉ន​ជាតិ​ដែក​បន្ថែម​ទៀត​ផង​។

អ្វី​ដែល​កាន់តែ​សំខាន់​នោះ​គឺ​ត្រូវតែ​ធ្វើការ​ណាត់​ជួប​ជាមួយ​គ្រូពេទ្យ​តាម​ពេលវេលា​ដែល​បានកំណត់​រួច​ដើម្បី​ពេទ្យ​អាច​តាមដាន​សុខភាព​របស់​កូន​បាន​ត្រឹមត្រូវ និង​ធានាបាន​ថា​មិន​មាន​អ្វី​ខុស​ប្រក្រតី​។

ស្ត្រី​មាន​ផ្ទៃពោះ​ជា​កូនភ្លោះ​ភាគច្រើន​គឺ​មាន​សុខភាព​ល្អ​ធម្មតា​។ ប៉ុន្តែ​ផលវិបាក​ជាច្រើន​ក៏​អាច​នឹង​កើតមាន​ដែរ​ដូចជា​៖

  • ​រលូត​កូន​
  • ​កូនភ្លោះ​ដែល​ឃើញ​តែ​ក្នុង​ពេល​ថត​អេកូ​ដំបូង តែ​លើក​ក្រោយ​មិន​ឃើញ​ទៅវិញ (Vanishing Twin Syndrome)
  • ​លើស​សម្ពាធ​ឈាម និង​ត្រៀម​ក្រឡាភ្លើង​
  • ​ធ្លាក់ឈាម​
  • ​កូន​កើត​មិន​គ្រប់​ខែ​
  • ​កូន​កើត​មិន​គ្រប់​ទម្ងន់​
  • ​កូន​កើត​មក​ខ្វះ​អវៈយវៈ​
  • ​មាន​ការលូតលាស់​មិន​ត្រឹមត្រូវ ឬ​ពិការភាព​

​អ្នក​អាច​នឹង​គិតគូរ​ឲ្យ​ហើយ​អំពី​ការ​សម្រាលកូន​ដោយ​វះកាត់ ព្រោះ​វា​ជា​ជម្រើស​ដ៏​មាន​សុវត្ថិភាព ប៉ុន្តែ​គួរតែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​ឆ្មប​សិន​ថា​តើ​សម្រាល​ដោយ​ធម្មជាតិ​អាច​ធ្វើ​ទៅ​បាន​ឬ​អត់​។

​សម្រាប់​កូនភ្លោះ​ទំនងជា​អាច​កើតមុន​សប្តាហ៍​ទី ៣៨ ហើយក៏​អាច​នឹង​ត្រូវ​ចំណាយពេល​ច្រើន​ក្នុង​ការថែទាំ​ក្នុង​មន្ទីរពេទ្យ​សិន​ផងដែរ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ pregnancybirthbaby.org.au

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។