ហួសចិត្ត ! បុក​ឡើង​ហុយផ្សែង អ្នកបើកបរ​បែរជា​ដេក​លក់​ក្នុង​រថយន្ត

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បើករថយន្ត​រេ​ចង្កូត​ទៅ​បុក​បង្គោល​ភ្លើង​បណ្ដាល​ឲ្យ​រថយន្ត​ហុយផ្សែង​ពីមុខ​ ប៉ុន្តែ​បុរស​នោះ​បែរជា​ដេក​លង់លក់​លើ​ចង្កូត​ក្នុង​រថយន្ត​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្បែរ​ហាង​ម្លប់​ស្វាយ​៩៩ តាម​ផ្លូវ​លេខ​១៧៣ កែង​ផ្លូវ​លេខ​៣៨៤ ស្ថិត​នៅ​ភូមិ​១០ សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន ។

សាក្សី​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ម៉ាក RANGE ROVER ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​២R ៥៩៤៩ បើកបរ​ដោយ​បុរស​ម្នាក់​សង្ស័យ​ថា​ជា​ជនជាតិ​ចិន តាម​បណ្ដោយ​ផ្លូវ​លេខ​១៧៣ ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​មធ្យម លុះ​មក​ដល់​ចំណុច​ខាងលើ​អ្នកបើកបរ​ស្រវឹង​ធ្លាក់​ផ្លូវ​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ទៅ​បុក​បង្គោល​ភ្លើង​បណ្តាល​ឲ្យ​ទ្រេត ចំណែក​អ្នក​បើករថយន្ត​បែរជា​ដេក​លក់​នៅ​លើ​ចង្កូតរថយន្ត​ទាំង​រថយន្ត​ហុយផ្សែង​ពីមុខ ធ្វើ​ឲ្យ​អ្នក​ឃើញ​ហេតុការណ៍​ភ័យ​ស្លន់ស្លោ​ខ្លាច​ឆេះ​រថយន្ត​បាន​នាំ​គ្នា​ទៅ​គោះ​កញ្ចក់​រថយន្ត​នៅ​តែ​មិនដឹង​ខ្លួន ប៉ុន្តែ​ឃើញ​កញ្ចក់​ខាងស្ដាំ​ដៃ​បើកចំហ​ចោល ក៏​បាន​លូ​ដៃ​កាច់​ពន្លត់​រថយន្ត​ភ្លាម​ៗ​ខ្លាច​បង្ក​ឲ្យ​ឆាបឆេះ​រថយន្ត ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ហៅ​ខាង​មន្ត្រី​អគ្គិសនី​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ចរចា​ជាមួយ​សាច់ញាតិ​អ្នក​បើករថយន្ត និង​បាន​ឲ្យ​រថយន្ត​បង្ក​បើក​ចេញ​ទៅ ដោយ​អះអាង​ថា បង្គោល​ភ្លើង​ខូចខាត​តិចតួច ទោះបីជា​នគរបាល​ជំនាញ​ខណ្ឌចំការមន​ហៅ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ឲ្យ​យក​រថយន្ត​បង្ក​ទៅ​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ក៏​ដោយ ៕