ស្មានថា​ទៅ​ដេក​ផ្ទះ​ម្តាយ ២​ថ្ងៃក្រោយ​ឃើញ​នៅ​ក្នុង​ពាងទឹក

ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​បាត់​បាត់​ពី​ផ្ទះ​២​ថ្ងៃ ខណៈ​ជីដូន​ទៅ​ដងទឹក​ពាង​ខាងលិច​ផ្ទះ ស្រាប់តែ​ប្រទះ​ឃើញ​សាកសព​នៅ​ក្នុង​ពាង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០១៦ នៅ​ភូមិ​ស្ទឹង​កំបុត ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិ៍សាត់ ។

លោក​វរសេនីយ៍ទោ នាង វុ​ធ អធិការ​នគរបាល​ស្រុក​បាកាន បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ជិន សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ម្ដាយ​ឈ្មោះ ហែម មុំ អាយុ​៤៥​ឆ្នាំ ជា​ស្ត្រី​ម៉េ​ម៉ា​យ មានកូន​ប្រុស​៣​នាក់ ហើយ​ជន​រង​គ្រោះជា​កូនច្បង ។ សព្វថ្ងៃ​ជន​រង​គ្រោះ​រស់នៅ​ជាមួយ​ជីដូន​ចាស់ជរា​តែ​២​នាក់​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

លោក​វរសេនីយ៍ទោ នាង វុ​ធ បន្ត​ថា ជន​រង​គ្រោះ​តែងតែ​ដើរ​លេង​ជាមួយ​មិត្តភក្តិ​ផឹកស៊ី​រហូត​យប់​ទើប​ចូល​ផ្ទះ ជួនកាល​មិន​មក​ដេក​ផ្ទះ​ជាមួយ​ជីដូន​ទេ ទៅ​ដេក​ផ្ទះ​ជាមួយ​ម្ដាយ និង​បងប្អូន​ទៅ​វិញ ។ ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០១៦ ជន​រង​គ្រោះ​ដើរ​បាត់​ពេញ​មួយ​ថ្ងៃ​មិនដឹង​ទៅ​ណា​ទេ ហើយ​យប់​ឡើង​ក៏​មិនឃើញ​ចូល​ផ្ទះ​ជីដូន​ដែរ ។ ដោយ​នឹក​ស្មានថា ជន​រង​គ្រោះ​ទៅ​ដេក​ផ្ទះ​ម្ដាយ​របស់​គេ ជីដូន​ក៏​មិន​ដើរ​រក​ដែរ​ព្រោះ​វា​ជា​ទម្លាប់​ទៅ​ហើយ ។

លោក​អធិការ​បន្ត​ទៀត​ថា ស្រាប់តែ​វេលា​កើត​ហ​តុ​ខាង​ខណៈ​ជីដូន​ទៅ​ដងទឹក​ពាង​ខាងលិច​ផ្ទះ ស្រាប់តែ​ប្រទះ​ឃើញ​សាកសព​នៅ​ក្នុង​ពាង ប៉ុន្តែ​មិនដឹង​ថា​ជា​នរណា​ទេ ក៏​ទៅ​ប្រាប់​អ្នកស្រុក​អ្នក​ភូមិ និង​សមត្ថកិច្ច​ឲ្យ​មក​មើល ។ លុះ​ពេល​ស្រង់​ចេញ​មក​ទើប​ដឹង​ថា​ជា​ជន​រង​គ្រោះ​ឈ្មោះ ជិន សុ​ភ័​ក្រ ជា​ចៅ​របស់​ជីដូន​ដែល​ជា​ម្ចាស់ផ្ទះ ។

សមត្ថកិច្ច​ចម្រុះ​មាន​នគរបាល​ព្រហ្មទណ្ឌ នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ និង​គ្រូពេទ្យ បាន​ពិនិត្យ​សាកសព​ឃើញ​ថា នៅ​លើ​ដងខ្លួន​ជន​រង​គ្រោះ​មិន​មាន​ស្លាកស្នាម​អ្វី​ទេ ប៉ុន្តែ​មុខ និង​ត្របកភ្នែក​មាន​ស្នាម​របក​រលាត់​ដែល​អាច​សន្និដ្ឋាន​បាន​ថា បុក​នឹង​ពាងទឹក ។ ក្នុង​ពាង​មានទឹក​កន្លះ​ពាង ហើយ​ថ្ងៃ​នោះ​ជន​រង​គ្រោះ​អាច​ស្រវឹងស្រា​ខ្លាំង នៅ​ពេល​ឱន​ដងទឹក​ទប់ខ្លួន​មិន​ជាប់​អាច​ជ្រមុជ​ក្បាល​ចូល​ក្នុង​ពាង​ងើប​មិន​រួច​បណ្ដាល​ឲ្យ​ឈ្លក់ទឹក​ស្លាប់​តែ​ម្ដង ។ ម្យ៉ាងវិញទៀត​ស្រវឹងស្រា​អាច​ទៅ​ជា​ខ្យល់គ​ផង​ដែរ ៕