ជួប​គ្នា​លើក​ទី​៣៖ កម្ពុជា​ ឬ​ស្រី​លង្កា​ ល្ងាច​នេះ?

វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​​ ​ថ្ងៃ​អាទិត្យ​ទី​៩ តុលា​នេះ​ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ត្រូវ​​បើក​ទ្វារ​​ពហុកីឡដ្ឋាន​ជាតិ​ ដើម្បី​ទទួល​ស្វាគមន៍​ក្រុម​ស្រី​លង្កា​សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ដើម្បី​ជម្រុះ​ AFF Suzuki Cup នា​ពេល​ខាង​មុខ។

 

ជួប​គ្នា​លើក​ទី​៣៖ កម្ពុជា​ ឬ​ស្រី​លង្កា​ ល្ងាច​នេះ?

ក្រុម​ជម្រើស​ជាតិ​កម្ពុជា

 

បន្ទាប់​ពី​រង​បរាជ័យ​ក្រោម​ថ្វី​ជើង​ហុងកុង​ដោយ​លទ្ធផល​ ២-០ កាល​ពី​ថ្ងៃ​ទី​៦​ តុលា កន្លង​ទៅ​​ថ្មី​នេះ​ ក្រុម​កម្ពុជា​ត្រូវ​ការ​ជ័យជម្នះ​​សម្រាប់​ការ​ប្រកួត​ល្ងាច​នេះ​ដើម្បី​​​ផ្តល់​កម្លាំង​ចិត្ត​ដល់​ខ្លួន​ឯង​​មុន​​ពេល​​ការ​ប្រកួត​ជម្រុះ​ Suzuki Cup ​ក៏​ដូច​ជា​​បំពេញ​ចិត្ត​ដល់​អ្នក​គាំទ្រ​របស់​ខ្លួន​ពេញ​​ស្តាត។ ចំណែក​ក្រុម​ភ្ញៀវ​ស្រី​លង្កា​វិញ​យក​វេទិកា​នៃ​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​កម្ពុជា​នេះ​ដើម្បី​​សម្រិត​សម្រាំង​កីឡាករ​ចុង​ក្រោយ​ត្រៀម​ចូល​រួម​ប្រកួត​ពាន​រង្វាន់​មួយ​នៅ​ប្រទេស​ម៉ាឡេស៊ី។

 

សំដី​គ្រូ​មុន​ការ​ប្រកួត​

 

ជួប​គ្នា​លើក​ទី​៣៖ កម្ពុជា​ ឬ​ស្រី​លង្កា​ ល្ងាច​នេះ?

Dudley Steinwall គ្រូ​បង្វឹក​ក្រុម​ជម្រើសជាតិស្រីលង្កា

 

គ្រូ​ស្រីលង្កា Dudley Steinwall ៖ លោក​មិន​គិត​លើ​កីឡាករ​ម្នាក់​ៗ​របស់​កម្ពុជា​ជា​សំខាន់​ឡើយ​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​ក្រុម​កម្ពុជា​ទាំង​មូល​ដែល​បង្ក​គ្រោះ​ថ្នាក់។ កម្ពុជា​មាន​ប្រព័ន្ធ​ការពារ​ល្អ​ដូច​ដែល​លោក​បាន​ឃើញ​ប្រកួត​ជា​មួយ​​ហុងកុង​ ដូច្នេះ​មិន​មែន​ជា​រឿង​ស្រួល​ទេ​សម្រាប់​លោក​ល្ងាច​នេះ។

 

ជួប​គ្នា​លើក​ទី​៣៖ កម្ពុជា​ ឬ​ស្រី​លង្កា​ ល្ងាច​នេះ?

Lee Tae Hoon គ្រូ​បង្វឹក​ក្រុម​ជម្រើសជាតិកម្ពុជា

 

គ្រូ​កម្ពុជា​ Lee Tae Hoon ៖ លោក​មើល​ឃើញ​​ក្រុម​ស្រីលង្កា​​លេង​អង់​អាច​ ម៉ត់​ចត់​ ហើយ​ទម្រង់​លេង​ក៏​ល្អ​ទាំង​បម្រើ​ និង​ប្រយុទ្ធ​ដែល​មាន​ល្បឿន​លឿន។ ទោះ​យ៉ាង​ណា​ លោក​នឹង​រៀប​ចំ​សមាជិក​​របស់​លោក​ដើម្បី​​​បត់​បែន​តាម​​ប្រព័ន្ធ​លឿន​របស់​ស្រី​លង្កា​ដើម្បី​​បង្កើត​លទ្ធផល​ល្អ​ជាង​ការ​ប្រកួត​ជា​មួយ​ហុងកុង។​

 

លក្ខណៈ​សម្បត្តិ​របស់​កីឡាករ​​​

 

ជួប​គ្នា​លើក​ទី​៣៖ កម្ពុជា​ ឬ​ស្រី​លង្កា​ ល្ងាច​នេះ?

ក្រុមជម្រើសជាតិស្រីលង្កា

 

ស្រី​លង្ការ៖ ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ម្សិល​មិញ​ លោក​ Dudley Steinwall បាន​និយាយ​ថា​ លោក​ព្យាយាម​ដាក់​កីឡាករ​ឲ្យ​លេង​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ហើយ​វា​ល្អ​ដែល​ការ​ប្រកួត​មិត្តភាព​អាច​ផ្លាស់​ប្តូរ​កីឡាករ​បាន​ដល់​៦​នាក់។ លោក​មិន​ដាក់​​កីឡាករ​ល្អ​ទាំង​អស់​ទេ​ ហើយ​ក៏​មិន​ដាក់​កីឡាករ​មិន​សូវ​ល្អ​លេង​ដែរ​ ​ពី​ព្រោះ​លោក​យក​​ការ​ប្រកួត​មិត្តភាព​នេះ​ដើម្បី​សម្រិតសម្រាំង​យក​កីឡាករ​​សម្រាប់​ទៅ​ប្រកួត​ពាន​មួយ​នៅ​ម៉ាឡេស៊ី។

 

ជួប​គ្នា​លើក​ទី​៣៖ កម្ពុជា​ ឬ​ស្រី​លង្កា​ ល្ងាច​នេះ?

 

កម្ពុជា៖ ដោយ​សារ​ការ​ប្រកួត​ជា​មួយ​ហុងកុង​ទើប​កន្លង​ទៅ​៣​ថ្ងៃ​ប៉ុណ្ណោះ ដូច្នេះ​កីឡាករ​មាន​ការ​នឿយ​ហត់​សម្រាប់​ការ​ប្រកួត​ល្ងាច​នេះ​ ដូច្នេះ​លោក​ Lee មិន​ទាន់​សម្រេច​​​ជ្រើស​រើស​កីឡាករ​ណា​លេង​ល្ងាច​នេះ​ទេ។ ទោះ​ជា​យ៉ាង​ណា លោក​ Lee បាន​បង្ហើប​ថា​ លោក​នឹង​ព្យាយាម​ដាក់​កីឡាករ​ថ្មី​ៗ​ឲ្យ​បាន​ចូល​លេង។

 

ប្រវត្តិ​ជួប​គ្នា​ កម្ពុជា​ និង​ស្រី​លង្កា

 

​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ និង​ស្រី​លង្កា​ធ្លាប់​ជួប​គ្នា​បាន​តែ​២​ដង​ដង​​ប៉ុណ្ណោះ​​គឺ​កម្ពុជា​ឈ្នះ​១​ និង​ស្រី​លង្កា​ឈ្នះ​១។ ចុះ​លើក​ទី​៣​ ​ថ្ងៃ​ទី​៩​ តុលា​​នេះ កម្ពុជា​ ឬ​ស្រី​លង្កា?
-២២-០៧-១៩៧២ ៖ កម្ពុជា​ ៦-២ ស្រី​លង្កា​ ពាន​ Merdeka Tournament
-២៨-០៣-២០០១៖ ស្រី​លង្កា​ ១-០ កម្ពុជា​ មិត្តភាព​

 

៥​ប្រកួត​ចុង​ក្រោយ​របស់​ស្រី​លង្ការ​

 

– ២៥-១២-២០១៥៖ ស្រី​លង្កា​ ០-២ ឥណ្ឌា​​
– ៣១-១២-២០១៥៖ អាហ្វហ្គានីស្ថាន​ ៥-០​ ស្រី​លង្កា​​​
– ០៨-០១-២០១៦៖ បង់ក្លាដេស​ ៤-២ ស្រី​លង្កា​​
– ១៣​-០១-២០១៦៖ នេប៉ាល់​ ១​-០ ស្រី​លង្កា​
– ១៥-០១​-២០១៦៖ ស្រី​លង្ការ ២-១ Felda United​
​​
៥​ប្រកួត​ចុង​ក្រោយ​របស់​​កម្ពុជា​

 

– ២៤-០៣-២០១៦៖ កម្ពុជា​ ០-៦ ស៊ីរី​
– ២៩-០៥-២០១៦៖ កម្ពុជា​ ២-០ ទីម័រ​ខាង​កើត​
– ២៨-០៧-២០១៦៖ កម្ពុជា​ ២-១ សិង្ហបុរី​
– ០១-០៩-២០១៦៖ ហុងកុង ៤-២ កម្ពុជា​
– ០៦-១០-២០១៦៖ កម្ពុជា​ ០-២ ហុងកុង៕

 

អត្ថបទ៖ ជាន ចាន់រ៉ា