​សម្តេច​តេ​ជោ​ហ៊ុន សែន អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ស្តីពី​កិច្ចសន្ទនា​កិច្ចសហប្រតិបត្តិការ​អា​ស៊ី នៅ​ទីក្រុង​បាងកក​

:
សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​
​ថ្ងៃទី​០៩ ខែតុលា នេះ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ស្តីពី​កិច្ចសន្ទនា​កិច្ចសហប្រតិបត្តិការ​អា​ស៊ី​លើក​ទី​២ ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី ០៩ ដល់​ថ្ងៃទី ១០ ខែតុលា ឆ្នាំ​២០១៦  នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ និង​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជូន​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច កាលពី​ថ្ងៃទី​០៦  ខែតុលា  ថា នៅ​ថ្ងៃអាទិត្យ ទី​០៩ ខែតុលា ឆ្នាំ​២០១៦ សម្តេច​នឹង​អញ្ជើញ​ចេញទៅ​ប្រទេស​ថៃ ប្រជុំ​បណ្តា​រដ្ឋ​មួយចំនួន នឹង​ជួបចរចា​ជាមួយ​នាយករដ្ឋមន្ត្រី​ថៃ និង​ប្រទេស​មួយចំនួន​។​

​បើតាម​សេចក្តី​ជូន​ព័​ត៍​មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ឲ្យ​ដឹងថា សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល ស្តីពី​កិច្ចសន្ទនា​កិច្ចសហប្រតិបត្តិការ​អា​ស៊ី​លើក​ទី​២ ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី ០៩ ដល់​ថ្ងៃទី ១០ ខែតុលា ឆ្នាំ​២០១៦  នៅ​ទីក្រុង​បាងកក ព្រះរាជា​-​ណា​ចក្រ​ថៃ តាម​ការអញ្ជើញ​របស់​លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ច័ន្ទ​អូ​ចា (Prayut Chan-o-cha) នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ​។
 
​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ឲ្យ​ដឹង​ទៀតថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​ថ្លែង​សុន្ទរកថា នៅក្នុង​កិច្ចប្រជុំ​កំពូល​ស្តីពី​កិច្ចសន្ទនា​កិច្ចសហប្រតិបត្តិការ​អា​ស៊ី​លើក​ទី​២​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏​នឹងមាន​ជំនួប​ទ្វេភាគី​ជាមួយ​ថ្នាក់ដឹកនាំ​មួយចំនួន​។​
 
​កិច្ចសន្ទនា​កិច្ចសហប្រតិបត្តិការ​អា​ស៊ី ត្រូវបាន​សម្ពោធ​នៅ​ខែមិថុនា ឆ្នាំ​២០០២ នៅ​ប្រទេស​ថៃ គឺជា​វេទិកា​មួយ​មាន​គោលបំណង​កសាង​សហគមន៍​អាស៊ី ឈរលើ​មូល​ដ្ធា​ន​នៃ​ភាពរឹងមាំ ពហុភាព ធនធាន ដ៏​ស្តុក​ស្ត​ម និង​ភាព​ប្រកួតប្រជែង​របស់​ប្រទេស​នីមួយៗ នៅ​ទ្វីបអាស៊ី​៕s/t