ខំប្រឹង​គេចខ្លួន​អស់​២​ខែ​ហើយ ទីបំផុត​នៅ​តែ​ជាប់អន្ទាក់

ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បាន​នៅ​ក្នុង​ចម្ការ​មួយ​កន្លែង​នៅ​ភូមិ​ក្សេត្រ​បូ​រី ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០១៦ បន្ទាប់​ពី​គេចខ្លួន​អស់​រយៈពេល​២​ខែ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ការ​ចាប់ខ្លួន​នេះ​គឺ​អនុវត្ត​ដីការ​បង្គាប់​ឲ្យ​ចាប់ខ្លួន​ដែល​ចេញ​ដោយ​លោក លី ច​ន្ថា ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តពោធិ៍សាត់ ដោយ​ចោទប្រកាន់​ពី​បទ​ទទួលផល​ចោរកម្ម បន្ទាប់​ពី​ប្រព្រឹត្ត​រួច​រត់គេច​ខ្លួន​អស់​រយៈពេល​២​ខែ ។

លោក​វរសេនីយ៍ទោ ម៉ូ លី​ដា ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នេះ​ឈ្មោះ សេន សុះ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម រស់នៅ​ភូមិ​រលាប សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ។ កាលពី​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០១៦ គូកន​ម្នាក់​ទៀត​ឈ្មោះ យូ បាន​លួច​ម៉ូតូ​១​គ្រឿង​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្រះស្រង់ សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍សាត់ ហើយ​បាន​ឲ្យ​ឈ្មោះ សេន សុះ ជិះ​យក​ទៅ​លក់​នៅ​ឯ​ខេត្តបាត់ដំបង ។ ក្រោយ​ពេល​ដឹង​ថា ឈ្មោះ យូ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ឈ្មោះ សេន សុះ ក៏​គេចខ្លួន​លែង​ត្រឡប់​មក​វិញ​រហូត ។ តាំងពី​ពេល​នោះ​មក​សមត្ថកិច្ច​យើង​បាន​សហការ​គ្នា​តាម​ប្រមាញ់​ជន​នេះ​គ្រប់​ទីកន្លែង​តែ​មិន​ដែល​ឃើញ​សោះ លុះ​នៅ​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០១៦ ភ្នាក់ងារ​បាន​រាយការណ៍​មក​ថា ឃើញ​ជន​នេះ​ធ្វើ​ចម្ការ​នៅ​ភូមិ​ក្សេត្រ​បូ​រី ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ក៏​បាន​សុំ​ដីកា​ពី​សាលាដំបូង ហើយ​បាន​សហការ​ជាមួយ​នគរបាល​ស្រុក​ភ្នំក្រវាញ​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​តែ​ម្តង ។

បន្ទាប់​ពី​សួរនាំ​រួច សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕