សម្រេច​ឃុំខ្លួន​មេការ​ចិន​ម្នាក់ ពាក់ព័ន្ធ​រឿង​ស៊ីដាច់​ប្រាក់​១០​ម៉ឺន​ដុល្លារ

រាជធានី​ភ្នំពេញ ៖ លោក វេ​ង ហ៊​ត ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០១៦​បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​បុរស​ជនជាតិ​ចិន​ម្នាក់ ក្រោម​ការ​ចោទប្រកាន់​ពី​បទ រំលោភ​លើ​សេចក្ដី​ទុកចិត្ត​ពាក់ព័ន្ធ​ការ​ស៊ីដាច់​ប្រាក់​មិត្តភក្តិ​រហូត​ដល់​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ហើយ​គេចវេស​មិន​ទទួលខុសត្រូវ ។

ជនជាប់ចោទ​ដែល​តុលាការ​ឃុំខ្លួន​នេះ​ឈ្មោះ shen hunming អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​២ ផ្លូវ​លេខ ៣៧១ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ មានមុខរ​បរជា​មេការ​រោងចក្រ ។ ជនជាប់ចោទ Shen hunming ត្រូវ​បាន​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​ក្រសួងមហាផ្ទៃ​ចាប់ខ្លួន​តាម​ដីការ​បង្គាប់​ឲ្យ​ស្វែងរក​ចាប់ខ្លួន​របស់​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​ចោទប្រកាន់​ពី​បទ​រំលោភ​លើ​ទំនុកចិត្ត​តាម​មាត្រា ៣៩១ និង​មាត្រា​៣៩២ នៃ​ក្រម​ព្រហ្ម​ទ័​ណ្ឌ ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០១៥ នៅ​រាជធានី​ភ្នំពេញ ។

ក្រោយ​ពេល​ចាប់ខ្លួន សមត្ថកិច្ច​បាន​បញ្ជូន​លោក Shen hunming មក​កាន់​សាលា​ដំ​បូ​រាជធានី​ភ្នំពេញ​នា​ល្ងាច​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០១៦ ។ ក្នុង​នោះ​ក្រោយ​ការ​សាកសួរ លោក​ចៅក្រម វេ​ង ហ៊​ត់ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជន​ជាប់​ជា​បណ្ដោះអាសន្ន ៕