អត្រា​ការ​ប្រាក់​ទាប ធ្វើ​ឱ្យ​តម្រូវការ​លំនៅ​ឋាន និង​តម្លៃ​កើនឡើង

ប្រទេស​អូស្ត្រាលី ៖​តម្លៃ​ផ្ទះ​នៅ​អូ​ស្រា្ត​លី បាន​កើនឡើង​ក្នុង​ខែកញ្ញា ព្រោះតែ​អត្រា​ការ​ប្រាក់​ទាប​ដែល​នាំ​ឲ្យ​មានការ​បន្ត​នូវ​តម្រូវការ​លំនៅ​ឋាន​ក្នុង​ទីក្រុង​Melbourne និង Sydney កើនឡើង បើ​ទោះជា​ក្នុង​ទីក្រុង​ដទៃ​នៅ​មាន​ភាព​រដាក់រដុប​បន្ដិច​ក៏​ពិតមែន ។

ទិន្នន័យ​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៣ តុលា កន្លង​មក ដោយ​CoreLogic បាន​បង្ហាញ​ពី​ស​ន្ទ​ស្សន៍​នៃ​តម្លៃ​ផ្ទះ​ក្នុង​ទីក្រុង​ទាំងអស់​រួម​គ្នា​គឺ​បាន​ឡើង​ដល់​១,០%​ក្នុង​ខែកញ្ញា ខណៈ​ក្នុង​ខែសីហា​បាន​កើនឡើង​១,១%​។

កំណើន​ប្រចាំឆ្នាំ​នៃ​តម្លៃ​ក៏​បាន​កើន​៧,១%​ក្នុង​ខែកញ្ញា​ផង​ដែរ ខណៈ​ក្នុង​ខែសីហា​មាន កំណើន​៧% បើ​ទោះជា​នៅ​តិច​ជាង​ឆ្នាំ​មុន​ដែល​មាន​កើន​ដល់​១១%​ក៏​ពិតមែន ។

កំណើន​ជាប់​ៗ​គ្នា​ពីរ​ខែ​មកនេះ គឺជា​លទ្ធផល​នៃ​ការ​កាត់​អត្រា​ការ​ប្រាក់​ពី​ធនាគារ​Reserve Bank of Australia (RBA) កាលពី​ខែឧសភា និង​ខែសីហា​ដែល​បាន​ធ្វើ​ឲ្យ​អត្រា​ការ​ប្រាក់​ទៅ​សល់​តែ​១,៥% ។

បន្ទាប់​ពី​ការ​សម្រួល​ជា​លើក​ចុង​ក្រោយ ធនាគារជាតិ​បាន​កាត់​បន្ថយ​ហានិភ័យ​ក្នុង​ទីផ្សារ​អចលនទ្រព្យ ហើយ​បាន​ធ្វើការ​កត់​សម្គាល់ថា​ទិន្នន័យ​របស់ CoreLogic គឺ​បាន​ពន្លើស​ពី​កំណើន​នៃ​តម្លៃ​នា​ពេល​ថ្មី​ៗ​នេះ ។

ធនាគារជាតិ​ក៏​បាន​រៀបចំ​កិច្ចប្រជុំ​គោលការណ៍​របស់​ពួក​គេ​ក្នុង​ខែតុលា​នេះ​ផង​ដែរ ហើយ​ពួក​គេ​ប្រាកដប្រជា​ណាស់​ក្នុង​ការ​រក្សា​អត្រា​ការ​ប្រាក់​ឲ្យ​នឹងនរ​ក្នុង​ពេល​ដែល​ពួក​គេ​វាយតម្លៃ​ទៅ​លើ​ផល​ប៉ះពាល់​នៃ​ការ​សម្រួល​លើក​មុន ។

ទិន្នន័យ​ប្រចាំខែ​កញ្ញា​របស់ CoreLogic បាន​បង្ហាញ​ពី​គំរូ​ស្រ​ដៀង​គ្នា​ជាមួយនឹង​ទីក្រុង Sydney និង​Melbourne នៅ​បន្ត​មាន​ភាពរឹងមាំ ប៉ុន្តែ​ក្នុង​តំបន់​ផ្សេង​គឺ​មាន​ភាព​រដាក់រដុប​ទៅ​វិញ ។

តម្លៃ​ផ្ទះ​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើន ២,៣%​ក្នុង​ទីក្រុង​Melbourne​សម្រាប់​ខែកញ្ញា​ដែល​នាំ​ឲ្យ​កំណើន​សម្រាប់​ត្រីមាស​ទី​៣​នេះ​កើន​ដល់​៥% ។

ចំណែកឯ​តម្លៃ​ក្នុង​ទីក្រុង​Sydney​វិញ​គឺ​កើន​០,៨%​ក្នុង​ខែកញ្ញា និង​៣,៥%​សម្រាប់​ត្រីមាស​ទី​៣ ឆ្នាំ​នេះ ៕