កម្មការិនី​ម្នាក់​ត្រូវ​អាជីវករ​ចោទ​ថា​ប្រើ​អង្រែ​បុក​គ្រឿង​វាយ​ប្លន់

រាជធានី​ភ្នំពេញ​៖ ស្ត្រី​ជា​អាជីវករ​លក់ដូរ​គ្រឿងទេស​និង​ប្ដូរ​លុយ​ខ្នាត​តូច​ម្នាក់​បាន​អះអាង​ថា ត្រូវ​បាន​ជនសង្ស័យ​ជា​ស្ត្រី​ម្នាក់​ទៀត ជា​កម្មការិនី​រោងចក្រ​កាត់ដេរ​បន្លំ​យក​លុយ​ទៅ​ដូរ​នៅ​តូប​របស់​ខ្លួន ហើយ​នៅ​ក្នុង​ខណៈ​ពេល​ដែល​ខ្លួន​កំពុង​ឱន​ចាក់សោ​រទូ​យក​លុយ​ឲ្យ ស្រាប់តែ​ស្ត្រី​ជា​ជនសង្ស័យ​យក​អង្រែ​បុក​គ្រឿង ដែល​ច្រក​ក្នុង​ថង់​ព​ណ៏​ខ្មៅ​មួយ វាយ​សំពង​ពីក្រោយ​បណ្ដាល​ឲ្យ​រង​របួស​ពក​ក្បាល ក្នុង​បំណង​ប្លន់​យក​លុយ ។ ស្ត្រី​អាជីវករ​បាន​បន្ត​ថា ខណៈនោះ​គាត់​មិន​បាន ដួល​សន្លប់​នោះ​ទេ​ហើយ​គាត់​បាន​ធ្វើការ​ប្រ​វ៉ា​យ​ប្រតប់​តបត​ទៅ​វិញ និង​បាន​ស្រែ​កថា​ចោរ​ៗ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ទើប​ជនសង្ស័យ​មិន​អាច​ប្លន់​យក​លុយ​បាន ហើយ​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ចាប់ខ្លួន​ភ្លាម​ៗ ខណៈ​ពេល​ស្ត្រី​ជា​កម្មការិនី​ជាប់ចោទ​បាន​ព្យាយាម​រត់គេច​ខ្លួន មិនតែប៉ុណ្ណោះ​ម្នាក់​ៗ ប្រុង​វាយ​សំពង​ទៅ​ហើយ ប៉ុន្តែ​ដោយ​ខ្លាច​វាយ​ច្រឡំ ទើប​មិន​មាន​អ្នក​វាយ ។

បន្ទាប់​មក​នគរបាល​បាន​ចុះ​ទៅ​អន្តរា​គម​ន៏ ហើយ​ខាង​ជន​រង​គ្រោះ​មិន​ព្រម​ប្រគល់​ស្ត្រី​សង្ស័យ​នោះ​ឲ្យ​នគរបាល​ទេ បន្ទាប់​មក បាន​ប្រគល់​ទៅ​ឲ្យ​កម្លាំង​កងរាជអាវុធហត្ថ​យក​ទៅ​សាកសួរ​វិញ តែ​មិនដឹង​ថា​កងរាជអាវុធហត្ថ​ខាង​ណា​នោះ​ទេ ។ ដោយឡែក​នាង កម្មការិនី​ជាប់ចោទ​វិញ​បាន​បដិសេធ​មិន​ព្រម​ទទួលយក​ការ​ចោទប្រកាន់​នោះ​ឡើយ និង​បាន​និយាយ​ថា នាង​គ្រាន់តែ​ជាន់​ដាន​ចោរ​តែ​ប៉ុណ្ណោះ ដោយនៅ​ពេល​ដែល​នាង​ទៅ​ដូរ​លុយ ស្រាប់តែ​ម្ចាស់​តូប​ចង្អុល និង​ស្រែ​កថា​ចោរ​ៗ ទើប​នាង​ភ័យ​ហើយ​រត់​ចេញ​ក៏​ត្រូវ​គេ​ដេញចាប់​បាន និង​ចោទ​ថា​នាង​ជា​អ្នក​វាយ​ប្លន់​បែប​បែ​នេះ​ទៅ​វិញ​។

ហេតុ​ការ​ណ៏​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​០៨ តុលា ២០១៦ នៅ​ចំណុច​ក្នុង​ផ្សារ ឃ្យូ​ម​អឹ​ម​អាយ ស្ថិត​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ស្ត្រី​ដែល​ជាប់ចោទ​ជាន់​ដាន​ចោរ​នោះ ឈ្មោះ ស៊ឹ​ម សុខលាភ អាយុ​ប្រហែល​៣០​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ស្នាក់​នៅផ្ទះ​ជួល​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។ ចំណែកឯ​ស្ត្រី​ដែល​ជា​អាជីវករ​លក់ដូរ​គ្រឿងទេស ឈ្មោះ​មាស ច​ន្ថា អាយុ​៣៥​ឆ្នាំ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​កំពង់ស្វាយ​ខាងកើត ឃុំ​កំពង់ត្របែក ខេត្តព្រៃវែង​និង ស្នាក់​នៅ​កន្លែង​កើតហេតុ​នោះ​ដែរ ត្រូវ​២​អង្រែ​បុក​គ្រឿង ប៉ុន្តែ​សំណាងល្អ រួច​ផុត​ពី​សេចក្ដីស្លាប់​៕