តម្លៃ​ខុន​ដូ​នៅ​ទីក្រុង​តូ​ក្យូ​ធ្លាក់​ចុះ​ខ្លាំង​ជាងគេ​ក្នុង​រយៈពេល​24​ឆ្នាំ​មកនេះ

ប្រទេស​ជប៉ុន ៖ ការ​លក់​នៃ​ខុន​ដូ​ថ្មី​ក្នុង​ទីក្រុង​តូ​ក្យូ បាន​ធ្លាក់​ចុះ​មក​ត្រឹម​កម្រិត​ដ៏​ទាប​ចាប់តាំងពី​ការ​ដួល​រលំ​នៃ​ហាងឆេង​ទីផ្សារ​អ​ច​ន​ល​ទ្រព្យ​ក្នុង​កំឡុង​ឆ្នាំ​១៩៩០​មក ។ នេះ​ជា​សញ្ញា​មួយ​បង្ហាញ​ថា ការ​កើនឡើង​ក្នុង​វិស័យ​អចលនទ្រព្យ​ដែល​ត្រូវ​បាន​ជំរុញ​ដោយ​ធនាគារ Bank of Japan គឺ​កំពុង​តែ​សាប​ទៅ​វិញ ។

ទិន្នន័យ​ពី​ក្រុមហ៊ុន Real Estate Economic Institute Co.​បាន​បង្ហាញ​ថា ការ​លក់​អា​ផាត​មែន​ថ្មី​ៗ​នៅ​ក្នុង និង​ជុំវិញ​ទីក្រុង​នេះ បាន​ធ្លាក់​ចុះ ៣២% ស្មើនឹង​១៣.៣០៣​យូ​នី​ត ក្នុង​រយៈពេល​៨​ខែ​ដំបូង​នា​ឆ្នាំ​នេះ ដែល​ជា​បរិមាណ​ការ​លក់​តិច​ជាងគេ​បំផុត​តាំងពី​ឆ្នាំ​១៩៩២​មក ។

លោក Takashi Ishizawa ជា​ឧត្តម​អ្នក​ស្រាវជ្រាវ​ក្នុង​ក្រុមហ៊ុន Mizuho Securities Co. បាន​និយាយ​ថា ៖ «​ការ​មិន​កើនឡើង​នៃ​ប្រាក់បៀវត្ស គឺជា​មូលហេតុ​ដែល​នាំ​ឲ្យ​មានការ​អន់​ថយ​ក្នុង​ផ្នែក​លក់​នៃ​ខុន​ដូ ។ ប្រសិនបើ​អ្នក​ក្រឡេក​មើល​អត្រា​ការ​ប្រាក់​វិញ វា​មិន​ដែល​មាន​ពេល​ល្អ​ជាង​ពេល​នេះ​ក្នុង​ការ​ទិញ​ឡើយ ប៉ុន្តែ​ក្រុមហ៊ុន​អចលនទ្រព្យ​នៅ​តែ​ពិបាក​ក្នុង​ការ​លក់​ដដែល » ។

ការ​រីក​ចម្រើន​ក្នុង​ផ្នែក​អចលនទ្រព្យ​គឺជា​ចំណុច​មួយ​ក្នុង​ចំណោម​ចំណុច​ដែល​សំខាន់​សម្រាប់​ប្រទេស​សេដ្ឋកិច្ច​ធំ​ជាងគេ​លំដាប់​ទី​៣​មួយ​នេះ ហើយ​ការ​ចុះ​អន់​ថយ​នៃ​វិស័យ​នេះ​អាច​ធ្វើ​ឲ្យ​មាន​ចរាចរ​នៃ​ប្រាក់​ក្នុង​សេដ្ឋកិច្ច​កាន់តែ​តិច​ឡើង ។

យោង​ទៅ​តាម​សេចក្តីរាយការណ៍​របស់ Credit Suisse Group AG បាន​ឲ្យ​ដឹងផង​ដែរ​ថា វិធានការ​របស់​ធនាគារ Bank of Japan ក្នុង​ការ​ព្យាយាម​ទាក់ទាញ​អតិថិជន​ក្នុង​វិស័យ​នេះ​កាលពី​ខែ​មុន អាច​នឹង​នាំ​ឲ្យ​មាន​អត្រា​ការ​ប្រាក់​កាន់តែ​ខ្ពស់ និង​ការ​កើនឡើង​នៃ​តម្លៃ​អា​ផាត​មែន​ផង​ដែរ ។

យោង​ទៅ​តាម Natixis SA ការ​អនុម័ត​នូវ​គោលការណ៍​អត្រា​អវិជ្ជមាន​របស់​ធនាគារជាតិ​ប្រទេស​នេះ​បាន​បរាជ័យ ព្រោះតែ​មានការ​កើនឡើង​នៃ​តម្លៃ​ប្រាក់​យេ​ន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រាក់​ចំណូល​របស់​សាជីវកម្ម និង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​កាន់តែ​មាន​ភាព​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​បង្កើន​ប្រាក់បៀវត្ស ។

ក្នុង​ពេល​ដែល​ការ​ព្យាករ​ទៅ​លើ​សេដ្ឋកិច្ច​ជប៉ុន​កាន់តែ​មិន​មាន​ភាព​ប្រាកដប្រជា បុគ្គល​ម្នាក់​ៗ​ក៏​ចាប់ផ្តើម​កាត់​បន្ថយ​ការ​ចំណាយ​របស់​ខ្លួន ។

យោង​ទៅ​តាម​វិទ្យាស្ថាន​សេដ្ឋកិច្ច​អចលនទ្រព្យ​បាន​អះអាង​ថា បុគ្គល​ទាំងនោះ​កាន់តែ​មាន​ចំណាប់អារម្មណ៍​តិច​ក្នុង​ការ​ទិញ​អា​ផាត​មែន​ក្នុង​ទីក្រុង​តូ​ក្យូ​នៅ​កម្រិត​តម្លៃ​បច្ចុប្បន្ន​នេះ ។

មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​បាន​ព្រមាន​កាលពី​ខែ​មុន​ថា ប្រសិនបើ​ប្រទេស​ជប៉ុន​មិន​អាច​បង្កើន​ប្រាក់បៀវត្ស​ទេ នោះ​វា​នឹង​ពិបាក​ក្នុង​ការ​ជំរុញ​ការ​លូតលាស់​ណាស់ ។

តម្លៃ​ជា​មធ្យម​នៃ​ខុន​ដូ​ក្នុង​ទីក្រុង​តូ​ក្យូ​បាន​កើន​ដល់​៦១​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​ខែវិច្ឆិកា ឆ្នាំ​មុន ហើយ​តម្លៃ​ពេល​នេះ​នៅ​តែ​បន្ត​ខ្ពស់​ជាង​៣,៨%​នៃ​តម្លៃ​ក្នុង​ឆ្នាំ​២០១៥ ។ ប៉ុន្តែ​ប្រាក់បៀវត្ស​ក្នុង​ប្រទេស​ជប៉ុន​វិញ​គឺ​បាន​កើនឡើង​តែ​០,២%​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​២០១៦ ។

លោក Kohei Iwahara អ្នក​សេដ្ឋកិច្ច​ក្នុង​ក្រុមហ៊ុន Natixis បាន​និយាយ​ថា ៖« នៅ​ពេល​ដែល​មិន​មានការ​បង្កើន​ប្រាក់បៀវត្ស អ្នក​ក៏​កាត់​បន្ថយថាមពល​ក្នុង​ការ​ទិញ​ផង​ដែរ ហើយ​អ្នក​នឹង​ទទួល​បានការ​ចំណាយ​តិច​ជាង​មុន ។ វា​នឹង​នាំ​ឲ្យ​កាន់តែ​ពិបាក​ដល់​ធនាគារ Bank of Japan ក្នុង​ការ​សម្រេច​គោលដៅ​អតិផរណា​របស់​ពួក​គេ​» ។

ក្នុង​ការ​ពិនិត្យ​លើ​គោលការណ៍​កាលពី​ខែ​មុន ធនាគារ​ជប៉ុន​បាន​និយាយ​ថា ធនាគារ​រអា​ចនឹង​ស្ទាក់ស្ទើរ​ក្នុង​ការ​ពន្យារពេល​បំណុល​ប្រសិនបើ​អត្រា​ការ​ប្រាក់​ដ៏​ទាប​របស់​ពួក​គេ​អាច​កាត់​បន្ថយ​ប្រាក់​ចំណូល ។

លោក​អភិបាល Haruhiko Kuroda បាន​និយាយ​ទៅ​កាន់​អ្នកកាសែត​ផង​ដែរ​ថា ធនាគារជាតិ​នៅ​មាន​ជម្រើស​ក្នុង​ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​បន្ថែម​ទៀត​ប្រសិនជា​ចាំបាច់។

លោក Erik Norland ជា​ឧត្តម​អ្នក​សេដ្ឋកិច្ច​ក្នុង​ក្រុមហ៊ុន CME Group បាន​ឲ្យ​ដឹង​ថា​៖« អ្វី​ដែល​ខ្ញុំ​គិត​ថា​វា​គ្រោះថ្នាក់​នោះ គឺ​វត្តមាន​នៃ​អត្រា​ការ​ប្រាក់​អវិជ្ជមាន ។ អត្រា​ការ​ប្រាក់​អវិជ្ជមាន​គឺ​បង្កើត​ឡើង​ដើម្បី​សម្រួល​ដល់​គោលនយោបាយ​រូបិយ​វត្ថុ ប៉ុន្តែ​តាម​ពិត​ទៅ​ពួក​វា​អាច​នឹង​ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ទៅ​វិញ​ទេ »៕