ក្រុមចម្រុះ​អា​រ៉ាប់​នាំមុខ​ដោយ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ទម្លាក់​គ្រាប់បែក​លើ​រដ្ឋធានី​យេ​ម៉ែន​ស្លាប់​ជាង​140​នាក់

មនុស្ស​ជាង​១៤០​នាក់​ស្លាប់​ហើយ​ច្រើន​រយ​នាក់​ទត​របួស​កាលពី​ថ្ងៃ​ទី​៨ តុលា នៅ​រដ្ឋធានី​យេ​ម៉ែ​ន​ក្រុង​សា​ណា​ដោយសារ​ការ​វាយប្រហារ​តាម​អាកាស​លើ​ពិធី​បុណ្យសព​មួយ​ដែល​ពួក​ឧទ្ទាម​ហ៊ូ​ធី​ថា​នោះ​ជា​ស្នាដៃ​របស់​ក្រុមចម្រុះ​អា​រ៉ាប់​នាំមុខ​ដោយ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ។

ចំណែក​ក្រុមចម្រុះ​វិញ​ភ្លាម​ៗ​បាន​បដិសេធ​ការ​វាយប្រហារ​នេះ ដោយ​វាយតម្លៃ​តាម​រយៈ​សេចក្តី​ប្រកាស​មួយ​ថា គេ​ត្រូវ​ផ្តោត​លើ​មូលហេតុ​ដទៃ​ៗ​ទៀត​ចំពោះ​ការ​វាយប្រហារ​នេះ​ហើយ​ចាត់​ទុក​ថា​នោះ​ជា​ការ​សម្លាប់​រង្គាល​របស់​ពួក​ឧទ្ទាម​ទៅ​វិញ ។

ពួក​ឧទ្ទាម​ហ៊ូ​ធី ដែល​ដណ្តើម​កាន់កាប់​រដ្ឋធានី​សា​ណា​២​ឆ្នាំ​មក​ហើយ​ព្រមទាំង​តំបន់​ឯទៀត​ៗ​របស់​ប្រទេស​ត្រូវ​រួម​ដៃ​វាយប្រហារ​ដោយ​ក្រុមចម្រុះ​អា​រ៉ាប់​ជា​សម្ព័ន្ធមិត្ត​របស់​រដ្ឋាភិបាល​យេ​មែ​៉​ន​ទទួលស្គាល់​ដោយ​សហគមន៍​អន្តរជាតិ ។

ការ​វាយប្រហារ​បែប​នេះ​លើ​ក្រុង​សា​ណា​ធ្លាប់​មាន​កាលពី​ថ្ងៃ​ទី​៤​សីហា ខណៈ​មនុស្ស​យ៉ាងតិច​១៤​នាក់ ស្លាប់​ដោយសារ​ការ​វាយប្រហារ​តាម​អាកាស​របស់​ក្រុមចម្រុះ​ដែរ ។

យោង​តាម​អ្នកសម្របសម្រួល​ជំនួយ​មនុស្សធម៌​របស់​អ​.​ស​.​ប នៅ​យេ​ម៉ែ​ន​លោក  JAMIE MCGOLDRICK ថា ការ​ទម្លាក់​គ្រាប់បែក​កាលពី​ថ្ងៃ​ទី​៨ តុលា បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ដល់​ទៅ​ជាង​១៤០​នាក់​និង​៥២៥​នាក់​រង​របួស​។ លោក​គូសបញ្ជាក់​ថា សហគមន៍​មនុស្សធម៌​ដល់​យេ​មែ​៉​ន​មានការ​ក្តុកក្តួល​យ៉ាង​ខ្លាំង​ហើយ​ថ្កោលទោស​ការ​វាយប្រហារ​តាម​អាកាស​នា​ពេល​នេះ ដែល​សំដៅលើ​ទីតាំង​សាធារណៈ​មួយ​ដែល​មនុស្ស​ជា​ច្រើន​ពាន់​នាក់​កំពុង​ចូលរួម​ក្នុង​ពិធី​បុណ្យសព​មួយ ។ លោក​បញ្ជាក់​ថា តុល្យការ​នេះ​បាន​មក​ពី​ព័ត៌មាន​ដំបូង​ៗ​ផ្តល់​ដោយ​បណ្តា​បុគ្គលិក​សុខាភិបាល ។

មុន​នេះ​អ្នកនាំពាក្យ​របស់​ក្រសួងសុខាភិបាល​លោក TAMIN AL CHAMI អះអាង​តាម​ទូរទស្សន៍​របស់​ពួក​ឧទ្ទាម​ហ៊ូ​ធី ពី​តុល្យការ​អ្នក​របួស​៥២០​នាក់ និង​អ្នក​ស្លាប់​ជាង​១០០​នាក់ ។

ការ​វាយប្រហារ​តាម​អាកាស​សំដៅលើ​សាល​សាធារណៈ​មួយ​ដែល​មនុស្ស​ជា​ច្រើន​នាក់​កំពុង​តែ​ប្រមូលផ្តុំ​គ្នា​នា​វេលា​រសៀល​ដើម្បី​សម្តែង​ការ​គោរព​វិញ្ញាណក្ខន្ធ​សព​ឪពុក​រដ្ឋមន្ត្រី​មហាផ្ទៃ​លោក​JALAL AL ROUICHENE​។ ភ្លើង​បាន​ឆាបឆេះ​យ៉ាង​ខ្លាំង​ក្នុង​អគារ​ដែលរ​លំបាក់ ។

សាក្សី​ម្នាក់​និយាយ​ថា យន្តហោះ​មួយ​គ្រឿង​បាន​បាញ់​មី​ស៊ី​ល​មួយ​គ្រាប់​លើ​សាល​រៀបចំ​បុណ្យសព​រួច​ប៉ុន្មាន​នាទី​ក្រោយមក​យន្តហោះ​ទី​២​មួយទៀត​បាន​ទម្លាក់​គ្រាប់បែក​លើ​ទីតាំង​នោះ​។ សាក្សី​ម្នាក់​ទៀត​និយាយ​ថា នេះ​ជា​ឧក្រិដ្ឋកម្ម​មួយ​ប្រឆាំង​មនុស្សជាតិ ។ របប​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ជា​អ្នក​ទទួលខុសត្រូវ​ចំពោះ​ការ​បង្ហូរឈាម​ពលរដ្ឋ​យេ​មែ​៉​ន ។ អភិបាលក្រុង​សា​ណា​លោក ABDEL QADER HICAL HITAL ស្ថិត​ក្នុង​ចំណោម​អ្នក​ស្លាប់ ៕