បញ្ជូន​អ្នក​វ៉ៃ​ក្បាល​អ្នកតា​ភ្នំ​ដោះ​ក្រមុំ​ទៅ​នៅ​មណ្ឌល​អប់រំ

ខេត្តមណ្ឌលគិរី ៖ បុរស​ម្នាក់​ដែល​មាន​បញ្ហា​សតិអារម្មណ៍​មិនល្អ និង​បាន​វាយ​បំផ្លាញ​រូបសំណាក់​របស់​លោកតា ស្រុះ លើ​ភ្នំ​ដោះ​ក្រមុំ កាលពី​ស​ប្តា​ហ៍​មុន ត្រូវ​បាន​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្តមណ្ឌលគិរី សម្រេច​បញ្ជូន​ទៅ​មណ្ឌល​ព្រៃ​ស្ពឺ រួម​ជាមួយ​ប្អូនស្រី​បង្កើត​របស់​គាត់​ម្នាក់​ទៀត ដែល​បញ្ហា​ដូច​គ្នា​នេះ ដើម្បី​ទទួល​ការ​ព្យាបាល និង​មើលថែ​ពី​ក្រុម​មន្ត្រី​ជំនាញ ដើម្បី​មានឱកាស​កសាង​អនាគត​ថ្មី​។

សមត្ថកិច្ច​ខេត្ត​បាន​ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០១៦ កម្លាំង​របស់​អធិការដ្ឋាន​បាន​ជូន​បុរស និង​ស្ត្រី​ជា​បងប្អូន​ដែល​មាន​បញ្ហា​សរសៃប្រសាទ​ទៅ​មន្ទីរ​សង្គមកិច្ច​អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា រាជធានី​ភ្នំពេញ​។ នៅ​ពេល​បាន​បញ្ជូន​ដល់​រាជធានី អ្នក​ទាំង​ពីរ​ត្រូវ​បាន​លោក សន សុផល អនុប្រធាន​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា រាជធានី​ភ្នំពេញ ជួយ​សម្របសម្រួល​ពួក​គាត់​ឲ្យ​បាន​ចូល​ទៅ​ស្នាក់​នៅ​មណ្ឌល​ព្រៃ​ស្ពឺ ក្នុង​ខេត្តកំពង់ស្ពឺ​។

ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​សែន​មនោ​រម្យ បាន​ឲ្យ​ដឹង​ថា បុរស​វិកល​ច​រិ​ក​ខាងលើ មានឈ្មោះ ផ​ន ឌឿ​ង អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ កន្លង​មក គាត់​គឺជា​គ្រូបង្រៀន​ថ្នាក់​ទី​៦ នៅ​សាលា​បឋម​សិក្សា ហ៊ុន សែន មណ្ឌលគិរី ។ ចំពោះ​បញ្ហា​ដែល​ធ្វើ​ឲ្យ​គាត់​ជួប​ប្រទះ​នូវ​សតិ​មិនល្អ​នេះ ទើបតែ​កើត​មាន​ប្រមាណ​ជាង​១​ឆ្នាំ​មុន​នេះ រហូត​ដល់​ថ្នាក់​គាត់​ដើរហើរ​គ្រប់​ច្រកល្ហក​មិន​អាច​បង្រៀន​បន្ត​ទៅ​ទៀត​បាន​។ ចំណែក​សិស្សានុសិស្ស​មួយ​ចំនួន​ដែល​ធ្លាប់​បាន​រៀន​ជាមួយ​លោកគ្រូ ផ​ន ឌឿង បាន​និយាយ​ថា កាលពី​មិន​ទាន់​មាន​ជំងឺ​នេះ លោកគ្រូ​គឺជា​មនុស្ស​ស្លូត​ណាស់ និង​តែង​គោរព​ពេលវេលា​ម៉ោង​បង្រៀន មិន​ដែន​ខកខាន​ឡើយ​។