អភិបាលរង​ខេត្ត​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់

ខេត្តសៀមរាប ៖ នៅ​រសៀល​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០១៦ លោក គឹ​ម ឆៃ​ហ៊ា​ង អភិបាលរង​ខេត្តសៀមរាប បាន​ដឹកនាំ​កម្លាំង​ចម្រុះ មាន​កម្លាំង​មន្ទីរ​បរិស្ថាន​ខេត្ត កម្លាំង​នគរ​បាល​ប៉ុស្តិ៍​រដ្ឋបាល​ចុង​ឃ្នៀស កម្លាំង​កងរាជអាវុធហត្ថ​ស្នាក់​ការ B8 ប្រជា​សហគមន៍​សង្កាត់​ចុង​ឃ្នៀស ចុះ​ល្បាត​បង្ក្រាប​បទល្មើស​នេសាទ ដែល​ជនខិលខូច​បាន​លួច​ប្រើ​ប្រាស់​​ឧបករណ៍​ចាប់​ត្រី​ដោយ​ខុសច្បាប់​នៅ​ក្នុង​ទឹកដី​បឹង​ទន្លេសាប​។

នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​ចុះ​ល្បាត​បង្ក្រាប​ករណី​ខាងលើ​នេះ លោក គឹ​ម ឆៃ​ហ៊ា​ង អភិបាលរង​ខេត្ត និង​កងកម្លាំង​មាន​សមត្ថកិច្ច ប្រើប្រាស់​កាណូត​ចំនួន​០៤​គ្រឿង​ជា​មធ្យោ​បាយ ដោយ​ចេញ​ល្បាត​ចាប់ពី​ចំណុច​ក្បាលជ្រោយ រហូត​ទៅ​ដល់​ចំណុច​កោះ​ក្អែល ជាប់​ព្រំប្រទល់​ឃុំ​កំពង់​ភ្លុក ក្នុងស្រុក​ប្រាសាទបាគង​។

តាម​ប្រភព​ពី​កម្លាំង​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា កិច្ច​ប្រតិបត្តិការ​ចុះ​បង្ក្រាប​បទ​ល្មើ​នេសាទ​ប្រើប្រាស់​ឧ​បរ​ណ៍​ខុសច្បាប់​នេះ សមត្ថកិច្ច​ចម្រុះ​បាន​ដកហូត​ឧបករណ៍​ល្មើសច្បាប់​មាន ក្បាល​បរ​ចំនួន​១៧​ក្បាល ក្នុង​នោះ​ក្បាល​បរ​ធ្វើ​ពី​ដែក​ចំនួន​១៥​ក្បាល​បរ និង​ធ្វើ​ពី​ឈើ​ចំនួន​០២​ក្បាល​បរ​, កាប់​បំផ្លាញ​ស្បៃ​ម៉ុង​នៅ​នឹង​កន្លែង​មាន​ប្រវែង​២.០០០​ម៉ែត្រ និង​លែង​កូន​ត្រី​ចម្រុះ​ចំនួន​២០​គីឡូក្រាម រីឯ​ឧបករណ៍​ល្មើសច្បាប់​ដែល​ដកហូត​បាន​សមត្ថកិច្ច និង​ដឹក​យក​ទៅ​ដុត​កម្ទេច​ចោល​។