ទីបំផុត តា​ចាក់​សម្លាប់​យាយ​ត្រូវ​តុលាការ​ឃុំខ្លួន​ហើយ

ខេត្តបាត់ដំបង ៖ នៅ​ទីបំផុត ករណី​ហិង្សា​មួយ​រវាង​ប្តី​-​ប្រពន្ធ​ចំណាស់​១​គូរ​ហូត​ឈាន​ដល់​យក​កាំបិត​ចាក់​គ្នា​ទៅ​វិញ​ទៅ​មក បណ្តាល​ឱ្យ​ស្ត្រី​ជា​ប្រពន្ធ​ស្លាប់ រីឯ​ប្តី​ត្រូវ​គេ​ជួយ​ដឹក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ នៅ​ពេល​នេះ​ប្តី​ត្រូវ​បាន​តុលាការ​បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​បណ្ដោះអាសន្ន ។

លោក​ឧត្តម​សេនី​ត្រី​យ៍ ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត បាន​មាន​ប្រសាសន៍​ថា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត លោក លិ សុខា បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​បណ្ដោះអាសន្ន​ចំពោះ​ជន​ត្រូវ​ចោទ​ឈ្មោះ តាំង ជី អាយុ​៦៩​ឆ្នាំ កាលពី​រសៀល​ថ្ងៃ​ទី​៧​តុលា ប៉ុន្តែ​បាន​អនុញ្ញាត​ឲ្យ​ជន​ត្រូវ​ចោទ​រូប​នេះ​ស្នាក់​នៅ​សំរាក​ព្យាបាល​មុខរបួស​នៅ​ក្នុង​មន្ទីរពេទ្យ​ក្រោម​ការ​គ្រប់គ្រង និង​ទ​ទូល​ខុស​ត្រូវ​របស់​សមត្ថកិច្ច ។

លោកស្នងការ​រង​បាន​បញ្ជាក់​ថា គិត​ត្រិ​ម​ព្រឹក​ថ្ងៃ​ទី​៩​តុលា​នេះ ជន​ត្រូវ​ចោទ​ឈ្មោះ តាំង ជី កំពុង​សំរាក​ក្នុង​មន្ទីរពេទ្យ ព្រោះ​ស្ថានភាព​របួស​នៅ​ធ្ងន់ធ្ងរ​នៅឡើយ ។

សូម​បញ្ជាក់​ថា ជន​ត្រូវ​ចោទ​ឈ្មោះ តាំង ជី អាយុ​៦៩​ឆ្នាំ ត្រូវ​តុលាការ​ចោទប្រកាន់ និង​សម្រេច​ឃុំខ្លួន ដោយសារ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ដ៏​ឃោ​ឃៅ​មួយ​កាលពី​វេលា​ម៉ោង​០៤ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១៦ នៅ​ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង រហូត​ធ្វើ​ឲ្យ​ប្រពន្ធ​គាត់​ឈ្មោះ សៀវ គុណ អាយុ​៦៧​ឆ្នាំ ស្លាប់ ។ ក្នុង​អំពើ​ហិង្សា​នេះ បើ​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​គឺ​បង្ក​ឡើង​ដោយសារ​ប្រពន្ធ ដែល​ជេរ​ប្រមាថ និង​បណ្ដេញ​ប្ដី​របស់​ខ្លួន​ចេញពីផ្ទះ​។ មិនតែប៉ុណ្ណោះ​នៅ​ពេល​ប្ដី​តមាត់​តិចតួច ស្រាប់តែ​ប្រពន្ធ​ស្ទុះ​ទៅ​ចាប់​ក្របួច​សក់​ប្ដី រួច​យក​កាំបិត​អា​.​ក ធ្វើ​ឲ្យ​បុរស​ជា​ប្ដី​ក្ដៅក្រហាយ​ក៏​ទាញ​កាំបិត​ចុង​ស្រូ​ច​ចាក់​ទៅ​លើ​ប្រពន្ធ​វិញ​ត្រូវ​ចំ​ដើមទ្រូង​ស្លាប់​តែ​ម្ដង ។ រីឯ​ប្ដី​តូចចិត្ត​នឹង​រឿងរ៉ាវ​បែប​នេះ ក៏​យក​កាំបិត​ចាក់​ប៉ង​សម្លាប់​ខ្លួនឯង​ដែរ តែ​មិន​ស្លាប់ ព្រោះ​ត្រូវ​កូនស្រី និង​អ្នក​ភូមិ​ជួយ​ទាន់ ។

ទោះជា​យ៉ាងនេះ​ក្ដី ជន​ត្រូវ​ចោទ​ឈ្មោះ តាំង ជី ត្រូវ​បាន​តំណាង​អយ្យការ​ធ្វើការ​ចោទប្រកាន់ និង​ឈាន​ដល់​ការ​ឃុំខ្លួន​តាម​ដីកា​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ហើយ ។

លោក ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត បាន​បញ្ជាក់​ដែរ​ថា ស្ថានភាព​របួស​របស់​ជន​ត្រូវ​ចោទ​មិន​ទាន់​ធួរ​ស្រាល​នៅឡើយ​ទេ ប៉ុន្តែ​គេ​នឹង​អាច​បញ្ជូន​ទៅ​ឃុំ​នៅ​ក្នុង​ពន្ធនាគារ នៅ​ពេល​ណា​ស្នាម​របួស​បាន​ធួរ​ស្រាល ៕