អ្នក​វិភាគ​ថា​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​វិល​ទៅ​រក​ភាព​ប្រេះឆា​គ្នា​សាជាថ្មី

អ្នក​វិភាគ​លើក​ឡើង​ថា គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ប្រកាន់​ជំហរ​លាប​ពណ៌​គ្នា និង​យក​ឈ្នះ​ចាញ់​គ្នា​ផ្នែក​នយោបាយ។ ការ​លើក​ឡើង​របស់​អ្នក​វិភាគ​នេះ នៅ​ស្រប​ពេល​បក្ស​ប្រឆាំង​បាន​ប្រកាស​ភ្លាមៗ​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​សភា​ជា​បណ្ដោះអាសន្ន កាល​ពី​ថ្ងៃ​សុក្រ ទី​៧ តុលា។

ការ​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​សភា​របស់​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ជា​ថ្មី​ម្ដង​ទៀត​នេះ ត្រូវ​បាន​អ្នក​វិភាគ​មើល​ឃើញ​ថា អ្នក​នយោបាយ​នឹង​ជះ​កម្ដៅ​ដាក់​គ្នា​បន្ត​ទៀត ដែល​នឹង​គ្មាន​ការ​បង្រួបបង្រួម​គ្នា​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ។

អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា អ្នក​នយោបាយ​ខ្មែរ​នៅ​តែ​ប្រកាន់​ជំហរ​សងសឹក និង​យក​ឈ្នះ​ចាញ់​គ្នា ដែល​នឹង​ធ្វើ​ឲ្យ​សង្គម​កម្ពុជា បែក​បាក់​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់។ លោក មាស នី បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ គួរ​តែ​ចូល​ប្រជុំ​សភា​កាល​ពី​ថ្ងៃ​ទី​៧ តុលា ដូច​ដែល​ផែនការ​របស់​ខ្លួន​បាន​ប្រកាស​ថា នឹង​ចូល​ប្រជុំ​សភា​ជាមួយ​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា។

លោក​បណ្ឌិត មាស នី សង្កត់​ធ្ងន់​ថា ការ​ទាញ​យក​ហេតុផល​បាតុកម្ម​នៅ​ប្រទេស​អូស្ត្រាលី ប្រឆាំង​លោក ហ៊ុន ម៉ាណែត ហើយ​បក្ស​ប្រឆាំង​មិន​ចូល​ប្រជុំ​សភា​ខ្លាច​មាន​បាតុកម្ម​ប្រើ​អំពើ​ហិង្សា​លើ​តំណាង​រាស្ត្រ​ដូច​កាល​ពី​ខែ​តុលា ឆ្នាំ​២០១៥ បាតុករ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ប្រើ​អំពើ​ហិង្សា​លើ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ចំនួន​ពីរ​រូប​នោះ គឺ​បង្ហាញ​ថា អ្នក​នយោបាយ​ខ្មែរ​នៅ​តែ​ប្រើប្រាស់​វប្បធម៌​លាប​ពណ៌​គ្នា៖ «ទុក​រឿង​ហ្នឹង​មួយ​ដុំ​សិន ហើយ​ចូល​ទៅ​ប្រជុំ​សិន​ទៅ បើ​សិន​ជា​ទៅ​ប្រជុំ​ហើយ​មាន​រឿង​ដូច​កាល​ពី​មុន​ទៀត តំណាង​រាស្ត្រ​នោះ​អាច​ស្នាក់នៅ​ការិយាល័យ​សភា​សិន​ទៅ ហើយ​ប្រកាស​ប្រាប់​ប្រជាពលរដ្ឋ​ថា​មាន​រឿង​ហ្នឹង​ទៅ អា​ហ្នឹង​ជា​រឿង​ត្រឹមត្រូវ»

មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ តុលា ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​ធ្វើ​ពហិការ​ធ្វើ​ការ​នៅ​ក្នុង​សភា​ទេ ប៉ុន្តែ​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ពិចារណា​លើ​ការ​ចូលរួម​ប្រជុំ​នៅ​ពេល​ខាង​មុខ​ទៀត អាស្រ័យ​លើ​ស្ថានការណ៍​ជាក់ស្ដែង។ លោក យឹម សុវណ្ណ អះអាង​ថា ការ​មិន​ចូលរួម​ប្រជុំ​សភា​នៅ​ថ្ងៃ​ទី​៧ តុលា នោះ ដោយសារ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​រង​ការ​គំរាម​កំហែង​ពី​សុវត្ថិភាព៖ «ព័ត៌មាន​ចុង​ក្រោយ​ដែល​យើង​ទទួល​បាន​ពី​ប្រភព​ដែល​អាច​ជឿជាក់​ថា អាច​មាន​ការ​គំរាម​កំហែង​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ។ ចឹង​ហើយ​បាន​ជា​យើង​ប្រជុំ​គ្នា​ថា យើង​មិន​ទៅ​ចូលរួម​ប្រជុំ​សភា​នៅ​ថ្ងៃ​នេះ​ទេ ហើយ​រឿង​ខាង​មុខ​ទៀត​យើង​នឹង​មើល​បន្ត​ទៅ​ទៀត»

គណបក្ស​ប្រឆាំង​មិន​ចូលរួម​ប្រជុំ​សភា​នេះ ដោយសារ​តែ​គណបក្ស​នេះ​មាន​បទពិសោធន៍​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៥ បាតុករ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើ​បាតុកម្ម​ទាមទារ​ទម្លាក់​លោក កឹម សុខា ចេញ​ពី​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា ហើយ​បាន​ប្រើ​អំពើ​ហិង្សា​លើ​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ពីរ​រូប គឺ​លោក ញ៉យ ចំរើន និង​លោក គង់ សភា ឲ្យ​រង​របួស​ធ្ងន់។

តំណាង​រាស្ត្រ​បាន​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​សភា​នៅ​ក្រោយ​ពី​សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា បាន​បោះឆ្នោត​ទម្លាក់​លោក កឹម សុខា ចេញ​ពី​អនុប្រធាន​ទី​១ រដ្ឋសភា។ ក៏ប៉ុន្តែ​កាល​ពី​ពេល​ថ្មីៗ​នេះ គណបក្ស​ប្រឆាំង​បាន​សម្រេច​ចិត្ត​ចូល​ប្រជុំ​សភា​ឡើង​វិញ ដើម្បី​បំពេញ​តួនាទី​របស់​ខ្លួន​ជា​តំណាង​រាស្ត្រ​នៅ​ក្នុង​រដ្ឋសភា។

លោក យឹម សុវណ្ណ បញ្ជាក់​ថា តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​នៅ​តែ​ធ្វើ​កិច្ចការ​នៅ​ក្នុង​សភា ទោះ​បី​ជា​មិន​ចូល​ប្រជុំ​សភា​ពេញ​អង្គ​ក្ដី។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ហេង ស្រ៊ាង មាន​ប្រសាសន៍​ថា ការ​ជះ​ទឹក​ដាក់​គ្នា​របស់​អ្នក​នយោបាយ​នេះ គ្មាន​អ្វី​ចំណេញ​ដល់​ជាតិ​ទេ។ លោក​បញ្ជាក់​ថា អ្នក​នយោបាយ​ត្រូវ​តែ​ធ្វើ​សម្បទាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ខ្លះ ដើម្បី​រក​ចំណុច​រួម និង​ដើម្បី​បម្រើ​ដល់​ម្ចាស់​ឆ្នោត​ពិត​ប្រាកដ៖ «ប្រជាពលរដ្ឋ​ភ័យ​ស្លន់ស្លោ អនាគត​នយោបាយ​ខ្មែរ​យើង​មិន​ដឹង​ជា​យ៉ាង​ម៉េច​ទេ? ហើយ​ប្រជាជន​កំពុង​ជួប​បញ្ហា មាន​បញ្ហា​កសិកម្ម​ផង ស្រូវ​គ្មាន​ទីផ្សារ អ្នក​នយោបាយ​មិន​បាន​រួម​គ្នា​ជួយ​ដោះស្រាយ»

អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​លើក​ឡើង​ថា ការ​បោះបង់​ការ​ប្រជុំ​សភា​នៅ​ពេល​នេះ អាច​នឹង​នាំ​ស្ថានការណ៍​នយោបាយ​កាន់​តែ​អាក្រក់​ឡើង​វិញ ពិសេស​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នឹង​ជិត​មក​ដល់​នៅ​ឆ្នាំ​២០១៧ ខាង​មុខ។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី អ្នក​វិភាគ​លើក​ឡើង​ថា គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ស្ថិត​នៅ​ក្នុង​ភាព​ទាល់ច្រក​រៀងៗ​ខ្លួន គឺ​គណបក្ស​ប្រឆាំង​ហាក់​ស្ថិត​នៅ​ក្នុង​ភាព​លំបាក​ពី​ការ​បំពេញ​តួនាទី​របស់​ខ្លួន ហើយ​ប្រឈម​នឹង​ការ​គំរាម​កំហែង រីឯ​បក្ស​កាន់​អំណាច​វិញ ក៏​រង​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​ដូច​គ្នា ប្រសិន​បើ​គណបក្ស​ទាំង​ពីរ​នៅ​តែ​បង្កើន​កម្ដៅ​នយោបាយ​ដាក់​គ្នា​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។