តើមានអ្វីកើតឡើងប្រសិនបើអ្នកពិសាស្ពៃចិនរាល់សប្តាហ៍?

6 Videos


មនុស្សមួយចំនួនតែងតែចង់ដឹងនិងពិសានូវអាហារដែលមានថាមពលសម្រាប់រាងកាយ ។ ទោះជាយ៉ាងណាក៏ដោយ ក៏មាននូវបន្លែជាច្រើនដែលមានអាហារូបត្ថម្ភ និងគុណប្រយោជន៍ផ្នែកថ្នាំព្យាបាលនិងពង្រឹងសុខភាព ផ្សេងៗបានយ៉ាងប្រសើរ ។ ដោយឡែក បន្លែស្ពៃសេឡេរី (ដែលគេច្រើននិយមហៅថាស្ពៃចិន) គឺជាបន្លែមួយប្រភេទដែលពេញនិយមអស់រយៈពេលជាយូមកហើយ គឺតាំងពីសម័យអេហ្ស៊ីបបុរាណ និងក្រិចបុរាណមកម្ល៉េះ ។

ស្ពៃចិនមួយនេះគឺជាបន្លែបែបធម្មជាតិដែលគេច្រើនដាំនៅតំបន់ជាច្រើន ជាពិសេសនៅតាមតំបន់ជាប់មាត់សមុទ្រ មានកោះច្រើននិងតាមតំបន់ទន្លេ ដែលមានអាកាសធាតុត្រជាក់។ ហើយបើតាមការសិក្សាឯករាជ្យមួយក្នុងពេលបច្ចុប្បន្នបានអោយដឹងថា បន្លែប្រភេទនេះអាចជួយកាត់បន្ថយ ការឈានទៅកើតជំងឺមហារីក កាត់បន្ថយការឈឺចាប់ ជួយសម្រកទំងន់ កាត់បន្ថយបញ្ហាឡើងសំពាធឈាម និងក្លិនរបស់វាមានសមត្ថភាពជួយបណ្តេញមូសបាន ។ អ្នកជំនាញបានប្រាប់ថា ប្រសិនបើអ្នកពិសាបន្លែនេះអោយបានរាល់ថ្ងៃក្នុងមួយសប្តាហ៍ អ្នកនឹងទទួលបានគុណប្រយោជន៍សុខភាពមិននឹកស្មានដល់ ។ ស្ពៃចិននេះគឺជាបន្លែដែលមានផ្ទុកជាតិទឹកច្រើន ដែលជាតិទឹកនេះមានអាហាររូបត្ថម្ភ វីតាមីន និងរ៉ែខនិជដ៏ ច្រើនពិសេសសម្រាប់អ្នកចូលចិត្តលេងកីឡា ដោយវាជួយបំពេញជាតិទឹកក្នុងរាងកាយឡើងវិញ ក្រោយសកម្មភាពកីឡាហត់និងអស់កម្លាំង ។
តើមានអ្វីកើតឡើងប្រសិនបើអ្នកពិសាស្ពៃចិនរាល់សប្តាហ៍?
ក្នុងស្ពៃចិននេះមានផ្ទុកវីតាមីនជាច្រើនដូចជា ជាតិដែក សង្កសី ម៉ាញ៉េស្យូម ប៉ូតាស្យូម កាល់ស្យូម វីតាមីន A, C, E, K, B12 ។ បន្ថែមពីវីតាមីនដ៏សំបូរបែបនេះ វាក៏មាននូវសារធាតុរ៉ែខនិជជួយពង្រឹងកោសិកា ជួសជុលកោសិកាអោយលូតលាស់ប្រសើរឡើងវិញ ។ ចំពោះអ្នកដែលឈឺសន្លាក់ឆ្អឹងនិងហើមសន្លាក់ ប្រសិនបើបានពិសាបន្លែស្ពៃចិននេះ វានឹងជួយកាត់បន្ថយ អាការៈហើម រលាក និងឈឺសន្លាក់បាន ដោយវាជួយពង្រឹងជាលិកាអោយរឹងមាំ។ក្រៅពីនេះ វាក៏មានផ្ទុកសារធាតុប្រឆាំងអុកសីុតកម្ម និងសារធាតុ ហ្ល្វេវ៉ាណុល ខូម៉ារីន (coumarin) ជួយប្រឆាំង សារធាតុដែលបង្ករជាជំងឺមហារីក ។ សារធាតុអុកស៊ីតកម្មនេះក៏ជួយច្រោះសារធាតុកាកស៊ីណូហ្សែន និងកម្ចាត់សារធាតុរ៉ាឌីកាល់សេរី ដែលច្រើនធ្វើអោយកោសិកាច្រើនវិវឌ្ឈន៏ទៅជាជំងឺមហារីកបាន នេះក៏ដោយសារវីតាមីន C ដែលមាននៅក្នុងបន្លែនេះផងដែរ ដោយវាជួយពង្រឹងប្រព័ន្ធការពាររាងកាយ ការពារជំងឺគ្រុន និង ជំងឺបេះដូង ។

អ្នកពិតជាមិននឹកស្មានដល់នោះទេ ព្រោះក្រៅពីស្លឹកនិងដើមរបស់វា ប៉ុន្តែចំណែកគ្រាប់ និងឫរបស់បន្លែនេះវិញក៏មិនអន់ប៉ុន្នានដែរ គឺវាមានផ្ទុកសារធាតុពិសេសជួយការពារមិនអោយកើតជំងឺទឹកនោមផ្អែម ជំងឺថ្លើម ហឺត ជំងឺរបេង ឈឺធ្មេញ ឈឺក្បាល ឈឺលំពែង និង កម្ចាត់មេរោគឆ្លងនៅក្នុងតម្រងនោម ។ ចំណែកអាហារកាកសរសៃនិងជាតិទឹកដែលមាននៅក្នុងបន្លែនេះវិញ ក៏មានគុណសម្បត្តិជួយពង្រឹងប្រព័ន្ធរំលាយអាហារ និងកាត់បន្ថយបញ្ហាទល់លាមកបានយ៉ាងប្រសើរផងដែរ។

ចំពោះបុរសនិងស្ត្រីវិញ បើបានពិសាបន្លែនេះហើយនឹងពេញចិត្តមិនខាន ព្រោះវាជួយពង្រឹងសមត្ថភាពផ្លូវភេទ ជួយភ្ញោចអារម្មណ៍ និងពង្រឹងថាមពល។ ស្ពៃចិននេះត្រូវបានបុរសៗខ្លាះធ្លាប់ដឹងហើយថា វាអាចជួយពង្រឹងសុខភាពក្រពេញប្រូស្តាត និងបង្កើនលទ្ធភាពមានកូន ។ បើទោះជាវាមានគុណសម្បត្តិល្អប៉ុណ្ណាក្តី ចំពោះស្ត្រីក៏មិនគួរពិសារបន្លែនេះក្នុងបរិមាណច្រើនពេកនោះទេ ជាពិសេសស្ត្រីដែលបំបៅកូនដោយទឹកដោះ និងស្ត្រីពរពោះ។ ព្រោះជាតិប្រេងដែលមាននៅក្នុងស្ពៃចិននេះ វានឹងពន្លឿនចលនាកន្ត្រាក់ទារកក្នុងផ្ទៃ និងអាចឈានទៅបញ្ហារលូតកូនបាន ។

ជារួម ការបន្ថែមនិងកំណត់របបអាហារប្រភេទនេះ វាជួយច្រើនចំពោះសុខភាព ជាជាងគុណវិបត្តិ ដោយអ្នកអាចពិសារជារៀងរាល់ថ្ងៃក្នុងមួយសប្តាហ៍ក៏បាន ដោយវាមានប្រសិទ្ធិភាពបំផុតក្នុងការពង្រឹងប្រព័ន្ធការពាររាងកាយ និងបង្គ្រប់ជាតិ ទឹកក្នុងខ្លួនដែលរាងកាយត្រូវការជាប្រចាំថ្ងៃ ៕ សុផល