ធ្លាក់​ឧទ្ធម្ភាគចក្រ​យោធា​មួយ​គ្រឿង​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ស្លាប់​8​នាក់

អភិបាលខេត្ត​លោក ABDUL SATAR BARIZ ឱ្យ​ដឹង​ថា មនុស្ស​៨​នាក់​បាន​ត្រូវ​ស្លាប់​ពេល​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​របស់​កងទ័ព​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​ធ្លាក់​នា​ថ្ងៃ​ទី​៩ តុលា​នៅ​ខេត្ត​បាក់​ឡាន ភាគ​ខាងជើង​អា​ហ្វ​ហ្គា​នី​ស្ថាន ។

អភិបាលខេត្ត​បាក់​ឡាន​រូប​នោះ​ថ្លែង​ថា ឧទ្ធម្ភាគចក្រ​យោធា​បាន​ធ្លាក់​នា​វេលា​ម៉ោង​៦​ព្រឹក​ម៉ោង​ក្នុងស្រុក​នៅ  QARGHAN TAPA  តំបន់​ភ្នំ​ស្ថិត​នៅ​ភាគ​ពាយ័ព្យ​ក្រុង​POL-E KHOMRI ទីប្រជុំជន​ខេត្ត ។ អាជ្ញាធរ​យោធា​បាន​បើក​ការ​ស៊ើបអង្កេត​លើ​ឧប្បត្តិហេតុ​នោះ​រួច​ភាព​លម្អិត​នឹង​ចេញផ្សាយ​នា​ពេល​ខាង​មុខ ។

ទន្ទឹម​នឹង​នេះ​ប្រភព​មួយ​របស់​កងទ័ព​អា​ហ្វ​ហ្គា​នី​ស្ថាន​គូសបញ្ជាក់​ថា ឧទ្ធម្ភាគចក្រ​ធុន MI-17 ដែល​ដឹក​គ្រឿង​ផ្គត់ផ្គង់​ដល់​បន្ទាយ​យោធា​មួយ​រង​ការ​បាញ់ប្រហារ​ដោយ​កាំភ្លើង​បាញ់​រ៉ុក្កែត ហើយ​អះអាង​ថា​មនុស្ស​៨​នាក់​ជិះ​ក្នុង​ឧទ្ធម្ភាគចក្រ​នេះ​ដែល​រួម​មាន​ទាហាន​៣​នាក់ និង​សមាជិក​ក្រុម​យានិក​៥​នាក់ ត្រូវ​ស្លាប់​ទាំងអស់​។ ចំពោះ​ពួក​យុទ្ធ​ជនតា​លី​បង់​វិញ​ប្រកាស​ទទួលខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​នេះ ៕