ស្ថាប័នអន្ដរជាតិធំៗ សម្លឹងឃើញកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា

(ភ្នំពេញ)៖ ស្ថាប័នហិរញ្ញវត្ថុធំៗរួមមាន ធនាគារអភិវឌ្ឍអាស៊ី (ADB), ស្ថាប័នរូបិយវត្ថុអន្តរជាតិ ​​​​(IMF) និងធនាគារពិភពលោក (World Bank) សុទ្ធតែបានមើលឃើញនូវកំណើនសេដ្ឋកិច្ចដ៏រឹងមាំ​​របស់កម្ពុជានៅឆ្នាំ២០១៦ និង២០១៧។

កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ត្រូវបានស្ថាប័នទាំងនោះរំពឹងថា នឹងបន្តកើនឡើងក្នុងរង្វង់ ៧ភាគរយ ដូចទៅនឹងរាជរដ្ឋាភិបាលកម្ពុជាដែរ។

ជាក់ស្តែងនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ ធនាគារពិភពលោក (World Bank) បានចេញផ្សាយនូវរបាយការណ៍ ដោយបង្ហាញពីការព្យាករណ៍កំណើនសេដ្ឋកិច្ចនៅកម្ពុជាថា សេដ្ឋកិច្ចរបស់កម្ពុជា នឹងកើនឡើង៧ភាគរយ នៅឆ្នាំ២០១៦នេះ ខណៈនៅ​​ក្នុងឆ្នាំ២០១៧-២០១៨ ត្រូវបានប៉ាន់ស្មានថា នឹងកើនចំនួន ៦.៩ភាគរយ។

ដូចគ្នានេះដែរ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ ធនាគារអភិវឌ្ឍអាស៊ី (ADB) បានចេញរបាយការណ៍​ថ្មីមួយដែលមានឈ្មោះថា «ការព្យាករណ៍អំពីការ អភិវឌ្ឍនៅអាស៊ី» ដោយបានសម្លឹងឃើញថា សេដ្ឋកិច្ចរបស់កម្ពុជា នៅតែបន្ដរក្សាបាននូវកំណើនដ៏ខ្លាំងក្លា ដោយនឹងកើនឡើងក្នុងអត្រា៧ភាគរយ ក្នុងឆ្នាំ២០១៦ ​​និង ​​៧.១ភាគរយនៅឆ្នាំ២០១៧។

ចំណែកឯស្ថាប័នរូបបិវត្ថុអន្ដរជាតិ (IMF) ក៏បានចេញរបាយការណ៍របស់ខ្លួនផងដែរ ដោយអះអាងថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នឹង​​កើនឡើង៧ភាគរយ នៅឆ្នាំ២០១៦ និងឆ្នាំ២០១៧ ដែលនេះសបញ្ជាក់​​ឲ្យឃើញថា សេដ្ឋកិច្ចរបស់កម្ពុជានៅតែរឹងមាំខ្លាំងក្លា។

* មានហេតុផលយ៉ាងច្រើន ដែលនាំឲ្យស្ថាប័នអន្តរជាតិទាំងនេះ សម្លឹងឃើញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា

របាយការណ៍របស់ធនាគារពិភពលោក បានឲ្យដឹងថា កត្តាដែលជួយជំរុញកំណើន សេដ្ឋកិច្ចរបស់កម្ពុជា នៅឆ្នាំ២០១៦ រួមមានការនាំចេញ វិស័យសំណង់ និងការចំណាយប្រើប្រាស់របស់រាជរដ្ឋភិបាល។

បើតាមធនាគារពិភពលោក គិតត្រឹមពាក់កណ្តាលឆ្នាំ២០១៦ ការនាំចេញសម្លៀកបំពាក់កើនឡើងយ៉ាងខ្លាំងក្នុងកម្រិត ១០.៥ភាគរយ (គិតជាទឹកប្រាក់) ធៀបនឹង៧.៨ភាគរយឆ្នាំមុន រយៈពេលដូចគ្នា។ និន្នាការនេះទ្រទ្រង់ដោយទំនាក់ទំនងឧស្សាហកម្មដែលមានស្ថិរភាព តាមរយៈការបញ្ចូលការបោកគក់ ការប៉ាក់ឌិន និងការបោះពុម្ភដើម្បីបន្ថែមតម្លៃ និងតាមរយៈការងើបឡើងវិញខ្លះ នៃតំបន់អឺរ៉ុប។

ធនាគារពិភពលោកបន្ថែមថា ចំណូលចិត្តរបស់វិនិយោគ ក្នុងវិស័យសំណង់នៅមានបន្ត ជាមួយមួយនឹងការអនុម័តលើគម្រោង ដែលមានទឹកប្រាក់កើនឡើងរហូតដល់ ៦.៨ពាន់លានដុល្លារអាមេរិក ត្រឹមពាក់កណ្តាល ឆ្នាំ២០១៦ ។ ស្ថានភាពអាកាសធាតុល្អប្រសើរ ឆ្នាំនេះ អាចជួយវិស័យកសិកម្ម ទោះបីជាថ្លៃទំនិញកសិកម្មធ្លាក់ចុះ ធ្វើឲ្យប៉ះពាល់ដល់ការនាំចេញផ្នែកកសិកម្មក្តី។

បើតាមលោក Samiuela Tukuafu ប្រធានធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានលើកឡើងថា បន្ទាប់ពីទទួលបានឋានៈ ជាប្រទេសមានប្រាក់ចំណូល មធ្យមកម្រិតទាប ក្នុងខែកក្កដា ការព្យាករណ៍សម្រាប់សេដ្ឋកិច្ចប្រទេសកម្ពុជា នៅតែបន្តមានភាពរឹងមាំ ដោយការនាំចេញពីឧស្សាហកម្មសម្លៀកបំពាក់ និងស្បែកជើងមានការកើនឡើងចំនួន៩.៤% នៅក្នុងឆមាសទី១នៃឆ្នាំនេះ។

លោកថា បើទោះបីជាកំណើនឥណទាន ជូនដល់វិស័យឯកជន បានថយចុះមកត្រឹម ២៨.១% បើធៀបនឹងឆ្នាំមុនក្នុងខែមិថុនាក៏ដោយ ប៉ុន្តែវានៅតែបង្ហាញឱ្យឃើញ អំពីតម្រូវការក្នុងស្រុកដែលមានកម្រិតខ្ពស់។ ធាតុអាកាសដែលមានលក្ខណៈប្រសើរជាងមុនចាប់ពីខែមិថុនា បន្ទាប់ពីគ្រោះរាំងស្ងួតអូសបន្លាយ គប្បីអាចជួយឱ្យវិស័យកសិកម្ម មានភាពធូរស្រាលឡើងវិញបន្តិច។

លោក Tukuafu បានលើកឡើងទៀតថា ធនាគារអភិវឌ្ឍន៍អាស៊ី ត្រៀមខ្លួនរួចជាស្រេចក្នុងការ គាំទ្រដល់កំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្នរបស់ប្រទេសកម្ពុជា តាមរយៈការវិនិយោគសំខាន់ៗនៅក្នុង ផលិតកម្មកសិកម្ម ការដឹកជញ្ជូន និងភស្តុភារ ការអប់រំ និង ការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ និង ការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ។

គួរជម្រាបថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជានៅតែរក្សាបានកំណើនសេដ្ឋកិច្ច ជាមធ្យមជាង៧ភាគរយក្នុងមួយឆ្នាំ ហើយផលិតផលក្នុងស្រុក​សម្រាប់មនុស្ស​ម្នាក់ (GDP) អាចនឹងកើនឡើងដល់ជាង ១,៣០០ដុល្លារ នៅឆ្នាំ២០១៦នេះ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ធនាគារពិភពលោក (WB) កាលពីព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ កន្លងទៅបានរៀបចំសន្និសីទសារព័ត៌​​មានមួយ 

របាយការណ៍ការណ៍ ដែលចេញផ្សាយដោយ ធនាគារពិភពលោក បានឲ្យដឹងថា ការកើនឡើងនៃសេដ្ឋកិច្ចរបស់កម្ពុជានេះ ដោយសារមានការជម្រុញដោយការនាំចេញ ភាពរីកចម្រើនវិស័យសំណង់ និងការចំណាយប្រើប្រាស់របស់រដ្ឋាភិបាល។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ហានិភ័យដែលអា​ចកើតមាន គឺការបោះឆ្នោតក្នុងពេលខាងមុខ ឥទ្ធិពលអវិជ្ជមានពីកំណើនអត្រាការប្រាក់សហរដ្ឋ​​អាមេរិក និងការថយចុះ នៃកំណើនរបស់សេដ្ឋកិច្ចពិភពលោក។

របាយការណ៍ធនាគារពិភពលោក បានលើកឡើងថា ត្រឹមពាក់កណ្ដាលឆ្នាំ២០១៦ ការនាំចេញសម្លៀកបំពាក់របស់កម្ពុជា បានកើនឡើងយ៉ាងខ្លាំងក្នុងកម្រិត ១០.៥ ភាគរយ​​បើប្រធៀបនឹង៧.៨ភាគរយឆ្នាំមុន រយៈពេលដូចគ្នា។ និន្នាការនេះទ្រទ្រង់ដោយទំនាក់ទំនងឧស្សាហកម្ម​ ​ដែលមានស្ថិរភាពតាមរយៈការបញ្ជូលការបោគក់ ការប៉ាក់ឌិន និងការបោះពុម្ព ដើម្បីបន្ថែមតម្លៃ​​និងតាមរយៈការងើបឡើងវិញខ្លះៗនៃតំបន់អឺរ៉ុប។

ធនាគារពិភពលោក បានឲ្យដឹងទៀតថា ចំណង់ចំណូលចិត្តរបស់វិនិយោគិន ក្នុងវិស័យសំណង់នៅមានជាបន្ត ជាមួយនឹងការអនុម័ត លើគម្រោងដែលមានទឹកកើនឡើដល់ ៦.៨ពាន់លានដុល្លារអាមេរិក ត្រឹមពាក់កណ្ដាលឆ្នាំ២០១៦។

ជាមួយគ្នានេះ ធនាគារពិភពលោកអះអាងថា សម្រាប់ឆ្នាំ២០១៧ និង ២០១៨ សេដ្ឋកិច្ចរបស់កម្ពុជា នឹងកំណើនមានកម្រិត ៦.៩ភាគរយ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ស្ថាប័នអន្ដរជាតិធំៗ សម្លឹងឃើញកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា

ស្ថាប័នអន្ដរជាតិធំៗ សម្លឹងឃើញកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា

ស្ថាប័នអន្ដរជាតិធំៗ សម្លឹងឃើញកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា

ស្ថាប័នអន្ដរជាតិធំៗ សម្លឹងឃើញកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា

ស្ថាប័នអន្ដរជាតិធំៗ សម្លឹងឃើញកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា