ភរិយា​បេក្ខជន ត្រាំ វាយ​តម្លៃ​សំដី​ស្វាមី​ខ្លួន ថា​ទទួល​យក​មិន​បាន

នៅចំពោះពាក្យសំដីដ៏គ្រោកគ្រាត ដែលស្វាមីបាននិយាយ ជាលក្ខណៈឯកជន តាំងពីឆ្នាំ២០០៥​មក និង​ដែល​ទើប​ត្រូវ​បាន​បែក​ធ្លាយ ក្នុងពេលនេះនោះ ភរិយាលោក ដូណាល់ ត្រាំ (Donald Trump) គឺ​អ្នកស្រី មេឡានី ត្រាំ (Melania Trump) បានចេញមុខមកនិយាយ ជំនួស​បេក្ខជន​ប្រធានាធិបតី មកពី​គណបក្ស​សាធារណរដ្ឋ​រូប​នេះ ដើម្បី​សុំ​ឲ្យ​បណ្ដា​ជន​អាមេរិកាំង អភ័យ​ទោស​ឲ្យ​លោក។
ភរិយា​បេក្ខជន ត្រាំ វាយ​តម្លៃ​សំដី​ស្វាមី​ខ្លួន ថា​ទទួល​យក​មិន​បាន

ពីឆ្វេងទៅស្ដាំ៖ អ្នកស្រី មេឡានី ត្រាំ ជាភរិយា និងលោក ដូណាល់ ត្រាំ ជាបេក្ខជនប្រធានាធិបតីអាមេរិក។ (រូបថត Iowa Caucus)

បែបត្រូវដួលបះជើង មុនការប្រកួតមកដល់ហើយ សម្រាប់បេក្ខជនប្រធានាធិបតីអាមេរិក មកពីគណបក្ស​សាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump)។ កិច្ចសន្ទនាដ៏អាស្រូវ នៅក្នុងខ្សែវីដេអូមួយ ថតជាប់​តាំង​ពី​ឆ្នាំ​២០០៥ ដែលពោរពេញ ដោយពាក្យអសុរស អាសអាភាស ប៉ះពាល់ធ្ងន់ធ្ងរ​ដល់ស្ត្រី និងដែលត្រូវបាន​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​អាមេរិក យកមកទម្លាយនៅពេលនេះ កំពុងរួមរិតរូបភាពរបស់លោក ហើយអាចទាញ​ទម្លាក់​លោក ឲ្យខ្ទាតចេញពីសៃវៀន ដណ្ដើមកៅអីជាប្រធានាធិបតីអាមេរិក ជាស្វ័យប្រវត្តិ ក្នុងប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​នេះ។

នៅចំពោះព្យុះសង្ឃរានេះ អ្នកស្រី មេឡានី ត្រាំ (Melania Trump) ភរិយាសព្វថ្ងៃរបស់លោក ដូណាល់ ត្រាំ បាន​ចេញមុខ មកនិយាយជំនួសស្វាមីរបស់អ្នកស្រី ដើម្បីសុំឲ្យបណ្ដាជនអាមេរិកាំង ធ្វើការអភ័យទោស ទៅ​ដល់​អ្វី​ដែល​ជាការ«ជ្រុលជ្រួស»នេះ។ អ្នកស្រីបានទទួលស្គាល់ថា សំដីរបស់លោក ត្រាំ ពិតជាមិនអាច​ទទួល​យក​បាន ហើយ​«បានទៅឆ្ងាយជ្រុល»ពេកហើយ។ ប៉ុន្តែអ្នកស្រីនិយាយការពារប្ដីអ្នកស្រីថា ពាក្យសំដី​ទាំង​នេះ មិន​បាន​ឆ្លុះ​បញ្ចាំង​ពិតប្រាកដ ពីលោក ដូណាល់ ត្រាំ នោះឡើយ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលចេញផ្សាយ កាលពីថ្ងៃសៅរ៍ម្សិលម៉ិញនេះ អ្នកស្រី មេឡានី ត្រាំ បាន​និយាយ​ដូច្នេះ​ថា៖ «ពាក្យសំដី ដែលស្វាមីខ្ញុំបានប្រើ សម្រាប់រូបខ្ញុំ វាពិតជាមិនអាចទទួលយកបាន និង​បាន​ទៅ​ឆ្ងាយ​​ជ្រុលហួស។ ពាក្យសំដីនេះ មិនឆ្លុះបញ្ចាំងពីបុរស ដែលខ្ញុំបានស្គាល់នោះទេ។» អ្នកស្រី បាន​បន្ត​ទៀត​ថា៖ «ខ្ញុំ​សង្ឃឹម​ថា​អ្នក​រាល់​គ្នា នឹងទទួលយកការសុំទោស របស់គាត់ ដូចដែលខ្ញុំបានធ្វើរួចមកនេះ។»។

សម្រាប់បណ្ដាជនអាមេរិក ដ៏ច្រើនលើសលប់ រួមទាំងសមាជិកច្រើននាក់ នៅក្នុងគណបក្ស​សាធារណរដ្ឋ​នោះ​ផង ពួកគេមិនអាចទទួលយកបានឡើយ នូវពាក្យសំដីទាំងនេះ។ ចំពោះអ្នកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) បេក្ខនារីមកពីគណបក្សប្រជាធិបតេយ្យវិញ មិនបានទុកឱកាសនេះ ឲ្យកន្លងហួសទៅ​ឡើយ។ ភ្លាមៗ​ក្រោយវីដេអូដ៏អាស្រូវ ត្រូវបានផ្សព្វផ្សាយ អ្នកស្រីបានសរសេរសារដ៏ខ្លីមួយ នៅលើទំព័រ​ទ្វីសធើរ (Twitter) របស់​អ្នកស្រី​ថា៖ «បណ្ដាស្ត្រីទាំងឡាយ ពេលនេះអ្នកមានអំណាច ក្នុងការបញ្ឈប់​លោក ត្រាំ»៕