គ្រូបង្វឹកកម្ពុជា គ្រោងកែប្រែប្រព័ន្ធលេង ដើម្បីយកឈ្នះក្រុមស្រីលង្កា ល្ងាចនេះ

គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Lee Tae Hoon គ្រោងនឹងកែប្រែ ឬបត់បែនបច្ចេកទេសប្រកួតទៅតាមកាលៈទេសៈនៃការប្រកួតជាក់ស្តែង ដើម្បីស្វែងរកលទ្ធផលដ៏ល្អមួយ សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិស្រីលង្កា នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង ៦:៣០ ថ្ងៃអាទិត្យនេះ បើទោះបីជាគ្រូបង្វឹករបស់ស្រីលង្កា បានសរសើរថា ក្រុមកម្ពុជា មានទម្រង់លេងល្អក៏ដោយ។

fb03

នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃសៅរ៍ លោក Dudley Steinwall គ្រូបង្វឹកក្រុមស្រីលង្កា បាននិយាយថា៖«នេះជាលើកទី១ហើយ ដែលខ្ញុំបានដឹកនាំក្រុមស្រីលង្កា ក្នុងការប្រកួតមិត្តភាពអន្តរជាតិ ហេតុនេះខ្ញុំសង្ឃឹមថា កូនក្រុមរបស់យើង នឹងធ្វើបានល្អ»។

ទោះបីជាយ៉ាងណា ជាយ៉ាងណាលោកបបន្ថែមថា៖«តាមការសង្កេតមើលរបស់ខ្ញុំ ពេលកម្ពុជាជួបក្រុមហុងកុង គឺក្រុមកម្ពុជា បានបច្ចេកទេសលេងល្អ ហើយការរៀបចំប្រព័ន្ធលេងក៏បានល្អផងដែរ ពិសេសតំបន់ការពារ ហេតុនេះការជួបក្រុមស្រីលង្កាលើកនេះ កម្ពុជា អាចនឹងល្អជាងនេះក៏ថាបាន ចំណែកកីឡាករពាក់ស្លាកលេខ៧របស់កម្ពុជា (ប្រាក់ មុន្នីឧត្តម) គឺជាអ្នកដែលអាចបង្កគ្រោះថ្នាក់ដល់យើង ព្រោះគាត់មានបច្ចេកទេស និងជំនាញក្នុងការលេងបានគ្រប់ស្ថានភាព»។

fb01

យ៉ាងណាក៏ដោយ លោក Lee Tae Hoon ដែលទើបតែដឹកនាំក្រុមកម្ពុជា ចាញ់ក្រុមហុងកុង ២-០ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ កាលពីយប់ថ្ងៃព្រហស្បតិ៍នោះ គ្រោងនឹងដាក់កីឡាករថ្មីៗឲ្យចូលលេងច្រើន ខណៈកីឡាករសំខាន់ៗមួយចំនួន ហាក់នៅមានកម្លាំងមិនទាន់ពេញវិញ សម្រាប់ការជួបក្រុមហុងកុងនោះ ប៉ុន្តែលោកនឹងរៀបចំទម្រង់លេងដ៏មានទំនុកចិត្តមួយ ដើម្បីទប់ការលេងបែបលឿនៗរបស់ក្រុមស្រីលង្កា ក្នុងការស្វែងរកការឈ្នះ មុនពេលក្រុមកម្ពុជា ត្រូវស្វាគមន៍ក្រុមជម្រើសជាតិឡាវ ប្រ៊ុយណេ និងទីម័រខាងកើត នាការប្រកួតជម្រុះពានរង្វាន់ AFF Suzuki Cup 2016 ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែតុលានេះ ក្នុងនាមជាម្ចាស់ផ្ទះ។

fb02

លោក Lee Tae Hoon បាននិយាយថា៖«ក្រុមស្រីលង្កា មានភាពអង់អាច និងម៉ត់ចត់ ក្នុងការប្រកួត ហើយទម្រង់លេងក៏ល្អទាំងបម្រើ និងប្រយុទ្ធ ពិសសេសពួកគេមានល្បឿនលឿន ហេតុនេះយើង ត្រូវរៀបចំទម្រង់លេង ដែលអាចបត់បែនតាមប្រព័ន្ធលេងលឿនៗរបស់ក្រុមស្រីលង្កា ដើម្បីបង្កើតលទ្ធផលល្អមួយ គឺល្អជាងលទ្ធផលការប្រកួតជាមួយហុងកុង កន្លងមកនេះ»៕

The post គ្រូបង្វឹកកម្ពុជា គ្រោងកែប្រែប្រព័ន្ធលេង ដើម្បីយកឈ្នះក្រុមស្រីលង្កា ល្ងាចនេះ appeared first on CamboSport.