កម្មករ​កាត់ដេរ​ទាមទារ​១៧​ចំណុច​តាង​ពី​មុន​បុណ្យ​ភ្ជុំ

ខេត្តកណ្ដាល ៖ កម្មករ កម្ម​ការ​នី បម្រើ​ការងារ​រោងចក្រ​កាត់ដេរ យូ​នី​ក តា​ថេ​កណ​ឡុ​ជី (​ខេ​ម​បូ​ឌា​) មាន​ទីតាំង​តំបន់​ដី​ឡូ​តិ៍​ឈី​ឆាង ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈើ​នាង ឃុំ​ពើក ស្រុក​អង្គស្នួល ប្រមាណ​ជាង​៤០០​នាក់ បាន​សម្រេច​នាំ​គ្នា​មិន​ចូល​ធ្វើការ​ដោយ​ចោទ​ថា រោងចក្រ​កាត់ដេរ​មួយ​នេះ មិន​អនុវត្ត​គោរព​តាម​ច្បាប់​ការងារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ​ឡើយ​។

កម្មករ កម្ម​ការ​នី​ជាង​៥០​នាក់ តំណាង​ឲ្យ​កម្មករ កម្ម​ការ​នី​ទាំង​ជាង​៤០០​នាក់ បាន​លើក​ឡើង​ដូច​ៗ​គ្នា​ថា ពួក​គាត់​បាន​ចូល​បម្រើ​ការងារ​នៅ រោងចក្រ​កាត់ដេរ​យូ​នី​ក តា​ថេ​កណ​ឡុ​ជី (​ខេ​ម​បូ​ឌា​) នេះ ម្នាក់​ៗ​ខ្លះ​4​ឆ្នាំ ខ្លះ​3​ឆ្នាំ ហើយ​ការ​នាំ​គ្នា​មក​ឈរ​មុខ​ក្លោ​ង​ទ្វារ​រោងចក្រ​មិន​ព្រម​ចូល​បម្រើ​ការងារ​នេះ រយៈពេល​ជាង​១០​ថ្ងៃ​ហើយ គឺ​ចាប់តាំងពី​មុន​បុណ្យ​ភ្ជុំបិណ្ឌ ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៦ រហូត​មក​ដល់​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០១៦ នេះ គឺ​ទាមទារ​ឲ្យ​ភាគី​រោងចក្រ​គោរព​តាម​ច្បាប់​ការងារ​ចំនួន​17​ចំណុច ៖

ទី​1-​ឲ្យ​ខាង​រោងចក្រ​ទទួលយក​ថ្នាក់ដឹកនាំ​សហជីព​សិទ្ធិ​ប្រយោជន៍​កម្មករ​ចំនួន​០៥​នាក់ បាន​ចូល​បម្រើ​ការងារ​វិញ ដែល​ពួក​គាត់​ត្រូវ​បាន​ខាង​រោងចក្រ​មានការ​រើសអើង​បញ្ឈប់​ការងារ​កាលពី​ថ្ងៃ​ទី​២៧ ខែកញ្ញា ដោយ​រោងចក្រ​ខឹង​ពួក​គាត់ (​សហជីព​) តែងតែ​ជួយ​ទាមទារ​រាល់​លក្ខខណ្ឌ​ការងារ​ដែល​រោងចក្រ​គៀបសង្កត់​កម្មករ ។

ទី​2-​ឲ្យ​ខាង​រោងចក្រ​ផ្តល់​លុយ​បាយ​ធ្វើការ​ថែម​ម៉ោង​ចាប់ពី​ម៉ោង​6​ដល់​ម៉ោង​8​យប់ ក្នុង​1​ម៉ោង​1.000​រៀល​។

ទី​3-​ពេល​កម្មករ​ធ្វើការ​មិន​គ្រប់​ចំនួន​កំណត់​របស់​រោងចក្រ រួច​តម្រូវ​ឲ្យ​ថែម​ម៉ោង​សុំ​គិត​ប្រាក់​ឈ្នួល​តាម​អត្រា​ប្រាក់​ឈ្នួល​150​ភាគរយ និង​សុំ​សង​រំលឹក​ប្រាក់​ឈ្នួល​ទាំង​អស់នេះ​មក​ឲ្យ​កម្មករ​វិញ ។

ទី​4-​សូម​ឧបត្ថម្ភ​ផ្តល់​លុយ​បាយ​ចំនួន​2.000​រៀល​ដល់​កម្មករ​បាយ​ថ្ងៃត្រង់ ។

ទី​5-​សូម​អនុញ្ញាត​ច្បាប់​ដល់​កម្មករ​តាម​សភាព​ជាក់ស្តែង សុំ​កាត់​លុយ​ព្រើម​។

ទី​6-​សុំ​ស្ត្រី​មាន​ផ្ទៃពោះ​បាន​ទៅ​ពិនិត្យ​សុខភាព​1​ខែ​1​ថ្ងៃ ដោយ​រក្សា​ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​ផ្សេង​ៗ​នៅ​ដដែល​។

ទី​7-​សូម​ឲ្យ​ស្ត្រី​ដាក់​ច្បាប់​សំរាលកូន​តាម​ច្បាប់​ស្តី​ពី​ការងារ​។

ទី​8-​សូម​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ចេញ​មុន​ម៉ោង​15​នាទី​ជា​រៀងរាល់ថ្ងៃ​។

ទី​9-​កម្មករ​ថែម​ម៉ោង​តាម​គោលការណ៍​ស្ម័គ្រចិត្ត​។

ទី​10-​សូម​ឲ្យ​មាន​ពេទ្យ និង​ថ្នាំ​គ្រប់គ្រាន់​សម្រាប់​កម្មករ​។

ទី​11-​រោងចក្រ​ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង​នៅ​ពេល​កម្មករ​គ្រោះថ្នាក់​ក្នុង​ម៉ោង​ការងារ ឬ​ពេល​មាន​ជំងឺ​ដាក់​ច្បាប់​មាន​សំបុត្រ​ពេទ្យ សូម​រក្សា​ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​ផ្សេង​ៗ​នៅ​ដដែល​។

ទី​12-​នៅ​ពេល​ខាង​រោងចក្រ​តម្រូវ​ឲ្យ​កម្មករ​ធ្វើការ​ថ្ងៃ​បុណ្យ ឬ​ថ្ងៃអាទិត្យ សូម​ផ្តល់​សា​ហុយ​ធ្វើ​ដំណើរ​ចំនួន​2.000​រៀល និង​លុយ​បាយ​2.000​រៀល​។

ទី​13-​ពេល​ខាង​រោងចក្រ​តម្រូវ​ឲ្យ​កម្មករ​ធ្វើការ​ថ្ងៃអាទិត្យ​បាន​កន្លះ​ថ្ងៃ ត្រូវ​គិតលុយ​ឲ្យ​កន្លះ​ថ្ងៃ និង​សូម​ឲ្យ​ខាង​រោងចក្រ​កុំ​មានការ​គុំ​គួ​ន​ចំពោះ​កម្មករ​មិន​បាន​មក​ធ្វើការ​ថ្ងៃ​បុណ្យ ឬ​ថ្ងៃអាទិត្យ​។

ទី​14-​សូម​បើកប្រាក់​ឈ្នួល​ជូន​កម្មករ​រួចរាល់​ត្រឹម​ម៉ោង​4 បើ​លុយ​ប្រឡាក់ ឬ​រហែក​សុំ​ដូរ​។

ទី​15-​សូម​ឲ្យ​មាន​កន្លែង​តុ​កៅអី​សម្រាប់​អង្គុយ​ហូប​បាយ​ក្នុង​រោងចក្រ​ប្រកបដោយ​មាន​អនាម័យ និង​ទឹក​ផឹក​រៀងរាល់ថ្ងៃ​។

ទី​16-​សូមកុំ​ឲ្យ​ខាង​រោងចក្រ​រើសអើង​ចំពោះ​កម្មករ​ដែល​ចូលរួម​សកម្មភាព​សហជីព និង​សមាជិក​សហជីព

ទី​17-​សូម​ឲ្យ​ខាង​រោងចក្រ​រក្សា​ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​ផ្សេង​ៗ​នៅ​ពេល​កម្មករ​ធ្វើ​កូដកម្ម​។

ក្រុម​កម្មករ​លើក​ឡើង​ទៀត​ថា មាន​សហជីព​ប៉ុណ្ណឹង​ផង នៅ​ខាង​រោងចក្រ​ហ៊ាន​រំលោភ​លើ​សិទ្ធិ​កម្មករ ចុះ​ទំ​រាំ​អត់​មាន​សហជីព​ទៀត មិនដឹង​ជា​ទៅ​យ៉ាងណា ហេតុ​ដូច្នេះ​ទើប​ពួក​គាត់​ដែល​បម្រើ​ការងារ​ក្នុង​រោងចក្រ​នេះ​ទាំងអស់​គ្នា​ចេញ​ធ្វើ​កូដកម្ម​រយៈពេល​ជាង​10​ថ្ងៃ​ហើយ នៅ​មិន​ទាន់​មាន​ដំ​ណេះ​ស្រាយ​ណាមួយ​ពី​សំណាក់​អាជ្ញាធរ ឫ​មន្ទីរ​ពាក់ព័ន្ធ​ជូន​ពួក​គាត់​នៅឡើយ​ទេ​។