ខឹង​ស្តី​ឲ្យ ចូល​បន្ទប់​មួយសន្ទុះ​បែកពពុះមាត់​ស្កុល

ខេត្ត​ប៉ៃលិន ៖ យុវជន​សម័យ​កុំព្យូទ័រ​ម្នាក់ ខណៈ​ចេះ​តែ​ដើរ​លេង​មិនសូវ​ជួយ​ធ្វើ​ការងារ ក៏​ត្រូវ​ឪពុក​ម្តាយ និង​បងប្អូន​សាច់ញាតិ​ស្តីបន្ទោស​ធ្វើ​ឲ្យ​តូចចិត្ត​រហូត​ដល់​ថ្នាក់​ផឹកថ្នាំ​សម្លាប់​ខ្លួន បណ្ដាល​ឲ្យ​ក្អួតចង្អោរ និង​បែកពពុះមាត់​យ៉ាង​ខ្លាំង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០១៦ នៅ​ភូមិប​តាំង​ស៊ូ សង្កាត់​ប​យ៉ា​ខា ក្រុងប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា យុវជន​រង​គ្រោះ​ឈ្មោះ អ៊ុំ វ​ណ្ណេ​ត អាយុ​១៨​ឆ្នាំ ជា​អ្នក​ធ្វើ​ចម្ការ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​យុវជន​រង​គ្រោះ​តែងតែ​ទាញ​យក​ម៉ូតូ​ក្នុងផ្ទះ​ជិះ​នាំ​មិត្តភក្តិ​ដើរ​លេង​ផឹកស៊ី ដោយ​មិនសូវ​ជួយ​ធ្វើ​ការងារ​ឪពុក​ម្តាយ​ឡើយ លុះ​ទ្រាំ​មិន​បាន​ទើប​នាំ​គ្នា​ស្តីបន្ទោស​ម្នាក់​២-៣​ម៉ាត់​ធ្វើ​ឱ្យ​រូបគេ​ខឹង​យ៉ាង​ខ្លាំង ក៏​រត់​ចូល​ទៅ​ពួន​សំងំ​នៅ​ក្នុង​បន្ទប់​បាត់ ។ នៅ​ពេល​ដែល​ស្ងាត់​មនុស្ស ស្រាប់តែ​ជន​រង​គ្រោះ​ទាញ​យក​ថ្នាំពុល​ប្រភេទ​ទឹក​ខៀវ​ផឹក​អស់​ជា​ច្រើន​បណ្តាល​ឱ្យ​ពុល​ក្អួតចង្អោរ​ ​និង​បែក​ពពុះ​មាត់​ស្កុល ពេល​ឃើញ​ដូច្នេះ​ឪពុក​ម្តាយ​ក៏​ប្រញាប់​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ដើម្បី​ជួយ​សង្គ្រោះ តែ​ផឹក​ប៉ះ​ចំ​ថ្នាំពុល​ដែល​គ្មាន​ថ្នាំបន្សាប​បណ្តាល​ឱ្យ​រលួយ​ក្រពះ​ពោះវៀន​តែ​ម្តង ។

លោកគ្រូ​ពេទ្យ​បញ្ជាក់​ឱ្យ​ដឹង​ថា ទឹក​ថ្នាំពុល​ខាងលើ​គ្មាន​ថ្នាំ​ណា​អាច​បន្សាប ឬ​ព្យាបាល​បាន​ឡើយ ព្រោះ​ជា​ថ្នាំពុល​លេខ​១​នៅ​ប្រទេស​ថៃ ហើយ​កាលពីមុន​ជនជាតិ​ថៃ​ជា​ច្រើន​នាក់​ក៏​បាន​ស្លាប់​ដោយសារ​ថ្នាំពុល​នេះ​ដែរ ខណៈ​តូចចិត្ត​នឹង​បងប្អូន ឪពុក​ម្តាយ គូសង្សា ផឹក​រួច​ស្លាប់​តែ​ម្តង ។

លោកគ្រូ​ពេទ្យ​បញ្ជាក់​ទៀត​ថា នៅ​ប្រទេស​ថៃ​ពេល​គេ​ដឹង​ថា ជន​រង​គ្រោះ​ផឹកថ្នាំ​ពុល​បែប​នេះ​ពេល​ទៅ​ដល់​មន្ទីរពេទ្យ​គ្រូពេទ្យ​តែងតែ​ឱ្យ​ដឹក​ត្រឡប់​ទៅ​ផ្ទះ​វិញ ដើម្បី​រៀបចំ​ធ្វើបុណ្យ ព្រោះ​គ្មាន​ឱសថ​ណាមួយ​អាច​ព្យាបាល​ឱ្យ​ជា​នោះ​ឡើយ បើ​ផឹក​តិច​អាច​រស់នៅ​បាន​ពី​១​អាទិត្យ​ទៅ​កន្លះ​ខែ តែបើ​ផឹក​ច្រើន ត្រឹមតែ​១​ថ្ងៃ​ទៅ​៣​ថ្ងៃ​ប៉ុណ្ណោះ គឺ​នឹង​ស្លាប់​ជាក់​ជា​មិន​ខាន​ឡើយ ។

បច្ចុប្បន្ន​សព​យុវជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​មក​ផ្ទះ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕