អ្នកចេះសង្ឃឹមជាប់ ! បេក្ខជន​ប្រលង​ជិត​១ពាន់​នាក់​យក​តែ​១៩០​នាក់​

ខេត្តកំពង់ចាម​ ៖ ការ​ជ្រើសរើស​មន្ត្រី​នគរបាល​ជាតិពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ចេះ​តែ​មាន​សភាព​តឹង​រឹងសំដៅ​ដើម្បី​ពង្រឹងគុណភាព ដើម្បី​ឲ្យ​ប្រទេស​ជាតិ​មានការ​រីក​ចម្រើន ។ ដោយឡែក​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​តុលា ឆ្នាំ២០១៦​ នៅ​វិទ្យាល័យ​ព្រះ​សីហ​នុ ក្រុង​កំពង់ចាម មាន​បេក្ខជន​-​បេ​ក្ខ​នារី​ចំនួន​៨៩២​នាក់ មក​មក​ចូលរួមប្រលង​មក​ពី​តាម​បណ្តា​ស្រុក​ក្រុង​នានា​ក្នុង​ខេត្ត សម្រាប់​លទ្ធផល​វិញ​គឺ​យក​តែ​១៩០ នាក់​ប៉ុណ្ណោះ ។

ក្នុង​ពេល​ដែល​ធ្វើ​ជា​សាក្សី​បើក​ហឹប​ដាក់​វិញ្ញាសារ គឺ​មានការ​ចូលរួម​ពី​នាយ​ឧត្តម​សេនី​យ៍ សេង ផ​ល្លី ប្រធាន​បណ្ឌិត្យសភា​នគរបាល​កម្ពុជា និង​លោក​ជឹ​ម លាវ អភិបាលរង​ខេត្ត ។

បេក្ខជន​ឈ្មោះ ឯក ចាន់​ធានី មក​ពី​ស្រុក​ស្រី​សន្ធរ ប្រាប់​ឲ្យ​ដឹង​ថា សម្រាប់​មុខ​វិជ្ជា​ដែល​នឹង​ត្រូវ​ប្រ​ឡង​នេះ​មាន​វិញ្ញាសារ​ដូច​ជា វប្បធម៌​ទូទៅ និង​កិច្ចការរដ្ឋបាល ហើយ​មូលហេតុ​ដែល​រូបគេ​ចង់​ក្លាយទៅ​ជា​មន្ត្រី​នគរបាល​ជាតិ​ម្នាក់ ដោយសារ​តែ​ចង់​ឲ្យ​ប្រទេស​ជាតិ​មាន​ការ​រីក​ចម្រើន ហើយ​ប្រជាពលរដ្ឋចេះ​គោរព​ច្បាប់​ឲ្យ​បាន​គ្រប់​ៗ​គ្នា ។ សម្រាប់​ក្តី​សង្ឃឹម​របស់​គេ​គឺ​៨០​%នឹង​ត្រូវ​ប្រឡង​ជាប់ ។

លោក​ឧត្តម​សេនី​យ៍​ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​មាន​ប្រសា​ស​ន៍​ឲ្យ​ដឹង​ថា ​ចំពោះ​បេក្ខជន​ទាំង​២ភេទ​ដែល​មក​ចួ​ល​រួម​ប្រឡង​ទៅ​តាម​បន្ទប់​នីមួយ​ៗ គឺ​មិន​អនុញ្ញាត​ឲ្យ​យក​ឯកសារ ​និង​គ្រឿង​អេ​ឡិច​ត្រូនិ​ច​ចូល​ក្នុង​បន្ទប់​ប្រឡង​ឡើយ ​ដូច​ជា​ទូរស័ព្ទ​ដៃ​ប្រសិនបើ​ចាប់​បាន​នោះនឹង​ត្រូវ​ដកហូត​ទុក​រយៈ​ពេល​មូ​យស​ប្តា​ហ៍ទើប​​ប្រគល់​ឲ្យ​វិញ ។

នាយ​ឧត្តម​សេនី​យ៍ ​សេង ផ​ល្លី ប្រធាន​បណ្ឌិត្យសភា​នគរបាល​កម្ពុជា មាន​ប្រសា​ស​ន៍​ឲ្យ​ដឹង​ថា ​រូប​លោក​មកនេះ​រួម​ជាមួយនឹង​លោក​អភិបាលខេត្ត ដើម្បី​ជា​អធិបតី​ ឬ​សាក្សី​បើក​វិញ្ញាសារ​ប្រលង ​។ ​ហើយ​គណៈកម្ម​ការ​កណ្តាល​មាន​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ធ្វើការ​ណែនាំឲ្យ​ធ្វើ​វិញ្ញាសារ​ប្រឡង​សម្រាប់​ឆ្នាំ​២០១៦ឲ្យ​មាន​ភាព​ត្រឹមត្រូវ ​និង​ច្បាស់លាស់ ។  

នាយ​ឧត្តម​សេនី​យ៍ ​សេង ផ​ល្លី មាន​ប្រសា​ស​ន៍​បន្ត​ថា ​វិញ្ញាសារ​គឺត្រូវ​បាន​ធ្វើការ​វាយតម្លៃ​ស្រប​ទៅ​តាម​សមត្ថភាព​របស់​បេក្ខជនដែល​បាន​មក​ដាក់​ពាក្យ ។ សម្រាប់​ការជ្រើសរើស​មន្ត្រី​នគរបាល​ជាតិ​ថ្មី​ឆ្នាំ​២០១៦​នេះ យ៉ាង​ហោច​ណាស់​អ្នក​ដែល​បាន​ប្រឡង​ធ្លាក់​បាក់​ឌុ​ប
ឬមាន​សញ្ញាបត្រ​បាក់​ឌុ​ប​ឡើង ដែល​នឹង​មាន​សមត្ថភាព​ធ្វើ​វិ​ញ្ញា​ប្រឡង​បាន ។

សូម​បញ្ជា​ក់ថា សម្រាប់​នៅ​ឆ្នាំ​២០១៦​នេះ ទូ​ទាំង​ប្រទេស​នៅ​តាម​បណ្តា​ខេត្ត​-​ក្រុង​នានាគឺ​ត្រូវការ​ជ្រើស​រើស​ក្របខណ្ឌ​មន្ត្រី​នគរបាល​ជាតិ​បន្ថែម​ថ្មីចំនួន​៤៥៣៦​នាក់​បញ្ចូលទៅ​ក្នុង​ក្របខណ្ឌ​ក្រសួងមហាផ្ទៃ​តាមរយៈ​ការ​ប្រលងប្រជែង​ជ្រើសរើស ៕