ចាប់​បាន​ទៀត​ហើយ អ្នក​ញៀន​ថ្នាំ

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​នគរបាល​ចម្រុះ​មាន​កម្លាំង​អន្តរាគមន៍ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បាន​ចុះ​បង្ក្រាប​ករណី​រក្សា​ទុក និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​ចំនួន​ពីរ​កន្លែង​ផ្សេង​គ្នា​ក្នុង​ក្រុង​សៀមរាប ឃាត់ខ្លួន​បាន ជនសង្ស័យ​ចំនួន​០៤​នាក់​ជា​បន្តបន្ទាប់ និង​ដកហូត​បាន​វត្ថុ​តាង​គ្រឿងញៀន​មួយ​ចំនួន រួច​បញ្ជូន​មក​កាន់​ការិយាល័យ​ជំនាញ ដើម្បី​សួរនាំ និង​បន្ត​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​។

ហេតុការណ៍​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​គ្រឿងញៀន​នេះ​ធ្វើ​ឡើង​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃ​ទី​០៦ និង​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០១៦ ស្ថិត​នៅ​ក្នុង​សង្កាត់​ស្ល​ក្រាម និង​សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខណៈ​ពួក​គេ​បាន​ចែកចាយ​នៅ​តាម​ផ្លូវ​សាធារណៈ ។

លោក​វរសេនីយ៍ទោ អ៊ុំ សា​អាត នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​នគរបាល​ចម្រុះ​ឃាត់ខ្លួន​បាន​មាន នៅ​ភូមិ​ស្ល​ក្រាម សង្កាត់​ស្ល​ក្រាម ខេត្តសៀមរាប ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០២​នាក់​, នៅ​ភូមិ​តា​ភុល សង្កាត់​ស្វាយ​ដង្គុំ ខេត្តសៀមរាប ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០២​នាក់​។

បច្ចុប្បន្ន ជនសង្ស័យ​ចំនួន​៤​នាក់ និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​បញ្ជូន ទៅ​សាលាដំបូង​ខេត្តសៀមរាប នៅ​រសៀល​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០១៦ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ដោយ​ផ្អែក​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ឆ្លើយ​ថា ពួក​គេ​ពិតជា​បាន​រក្សា​ទុក និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​ពិតប្រាកដ​មែន​៕