សមត្ថកិច្ច​ខេត្ត​អត់​បង្ក្រាប នគរបាល​ក្រសួងមហាផ្ទៃ​ទៅ​បង្ក្រាប​ដល់​ក្បែរ​ប៉ុស្តិ៍

ខេត្តកំពង់ស្ពឺ ៖ សមត្ថកិច្ច​នគរបាល​ក្រសួងមហាផ្ទៃ​ឆ្មក់​បង្ក្រាប​ទីតាំង​ហ្គេ​ម​បាញ់​ត្រី​នៅ​ក្បែរ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​វ​ល្លិ៍​ស ចាប់​បាន​តែ​ម្ចាស់ផ្ទះ​ជួល ឯ​ម្ចាស់​ហ្គេ​ម​បាន​រត់គេច​ខ្លួន​បាត់ ខណៈ​ដែល​ទីតាំង​ហ្គេ​ម​បាញ់​ត្រី​ដុះ​ស្លែ​មួយ​នេះ​គ្មាន​សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ​ណា​ធ្វើការ​បង្ក្រាប​សោះ ដោយសារ​តែ​មាន​មន្ត្រី​នគរបាល​ខេត្ត​ម្នាក់​កាង ។

ហេតុការណ៍​នគរបាល​ក្រសួងមហាផ្ទៃ​ឆ្មក់​ចាប់​ទូរ​ហ្គេ​ម​បាញ់​ត្រី​ដុះ​ស្លែ​មួយ​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០១៦ នៅ​ក្បែរ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​វ​ល្លិ៍​ស ស្ថិត​នៅ​ក្នុងភូមិ​ចំបក់ ឃុំ​វល្លិ​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

ប្រភព​ពី​នគរបាល​ក្រសួងមហាផ្ទៃ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ដែល​ជួល​ឲ្យ​គេ​ដាក់​ល្បែង​ហ្គេ​ម​បាញ់​ត្រី​ឈ្មោះ សាន រឺ​ន ភេទ​ស្រី អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ ត្រូវ​បាន​គាត់​ខ្លួន​ដើម្បី​ធ្វើការ​សាកសួ ។

ប្រភព​បន្ត​ថា បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា មាន​ទីតាំង​ហ្គេ​ម​បាញ់​ត្រី​ដាក់​លេង​ជា​យូរ​ខែ​ណាស់​មក​ហើយ​ដែល​ពង្វក់​សិស្សានុសិស្ស​មិន​ឲ្យ​ចូល​សាលា និង​មាន​ខ្នងបង្អែក​គ្រាក់​ៗ​នៅ​ពីក្រោយ​ខ្នង​ទៀត​នោះ កម្លាំង​នគរបាល​ក្រសួង​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ចុះ​ទៅ​បង្ក្រាប​តែ​ម្តង ។

បើ​តាម​សម្តី​របស់​ឈ្មោះ សាន រឺ​ន ជា​ម្ចាស់ផ្ទះ​ជួល​ខាងលើ​បាន​និយាយ​ប្រាប់​ក្រុម​អ្នកកាសែត​ឲ្យ​ដឹង​ថា គាត់​បាន​ជួល​ផ្ទះ​ខាងក្រោម​ផ្នែក​ខាងក្រោយ​ឲ្យ​ទៅ​ឈ្មោះ ស្រី នាង អាយុ​ប្រហែល​៣៤​ឆ្នាំ រស់នៅ​ក្នុងភូមិ​រំលោង​ប្រ​ឃ្លះ សង្កាត់​សុ​ព័រ​ទេព ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ដាក់​ហ្គេ​ម​បាញ់​ត្រី​ក្នុង​១​ខែ​១០០​ដុល្លា ហើយ​ស្រី​នាង​បាន​និយាយ​ប្រាប់​គាត់​ថា កុំ​បារម្ភ​អី​គ្មាន​អ្នក​ណា​ហ៊ាន​ចាប់​ទេ បើ​គេ​ចាប់​រូបគេ​ជា​អ្នក​ដោះស្រាយ ។ ដោយ​ជឿ​នឹង​សម្តី​របស់​ស្រី​នាង​ដែល​អះអាង​ថា​គ្មាន​រឿង​អ្វី​ដោយសារ​តែ​គេ​បាន​ត្រូវរ៉ូវ​ជាមួយ​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ រួម​និង​អាជ្ញាធរ​មូលដ្ឋាន​អស់ហើយ​នោះ ។

ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​លួច​បង្ហើប​ប្រាប់​ថា ទីតាំង​ហ្គេ​ម​បាញ់​ត្រី​នេះ​លួចលាក់​ពង្វក់​សិស្សសាលា​ជា​យូរ​ខែ​ណាស់​មក​ហើយ​ម្ចាស់​ហ្គេ​ម​នេះ​មាន​ខ្នង​ធំ​ៗ​ណាស់ ថែម​ទាំង​មាន​មន្ត្រី​នគរបាល​ខេត្ត​ម្នាក់​ជា​អ្នក​កាង​ទៀត​ផង ហើយ​ទីតាំង​នេះ​នៅ​មិន​ឆ្ងាយ​ពី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​វ​ល្លិ៍​សទៀត​ផង សង្ស័យ​អស់លោក​សមត្ថកិច្ច​មូលដ្ឋាន​ឃុំ អធិការ​ស្រុក​សំរោង​ទង រួម​នឹង​សមត្ថកិច្ច​ទូរ​ទាំង​ខេត្តកំពង់ស្ពឺ​ទទួល​លាភ​សក្ការ​ពី​ម្ចាស់​ទីតាំង​ខាងលើ​ដែរ​ហើយ​ទើប​មិន​បង្ក្រាប​បែប​នេះ សំណាង​ហើយ​នេះ​បាន​នគរបាល​ក្រសួងមហាផ្ទៃ​លោក​ធ្វើការ​បង្ក្រាប​ទាន់​ពេល ៕