សាមណេរ​នៅ​ស្រុក​ស​ន្ទុ​ក មកដល់​​ភ្នំពេញ​បែរជា​ធ្វើ​បែប​នេះ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​៦​នាក់ ក្នុង​នោះ​មាន​ម្នាក់​គ្រង​ស្បង់​ចីវរ​ជា​សង្ឃ​ត្រូវ​កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០១៦ ខណៈ​ពេល​ប្រមូលផ្តុំ​គ្នា​ប្រើប្រាស់​គ្រឿងញៀន​នៅផ្ទះ​មួយ​កន្លែង​តាម​មាត់ទន្លេ ក្នុងភូមិ​ក សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ ។

មន្ត្រី​នគរបាល​ខណ្ឌឫស្សីកែវ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មាន ១-​ឈ្មោះ ឈឹ​ម រស់​សុ​ភ័ក្ត្រ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​, ២-​ឈ្មោះ ហ៊ីង លី​ណា ភេទ​ប្រុស អាយុ​២០​ឆ្នាំ​, ៣-​ឈ្មោះ អេ​ង ម៉េ​ង​ហុង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​, ៤-​ឈ្មោះ លន់ វ​ឌ្ឍ​នា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​សាមណេរ​គង់នៅ​ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ​, ៥- ឈ្មោះ សេន ម៉ាត់​ហ្សេ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ និង ៦-​ឈ្មោះ ស្រី សុខ​សិរី​ពង្ស​វឌ្ឍនៈ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ។ ខណៈ​ពេល​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​បាន​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​១​កញ្ចប់ និង​ម៉ូតូ​២​គ្រឿង ១​គ្រឿង​ម៉ាក ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 1B-3243 និង​១​គ្រឿង​ទៀត​ម៉ាក ស្មាស់​រេ​វ៉ូ ស៊េរី​ឆ្នាំ​២០០៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1W-6358 ។

មន្ត្រី​នគរបាល​ខណ្ឌឫស្សីកែវ​ឲ្យ​ដឹង​ទៀត​ថា ដោយ​មានការ​ស្រាវជ្រាវ​អស់​រយៈពេល​ជា​យូរ សមត្ថកិច្ច​ក៏​ឈាន​ទៅ​ឆែកឆេរ​លំនៅ​ឋាន​មួយ​កន្លែង​ខាងលើ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ដែល​ប្រមូលផ្តុំ​គ្នា​ប្រើប្រាស់​គ្រឿង​ញៀ​ង​តែ​ម្តង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ឲ្យ​ដឹង​ថា មុន​ពេល​ចាប់ខ្លួន​ពួក​គេ​បាន​នាំ​គ្នា​ទៅ​ទិញ​ថ្នាំ​ញៀន​នៅ​ម្តុំ​រោងចក្រ​ឆ្នាំង​ក្នុង​សង្កាត់​បឹង​ក​កក់​ទី​២ ខណ្ឌ​ទួល​គោ​គ ក្នុង​តម្លៃ​១​កញ្ចប់​៣៥០០០​រៀល​យក​មក​ប្រើប្រាស់​ក៏​ត្រូវ​សមត្ថកិច្ច​ចុះ​ទៅ​ឃាត់ខ្លួន​តែ​ម្តង ៕