Sharapova នឹង​ចូល​ប្រកួត​វិញ​នៅ​ខែមេសា បន្ទាប់​ពី​តុលាការ​កាត់​បន្ថយ​ការ​ពិន័យ

កីឡាការិនី​វាយ​កូន​បាល់​សញ្ជាតិ​រុ​ស្ស៊ី​Maria Sharapova រីករាយ​ឡើង​វិញ បន្ទាប់​ពី​តុលាការ​កីឡា​សម្រេច​កាត់​បន្ថយ​ការ​ដាក់​ពិន័យ​មក​លើ​រូប​នាង​មក​ត្រឹមតែ​១៥​ខែ​ប៉ុណ្ណោះ ក្រោយ​ពី​រក​ឃើញ​ថា នាង​មិន​បាន​ប្រើប្រាស់​សារធាតុ​ញៀន​ដោយ​ចេតនា​នោះ​ឡើយ ។

អតីត​ម្ចាស់​ពានរង្វាន់​Grand Slam ៥​ជំនាន់​រូប​នេះ​រំពឹង​ថា នឹង​មានឱកាស​ចូលរួម​ប្រកួត​វិញ​បាន​នៅ​ខែមេសា​ឆ្នាំ​២០១៧​ខាង​មុខ​នេះ ។  គួរ​រំលឹក​ថា កីឡាការិនី​វ័យ​២៩​ឆ្នាំ​រូប​នេះ ត្រូវ​បាន​តុលាការ​កីឡា​ដាក់​បម្រាម​មិន​ឱ្យ​ចូលរួម​ប្រកួត​រយៈពេល​២​ឆ្នាំ បន្ទាប់​ពី​ពិនិត្យ​ឃើញ​ថា​នាង​បាន​ប្រើប្រាស់​សារធាតុ​ញៀន​អំឡុង​ពេល​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​Australian Open កាលពី​ខែមករា​កន្លង​មក ៕