អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​អ្នកស្រី រ៉ូណា ស្មីត មក​ដល់​ប្រទេស​កម្ពុជា

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា គឺ​អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បាន​មក​ដល់​ប្រទេស​កម្ពុជា ហើយ​នៅ​រសៀល​ថ្ងៃ​ទី​៩ តុលា។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​សហប្រជាជាតិ នៅ​ថ្ងៃ​ទី​៧ តុលា សរសេរ​ថា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) នឹង​ស្នាក់​នៅ​កម្ពុជា រយៈពេល ១០​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​២០ ខែ​តុលា នេះ។

ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី រ៉ូណា ស្មីត មក​កម្ពុជា ជា​ទស្សនកិច្ច​ផ្លូវ​ការ​ក្នុង​អាណត្តិ​ការងារ​របស់​អ្នកស្រី ដើម្បី​ពិនិត្យ​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស និង​តាមដាន​ការ​អនុវត្ត​អនុសាសន៍ ដែល​អ្នកស្រី​ដាក់​ជូន​រាជ​រដ្ឋាភិបាល​សម្រាប់​ការ​កែលំអ​ស្ថានភាព​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ឲ្យ​បាន​ប្រសើរ​ឡើង។

ប្រធានបទ​សម្រាប់​ទស្សនកិច្ច​មក​កម្ពុជា លើក​នេះ គឺ​អ្នកស្រី រ៉ូណា ស្មីត នឹង​ពិនិត្យ​មើល​ស្ថានភាព​នយោបាយ​ទូទៅ និង​ទិដ្ឋភាព​ផ្សេងៗ​នៃ​ការ​រើសអើង។ អ្នកស្រី​នឹង​វាយ​តម្លៃ​អំពី​សិទ្ធិ​របស់​ក្រុម​ជន​ភាគតិច និង​ក្រុម​ជន​ទន់​ខ្សោយ​នៅ​កម្ពុជា។ អ្នកស្រី​ក៏​គ្រោង​ជួប​មន្ត្រី​រាជ​រដ្ឋាភិបាល ទូត និង​អង្គការ​សង្គម​ស៊ីវិល ដែល​ពាក់ព័ន្ធ​នឹង​ប្រធានបទ​របស់​អ្នកស្រី ក្នុង​នោះ​អ្នកស្រី​ក៏​នឹង​ជួប​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក កែវ រ៉េមី ដែរ ប៉ុន្តែ​កម្មវិធី​លម្អិត​នៅ​មិន​ទាន់​មាន​នៅ​ឡើយ​ទេ។

អ្នកស្រី រ៉ូណា ស្មីត ត្រូវ​បាន​អង្គការ​សហប្រជាជាតិ តែងតាំង​ជា​អ្នក​រាយការណ៍​ពិសេស​ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា នៅ​ខែ​មីនា ឆ្នាំ​២០១៥។ ចាប់​តាំង​ពី​ពេល​នោះ​មក អ្នកស្រី​តែងតែ​មក​ប្រទេស​កម្ពុជា ហើយ​ធ្វើ​របាយការណ៍​ប្រចាំ​ឆ្នាំ​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស ដាក់​ជូន​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ។ អ្នកស្រី រ៉ូណា ស្មីត នឹង​បង្ហាញ​របាយការណ៍​បន្ទាប់​របស់​អ្នកស្រី ជូន​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​ទៀត​នៅ​ក្នុង​ខែ​កញ្ញា ឆ្នាំ​២០១៧ ខាង​មុខ។

នៅ​ពេល​បញ្ចប់​ទស្សនកិច្ច​លើក​នេះ អ្នកស្រី រ៉ូណា ស្មីត នឹង​ធ្វើ​សន្និសីទ​កាសែត​អំពី​លទ្ធផល​ទស្សនកិច្ច​របស់​អ្នកស្រី​នៅ​កម្ពុជា ក្នុង​រយៈពេល ១០​ថ្ងៃ នៅ​រសៀល​ថ្ងៃ​ទី​១៩ តុលា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។