មន្ទីរ​សារ​ធា​រណៈការ​ខេត្ត បញ្ជូន​មន្ត្រី និង​កម្មករ​ទៅ​ទប់​ជំនន់​ទឹកភ្លៀង​លិច​ផ្លូវជាតិ​លេ​ខ៥

ខេត្តកំពង់ឆ្នាំង ៖ លោក កែវ ពៅ ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០១៦​នេះ បាន​ដឹកនាំ​មន្ត្រី និង​កម្មករ​របស់​មន្ទីរ​សាធារណៈការ​ខេត្ត យក​រថយន្ត​ដឹក​ដី​ទៅ​ចាក់​ទប់ ជំនន់​ទឹកភ្លៀង ហូរ​កាត់​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​៥០ និង​លេខ​៥១ ចំណុច​មុខ​វត្ត​លាជ ស្ថិត​ក្នុងភូមិ​តា​កុ​ល ឃុំ​ពា​នី ស្រុក​កំពង់ត្រឡាច ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​យានយន្ត​គ្រប់​ប្រភេទ​។

បើ​តាម​លោក ម៉ាត់ លី អធិការ​ស្តីទី​ស្រុក​កំពង់ត្រឡាច​បានអោយ​ដឹង​ថា មន្ត្រី​នគរបាល​របស់​លោក​ក៏​បាន​ចូលរួម​សហការ​សម្រួល​ចរាចរណ៍​ដែរ ព្រោះតែ​ផ្លូវជាតិ​ដែល​លិច​ដោយ​ជំនន់​ទឹកភ្លៀង​មាន​ប្រវែង​ជាង​១០០​ម៉ែត្រ និង​មាន​ជម្រៅ​កន្លែង​ខ្លះ​ជាង​កន្លះ​ម៉ែត្រ​។

បើ​ទោះបី​បែប​នេះ​ក្តី ក្រោយ​ពី​ការ​ចាក់​ដី ទប់​ជា​ទំនប់ រួច​មក គឺ​អាច​ធ្វើ​ចរាចរណ៍​បាន​។ លោក​បាន​បន្ត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែតុលា​នេះ ទឹកបាន​ស្រក​ទៅ​វិញ​ហើយ ប៉ុន្តែ​មិន​ច្បាស់​ថា ទឹកនឹង​មិន​ជន់​ឡើង​វិញ​នោះ​ទេ បើ​មាន​ភ្លៀង​នៅ​ប៉ែក​ខាងលើ គឺ​ខាង​ស្រុក​សាមគ្គី​មាន​ជ័យ ទឹកនឹង​ជន់​ជា​ថ្មី​ទៀត​។ សូម​រំលឹក​ថា នេះ​ជា​ជំនន់​ទឹកភ្លៀង​លិច​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ខាងលើ​ជា​លើក​ទី​២​ហើយ បន្ទាប់​ពី​កាលពី​ជាង​១០​ថ្ងៃមុន​បាន​ជន់​លិច​ម្តង​ដែរ​៕