កន្លែង​ស្តុក និង​លក់​ឈើ​ខុសច្បាប់​២​កន្លែង ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​បង្ក្រាប

ខេត្តកំពង់ធំ ៖ ផ្ទះ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​ឡើង​ដុះ​ស្លែ​២​កន្លែង ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​ដែល​ដឹកនាំ​ដោយ​លោក តុង យី នាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ធំ លោក សៅ វណ្ណ​នី នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សណ្តាន់ និង​លោក ឃី​ម សុខ​ឃាង អភិបាលរង​ស្រុក​ប្រាសាទ​សំបូរ កម្លាំង​នគរបាល កងរាជអាវុធហត្ថ និង​កម្លាំង​សឹក​រង​ស្រុក ដោយ​ទទួល​បាន​បទបញ្ជា​ពី​លោក អ៊ិ​ត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ បាន​ចុះ​បង្ក្រាប​ទីតាំង​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​ចំនួន​២​កន្លែង​នៅ​ស្រុក​ប្រាសាទ​សំបូរ​។

ជុំវិញ​នៃ​ការ​បង្ក្រាប​បទល្មើស​ខាងលើ​នេះ លោក សៅ វណ្ណ​នី នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សណ្តាន់ បាន​ប្រាប់​កោះសន្តិភាព នៅ​រសៀល​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០១៦​នេះ​ថា ផ្ទះ​ដែល​បាន​លួចលាក់​រកស៊ី​ឈើ​ខុស​ចំនួន​២​កន្លែង​ដែល​ត្រូវ​កម្លាំង​ចម្រុះ​បាន​ធ្វើការ​ចុះ​បង្ក្រាប​បាន​នេះ​គឺ បាន​ប្រើ​រយៈពេល​២​ថ្ងៃ​មក​ហើយ នៅ​ថ្ងៃ​ទី​០៧ និង​ទី​០៨ ខែតុលា ឆ្នាំ​២០១៦ ស្ថិត​នៅ​ក្នុងភូមិ​ឈូក​ស្ទឹង ឃុំ​ឈូក ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ដែល​មាន​ម្ចាស់​ទី​១.​ឈ្មោះ មុត ផា​ន ភេទ​ប្រុស និង​ទី​២.​ឈ្មោះ សាត ចិន ភេទ​ប្រុស អ្នក​ទាំង​២​នាក់​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

បើ​តាម​របាយការណ៍​ដែល​ខាង​លោក​ទទួល​បាន​ពី​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​២​នាក់​នេះ ពួក​គេ​រកស៊ី​ឈើ​ខុសច្បាប់​ជា​យូរ​មក​ហើយដោយ​បន្លំ​ថា​ទិញ​យក​មក​ធ្វើ​ផ្ទះ តែ​ពេល​នេះ​ត្រូវ​បង្ក្រាប​បាន​ទើប​បែក​ការណ៍​។ នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​នេះ កម្លាំង​របស់​យើង​រឹបអូស​បាន​នូវ​ឈើ​ប្រភេទ​លេខ​២​រួម​មាន ឃ្នាប ក្តារ និង​សសរ​សរុប​ចំនួន​១៦,៤២១​ម៉ែត្រគូប ដឹក​យក​ទៅ​រក្សា​ទុក​នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ប្រាសាទ​សំបូរ ដើម្បី​ឲ្យ​ម្ចាស់​ចូលខ្លួន​មក​ទទួល​ការ​ផាកពិន័យ​ទៅ​តាម​ផ្លូវច្បាប់​៕