អង្គ​ជំនុំ​ជម្រះ​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម​នឹង​បន្ត​សវនាការ​ឡើង​វិញ​នៅ​ថ្ងៃ​ច័ន្ទ ទី​១០ តុលា

សាលា​ក្ដី​ខ្មែរ​ក្រហម ប្រកាស​ថា អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង នឹង​បន្ត​ធ្វើ​សវនាការ​លើ​សំណុំ​រឿង ០០២ វគ្គ​២ បន្ត​ទៀត​នៅ​ថ្ងៃ​ច័ន្ទ ទី​១០ តុលា។ សវនាការ​បន្ត​នេះ គឺ​ស្រប​ពេល​ដែល​ជំនន់​ទឹក​ភ្លៀង​នៅ​លិច​នៅ​បរិវេណ​សាលា​ក្ដី​នេះ​នៅ​ឡើយ។

មន្ត្រី​សាលា​ក្ដី​ខ្មែរ​ក្រហម ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩ តុលា ថា ជំនន់​ទឹក​ភ្លៀង​ដែល​នៅ​លិច​បរិវេណ​សាលា​ក្ដី​ខ្មែរ​ក្រហម លែង​ជា​បញ្ហា​រារាំង​ដល់​ដំណើរ​ការ​សវនាការ​សាលា​ដំបូង​ទៀត​ហើយ។

មន្ត្រី​នាំ​ពាក្យ​សាលា​ក្ដី​ខ្មែរ​ក្រហម លោក នេត្រ ភក្ដ្រា មាន​ប្រសាសន៍​ថា សវនាការ​ដែល​អាច​បន្ត​ទៅ​បាន​នៅ​នៅ​ថ្ងៃ​ច័ន្ទ ទី​១០ តុលា នេះ គឺ​ដោយសារ​តែ​សាលា​ក្ដី​សង់​ស្ពាន​បណ្ដោះអាសន្ន​សម្រាប់​ឲ្យ​បុគ្គលិក និង​ចៅក្រម​ដើរ​ឆ្លង​ទៅ​សាល​សវនាការ​បាន៖ «រហូត​មក​ដល់​ពេល​នេះ គឺ​ស្ថានភាព​នៅ​ជុំវិញ​បរិវេណ​សាលា​ក្ដី​ខ្មែរ​ក្រហម គឺ​នៅ​ខ្ពស់​ដដែល ប៉ុន្តែ​មាន​ការ​ស្រក​ចុះ​បន្តិច ហើយ​ការ​សាងសង់​ស្ពាន​ឈើ និង​ដាក់​បាវ​ខ្សាច់​ដើម្បី​សម្រួល​ដល់​មន្ត្រី​បុគ្គលិក ដែល​បំពេញ​ការងារ​នៅ​សាលា​ក្ដី​ខ្មែរ​ក្រហម គឺ​ការ​សាងសង់​រួច​រាល់។ អ៊ីចឹង​ដំណើរ​ការ​សវនាការ​របស់​តុលាការ​ទាំងមូល នឹង​ចាប់​ផ្ដើម​ជា​ធម្មតា​ឡើង​វិញ​នៅ​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០១៦»

បញ្ហា​ជំនន់​ទឹក​ភ្លៀង​នៅ​បរិវេណ​សាលា​ក្ដី​ខ្មែរ​ក្រហម បណ្ដាល​ឲ្យ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ផ្អាក​សវនាការ​ចាប់​តាំង​ពី​ថ្ងៃ​ទី​៤ តុលា មក ដោយសារ​តែ​បុគ្គលិក និង​ក្រុម​ចៅក្រម​មិន​អាច​ចេញ​ចូល​ទៅ​កន្លែង​ធ្វើ​ការ និង​សាល​សវនាការ​បាន។ បរិវេណ​ខ្លះ​នៃ​សាលា​ក្ដី​នេះ មាន​ទឹក​ជន់​លិច​ប្រមាណ​កន្លះ​ម៉ែត្រ។

លោក នេត្រ ភក្ដ្រា បញ្ជាក់​ជា​ថ្មី​ថា សវនាការ​នៅ​ថ្ងៃ​ទី​១០ តុលា អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នឹង​ស្ដាប់​ការ​សួរ​ដេញដោល​ភស្តុតាង​ក្នុង​អង្គ​ហេតុ​រៀបការ​ដោយ​បង្ខំ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម៖ «អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង នឹង​បន្ត​ដំណើរ​ការ​សវនាការ​លើ​សំណុំ​រឿង ០០២ វគ្គ​២ របស់​ខ្លួន​បន្ត​ទៀត ដោយ​ផ្ដោត​លើ​ការ​ស្ដាប់​អង្គ​ហេតុ​ដែល​ផ្ដល់​ដោយ​អ្នក​ជំនាញ​មួយ​រូប ដែល​ពាក់ព័ន្ធ​នឹង​អង្គ​ហេតុ​ការ​រៀប​អាពាហ៍ពិពាហ៍​ដោយ​បង្ខំ និង​ការ​រំលោភ​សេពសន្ថវៈ​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ»

អង្គ​ហេតុ​នេះ ជា​បទ​ចោទ​ប្រកាន់​សំណុំ​រឿង ០០២ វគ្គ​២ ប្រឆាំង​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន ដែល​អតីត​ជា​មេ​ដឹកនាំ​ជាន់​ខ្ពស់​នៃ​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។

ទោះ​បី​ជា​សវនាការ​អាច​បន្ត​ជា​ធម្មតា​ឡើង​វិញ​នៅ​ថ្ងៃ​ទី​១០ តុលា ក្ដី ក៏​សាលា​ក្ដី​ខ្មែរ​ក្រហម​មិន​អាច​អនុញ្ញាត​ឲ្យ​សាធារណជន​ចូលរួម​តាមដាន​សវនាការ​ដោយ​ផ្ទាល់​ដូច​មុន​បាន​ទេ ព្រោះ​ជំនន់​ទឹក​ភ្លៀង​លិច​នៅ​មាន​កម្រិត​ខ្ពស់ ហើយ​សាលា​ក្ដី​មិន​មាន​ផ្លូវ​សុវត្ថិភាព​សម្រាប់​ទទួល​សាធារណជន និង​ឲ្យ​ចូល​ទៅ​សាល​សវនាការ​បាន​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។