ណីម៉ា បែក​ឈាម​ពេញ​មុខ ព្រោះ​«ក្អេងក្អាង»​ក្នុង​ការ​ប្រកួត

កីឡាករ យ៉ាស្មានី ឌុក (Yasmani Duk) ខ្សែការពាររបស់ក្រុមជម្រើសជាតិ នៃប្រទេសបូលីវី ដែល​បាន​គ្រវាស​ដៃ បណ្ដាល​ឲ្យ​កីឡាករ ណីម៉ា (Neymar) កីឡាករ​អន្តរជាតិ​ប្រេស៊ីល រង​របួស​ចេញ​ឈាម​ នៅ​ពេញ​ផ្ទៃមុខ​នោះ បាន​ត្រឡប់​​មក​ថ្លែង នៅ​ចំពោះសារព័ត៌មានក្នុងស្រុក ពី​ហេតុការណ៍​នេះឡើងវិញ ដោយមិនបានសម្ដែង​ ការ​សោកស្ដាយ​សោះ​ឡើយ នូវ​កំហុស​របស់​ខ្លួន។ ផ្ទុយ​ទៅ​វិញ កីឡាករ​ជាតិ បូលីវី រូប​នេះ បាន​ថ្លែង​ចំអក ដោយ​ផ្ដល់​ជា​មេរៀន ទៅឲ្យ​កីឡាករ​ខ្សែ​ប្រយុទ្ធ របស់​ក្រុម បាសឺឡូន នោះ​ថែម​ទៀត។
កីឡាករ ណីម៉ា រងការគ្រវាសដៃ បណ្ដាឲ្យរបួសមុខធ្ងន់ធ្ងរ។

កាលបើលលេងជាមួយភ្លើង នោះលទ្ធផល​ដែលទទួលបាន គឺរលាកដៃដូច្នេះ។ នេះជាអ្វី ដែលកីឡាករ យ៉ាស្មានី ឌុក (Yasmani Duk) ទាត់នៅខ្សែការពារ ​របស់​ក្រុម​ជម្រើស​ជាតិ នៃប្រទេសបូលីវី ចង់ផ្លែផ្កា​ទៅ​ឲ្យ​កីឡាករ​អន្តរជាតិ របស់ក្រុមជម្រើសជាតិ នៃប្រទេសប្រេស៊ីល កកីឡាករ ណីម៉ា (Neymar) បន្ទាប់​ពី​ហេតុ​ការណ៍ ប៉ះទង្គិចគ្នាមួយ នៅក្នុងការប្រកួតរវាងក្រុមជម្រើសជាតិ ប្រេស៊ីល និងបូលីវី កាលពី​យប់​ថ្ងៃ​ព្រហស្បត្តិ៍​កន្លងមក។

នៅក្នុងការប្រកួត ដែលក្រុមប្រេស៊ីល ទទួលបានជ័យជំនះដ៏ធំធេងនោះ (៥ ទល់នឹង ០)កីឡាករខ្សែការពារ យ៉ាស្មានី ឌុក បានទៅដណ្ដើមបាល់ ពីកីឡាករ ណីម៉ា ខ្សែប្រយុទ្ធដ៏ល្បី របស់ក្រុមបាសឺឡូន ដែលពេលនេះ កំពុង​ទាត់ក្នុង​ក្រុម​​ជម្រើស​ជាតិ​ប្រេស៊ីល។ ប៉ុន្តែការដណ្ដើមបាល់នោះ បានបញ្ចប់ទៅ ដោយកីឡាករបូលីវី គ្រវាស​ដៃ​ស្ដាំ​របស់ខ្លួន ទៅចំកណ្ដាលមុខ របស់កីឡាករប្រេស៊ីល  បណ្ដាលឲ្យដាច់ចេញឈាម ហូរស្រោច​ពេញ​ផ្ទៃមុខ។

យ៉ាងណា កីឡាករ យ៉ាស្មានី ឌុក បានស្បថថា ខ្លួនមិនមានបំណង ក្នុងការឲ្យកីឡាករ ណីម៉ា រងរបួសនោះទេ។ ផ្ទុយទៅវិញ គឺកីឡាករខ្សែប្រយុទ្ធប្រេស៊ីល ទៅវិញទេ ដែលបាន«បង្ករឿង»។ កីឡាករជាតិ បូលីវី បានថ្លែង​ប្រាប់​សារព័ត៌មានក្នុងស្រុក នឹងត្រូវសារព័ត៌មានអេស្ប៉ាញ «AS» យកមកចុះផ្សាយបន្តថា៖ «ណីម៉ា មាន​ឫកពារ​ក្អេងក្អាងជ្រុល ជាមួយក្រុម របស់​យើង​ទាំង​អស់​គ្នា នៅក្នុងការប្រកួតនេះ។ អ្វីដែលខ្ញុំចង់បាន នៅ​ពេល​នោះ គឺរារាំងកុំឲ្យ ណីម៉ា អាចបណ្ដើរបាល់ទៅមុខបាន។ ជាអ្វី ដែលអាចកើតឡើង នៅក្នុងបាល់ទាត់ ដែល​ជា​កីឡា​មួយ ចាំបាច់មានការប៉ះគ្នា ទៅវិញទៅមក។ ខ្ញុំធ្លាប់រងការបាក់ច្រមុះលើកមុនដែរ តែគ្មាននរណា​និយាយ​អ្វី​ទេ។»។

កីឡាករ យ៉ាស្មានី ឌុក ដែលទាត់ឲ្យក្រុម «New York Cosmos» នៅអាមេរិកនោះ បានបន្ត​និយាយ​ផ្លែផ្កា​ឲ្យ​កីឡាករ ណីម៉ា ទៀត​ថា៖ «ដើម្បីក្លាយជាកំពូល​កីឡាករនៅក្នុងពិភពលោក ណីម៉ា មិនត្រូវមានចរឹតរបៀបនេះទេ ជាពិសេសត្រូវ​គោរព​កីឡាករ​គូប្រកួត»។

យើងរង់ចាំមើល ថាតើកីឡាករដ៏ល្បី ណីម៉ា នឹងស្ដាប់តាម«ការណែនាំ»នេះឬទេ? ឬមានប្រតិកម្មមកវិញ បែបណា? n'en parle."