ឃាត់ខ្លួន​អ្នក​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​៩​នាក់ និង​វត្ថុ​តាង

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​ខេត្ត បាន​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន និង​ប្រជាពលរដ្ឋ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណីជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន ខុសច្បាប់​មួយ​កន្លែង​ក្នុង​ក្រុង​សៀមរាប រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ ជា​បន្តបន្ទាប់​ចំនួន​៩​នាក់ រួច​បញ្ជូន​មក​កាន់​ការិយាល័យ​ជំនាញ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត ចាត់ការ​តាម​ផ្លូវច្បាប់​។

ហេតុ​ការ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១២​និង​០០​នាទី ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០១៦ ស្ថិត​នៅ​ចំណុច​ភូមិ​មណ្ឌល​បី សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខណៈ​ពួក​គេ​កំពុងធ្វើការ​ចែកចាយ​នៅ​តាម​ដងផ្លូវ​សាធារណៈ​។ តាម​ប្រភព​ពី​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ប្រាប់​ថា បន្ទាប់​ពី​មាន​សេចក្តី​រាយ​ការ​ពី​កម្លាំង​មូលដ្ឋាន និង​ប្រជាពលរដ្ឋ ដែល​បាន​សហ​ការណ៍​គ្នា​ល្អ ទើប​កម្លាំង​ជំនាញ​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​៩​នាក់ រួច​នាំ​យក​មក​ការិយាល័យ​ជំនាញ ដើម្បី​ធ្វើការ​សួរនាំ រួច​រៀបចំ​សំណុំរឿង បញ្ជូន​បន្ត​ទៅ​តុលាការ​។

ប្រភព​បាន​បន្ត​ទៀត​ថា ក្រោយ​ពី​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ទាំង​៩​នាក់ កម្លាំង​ជំនាញ​បាន​ដកហូត​វត្ថុ​តាង​រួម​មាន ម្សៅ​គ្រើម​ប្រភេទ​(​ម៉ា​ទឹកកក​) ចំនួន​១៤​កញ្ចប់ ស្មើ​ទម្ងន់​៥,១១​ក្រាម ទូរ​សព្ទ័​ដៃ​ចំនួន​១៤​គ្រឿង និង​ឧបករណ៍​ជក់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​។ បច្ចុប្បន្ន ជនសង្ស័យ ទាំង​០៩​នាក់ និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ រៀបចំ​កសាងសំណុំរឿង បញ្ជូន​ទៅ​តុលាការ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៦ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕