សំណាងល្អ​ពន្លត់​ទាន់​ពេល កុំ​អី​ឆេះ​ឃ្លាំង​ក្រដាសកាតុង​មួយ​បាត់

រាជធានី​ភ្នំពេញ ៖ ក្មេង​ៗ​មួយ​ក្រុម​បាន​នាំ​គ្នា​យក​ដែកកេះ ទៅ​ដុត​លេង​នៅ​ក្នុង​ស្តុក​ក្រដាសកាតុង​មួយ​កន្លែង បណ្ដាល​ឲ្យ​មាន​អគ្គី​ភ័យ​ឆាបឆេះ​ក្រដាសកាតុង​នៅ​ក្នុង​ឃ្លាំង​នោះ​យ៉ាង​សន្ធោសន្ធៅ ក្នុង​ខណៈ​ដែល​មិន​មាន​មនុស្ស​ចាស់​ធ្វើការ​នៅ​ទីនោះ​ឡើយ​។ ប៉ុន្តែ​សំណាងល្អ​ត្រូវ​បាន អ្នក​ជិតខាង​ជួយ​ដងទឹក​ដែល​លិច​ផ្លូវ មុខ​ឃ្លាំង​នោះ​ជះ​ពន្លត់ ហើយ​ក៏​មាន​រថយន្ត​ពន្លត់អគ្គីភ័យ ចេញ​ទៅ​ជួយ​បាញ់​ពន្លត់​ផង​ទើប​រលត់​ទៅ​វិញ គ្មាន​ការ​ឆេះ​រាលដាល​ពេញ​ឃ្លាំង​ទាំងមូល និង​រាល​ដល់​លំនៅ​ស្ថាន​នៅ​ក្បែរ​ៗ​នោះ​។

ហេតុការណ៍​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី រសៀល​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០១៦ ដែល​ឃ្លាំង​ខាងលើ​គ្មាន​យីហោ មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង ក្នុងភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ឃ្លាំង​នោះ​មាន​ទំហំ​ធំ ប៉ុន្តែ​មិនដឹង​ថា​មាន​ប៉ុន្មាន​ម៉ែត្រការ៉េ​នោះ​ទេ សាងសង់​ពី​ដែក​ប្រក់​ដំបូល​ស័ង្កសី និង​បិទ​បាំងជញ្ជាំង ដោយ​ស​ង្ក័​សី​មួយ​ផ្នែក និង​រៀប​ឥដ្ឋ​មួយ​ផ្នែក​។

ហើយ​នៅ​ក្នុង​នោះ​មាន​ផ្ទុក​ទៅ​ដោយ​ក្រដាសកាតុង​ជា​ច្រើន រួម​ជាមួយ​រាន​ឈើ សម្រាប់​តម្កល់​ក្រដាសកាតុង​ជា​ច្រើន​ទៀត​ផង​ដែរ​។ ខណៈនោះ​ត្រូវ​បាន​ភ្លើង​ឆាបឆេះ​អស់​មួយ​ចំនួន​ធំ ប៉ុន្តែ​មិនដឹង​ថា​គិត​ជា​ទឹកប្រាក់ ប៉ុន្មាន​នោះ​ឡើយ ដោយនៅ​មុន​ពេល​កើតហេតុ មិន​មាន​មនុស្ស​ចាស់​ធ្វើការ​នៅ​ក្នុង​នោះ​ទេ គឺ​មាន​តែ​ក្មេង​ៗ ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​លេង​នៅ​ក្នុង​នោះ ហើយ​ក្មេង​ៗ​ទាំងនោះ បាន​នាំ​គ្នា​យក​ដែកកេះ​ដុត​លេង ទើប​បណ្ដាល​ឲ្យ​មានការ​ឆាបឆេះ​ក្រដាសកាតុង យ៉ាង​សន្ធោសន្ធៅ​តែ​ម្ដង​។

ប្រភព​ដដែល​បាន​បន្ត​ថា ខណៈនោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​អ្នក​ជិតខាង​បាន​នាំ​គ្នា ជួយ​ដងទឹក ដែល​លិច​ផ្លូវ​មុខ​ឃ្លាំង​នោះ​ស្រាប់ ទៅ​ជះ​ពន្លត់ភ្លើង ចំណែក​ខាង​អាជ្ញាធរ​មូលដ្ឋាន បាន​នាំ​គ្នា​ចេញ​ទៅ​ជួយ អន្តរាគមន៍ ដោយ​នាំ​យក​រថយន្ត​ពន្លត់អគ្គីភ័យ ចំនួន​២​គ្រឿង​ទៅ​ជាមួយ​ផង ជួយ​បាញ់​ពន្លត់​រហូត​ភ្លើង​រលត់​ទៅ​វិញ​ភ្លាម​ៗ មិន​បាន​ឆេះ​ក្រដាសកាតុង និង​រាន​សម្រាប់​តម្កល់​កា​តុង​នៅ​ក្នុង​នោះ​ទាំងស្រុង​ឡើយ​។ ហើយ​ក៏​មិន​បាន​ឆេះ​រាលដាល​ដល់​លំនៅ​ស្ថាន​ដែល​ស្ថិត​នៅ​ជាប់​នោះ​ដែរ ជា​ពិសេស​មិន​បាន​បណ្ដាល​ឲ្យ​ក្មេង​ៗ​ទាំងនោះ​រងគ្រោះថ្នាក់​នោះ​ឡើយ​។ ទន្ទឹម​នឹង​នេះ​អាជ្ញាធរ​បាន​ក្រើនរំលឹក​ដល់ ម្ចាស់​ឃ្លាំង​ខាងលើ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​កុំ​ធ្វេសប្រហែស​ឲ្យ​កើត​មានរឿង​បែប​នឹង​ទៅ​ថ្ងៃក្រោយ​ទៀត​៕